ខេត្តសៀមរាប៖ ដេីម្បីទប់ស្កាត់បទល្មើសផ្សេងៗ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកចំនួន២ស្រុក កាលពីយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ បានចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ ត្រួតពិនិត្យគ្រឿងញៀន និងអប់រំណែនាំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅក្នុងភូមិសាស្រ្តខេត្តសៀមរាប។
ជាក់ស្ដែងក្នុងប្រតិបត្តិការនោះ ដោយអនុវត្តតាមការណែនាំរបស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ និងស្រុកសូទ្រនិគម បានចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ ត្រួតពិនិត្យគ្រឿងញៀន អប់រំណែនាំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យជាតិស្រវឹងលើអ្នកបើកបរយានយន្តគ្រប់ប្រភេទ និងធ្វើការអប់រំណែនាំដល់អ្នកបើកបរដែលដាក់តាំងភ្លើងបំភ្លឺផ្លូវខុសលក្ខណៈបច្ចេកទេស,ពាក់មួកការពារសុវត្ថិភាព និងខ្សែក្រវាត់សុវត្ថិភាពឲ្យបានត្រឹមត្រូវ គ្រប់ពេលដែលធ្វើដំណើរ ។
ដោយឡែកនៅព្រឹកថ្ងៃអង្គារទី៣១ ខែធ្នូ ឆ្នាំ២០២៤នេះ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី សឿន សេន ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច តំណាងលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ពិធីបុណ្យឆ្លងឆ្នាំសកល ២០២៥។
ក្នុងនោះដែលក៏មានការអញ្ជើញចូលរួមពី អង្គភាពនគរបាលការពារបេតិកភណ្ឌ អង្គភាពនគរបាលទេសចរណ៍ លោកស្នងការរង លោកនាយការិយាល័យ និងលោកអធិការនគរបាលក្រុង-ស្រុក ដែលពាក់ព័ន្ធផងដែរ ៕
ដោយ៖ តារា