ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិសន្តិបណ្ឌិត ស សុខា ត្រៀមបង្កើនមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ឱ្យបានតិចបំផុត១០នាក់ នៅឆ្នាំ២០២៥-២០២៦

ចែករំលែក៖

ភ្នំពេញ ៖ ទីស្ដីការក្រសួងមហាផ្ទៃ  ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមប្រចាំឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រកាសបង្កើនចំនួនកម្លាំងមន្ត្រីនគរបាល នៅតាមប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ យ៉ាងហោចណាស់តិចបំផុត១០នាក់ នៅឆ្នាំ២០២៥-២០២៦ ខាងមុខនេះ។ 

ប្រមុខក្រសួងមហាផ្ទៃកម្ពុជាបានកត់សម្គាល់ថា នាពេលបច្ចុប្បន្ន តាមបណ្តាប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់មួយចំនួន មិនទាន់មានមន្ត្រីគ្រប់គ្រាន់ និងសមមូលទៅនឹងចំនួនប្រជាពលរដ្ឋ ក៏ដូចជាភូមិសាស្ត្រដែលត្រូវគ្រប់គ្រងនៅឡើយទេ ប៉ុន្តែមន្រ្តីនគរបាលជាតិគ្រប់មូលដ្ឋាន បានខិតខំលះបង់ពេលវេលាលើសម៉ោងដែលច្បាប់កំណត់ បម្រើសេវាជូនប្រជាពលរដ្ឋ ទាំងការងារសន្តិសុខ និងការងាររដ្ឋបាល ព្រមទាំងសេវាសាធារណៈ ផ្សេងៗទៀត មិនថាថ្ងៃសម្រាកនោះទេ គឺមានតែធ្វើលើសថ្ងៃធម្មតានៅថ្ងៃមានបុណ្យជាតិ អន្តរជាតិ និងព្រឹត្តិការណ៍ផ្សេងៗ។

ពីវេទិកាអធិបតីនោះដែរ លោកអភិសន្តិបណ្ឌិត បានលើកឡើងអំពីការត្រៀមលក្ខណៈ និងវិធានការ ទប់ស្កាត់បញ្ហាគ្រឿងញៀន និងក្មេងទំនើង ដោយឯកឧត្តមបានសង្កេតឃើញថា នាពេលថ្មីៗនេះ ករណីក្មេងទំនើងហាក់មានការអន់ថយបន្តិច ក្រោយការអនុវត្ត និងយកចិត្តទុកដាក់ខ្ពស់ ពីមន្ត្រីកងកម្លាំង និងផ្នែកដែលពាក់ព័ន្ធ ក្រោមការបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ តែទោះជាយ៉ាងក៏ដោយ លោក បន្ថែមថា តទៅមុខទៀតបញ្ហានេះនៅតែបន្តកើតមាន ដែលទាមទារឱ្យមានការយកចិត្តទុកដាក់បង្រ្កាបឱ្យទាន់ពេលវេលា។ 

ជាមួយគ្នានេះ លោកអភិសន្តិបណ្ឌិត បានជំរុញឱ្យអាជ្ញាធរ និងកងកម្លាំងនគរបាលជាតិ បន្តយកចិត្តទុកដាក់ លើការផ្តល់សេវាសារធារណៈ ក្នុងដែនសមត្ថកិច្ចនគរបាល ជាពិសេសសេវាលិខិតស្នាមរដ្ឋបាល ដូចជាអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងលិខិតបញ្ជាក់ផ្សេងៗ ដើម្បីផ្ដល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ 

ក្នុងឱកាសនោះដែរ លោកអភិសន្តិបណ្ឌិតបានសម្ដែងនូវការកោតសរសើរ ដល់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ គ្រប់លំដាប់ថ្នាក់ ដែលខិតខំយកអស់កម្លាំងកាយចិត្ត ទ្រសភាពការណ៍ ស្របពេលដែលពិភពលោកមានការប្រែប្រួល ក្នុងព្រឹត្តិការណ៍ធំៗមួយចំនួន ទាំងកម្រិតជាតិ និងអន្តរជាតិក្នុងឆ្នាំ២០២៤ ជាពិសេសការគ្រប់គ្រងស្ថានការណ៍ ១៨សីហា និងការគ្រប់គ្រងបានដោយសុវត្ថិភាពក្នុងព្រះរាជពិធីបុណ្យអុំទូកនាពេលកន្លងទៅនេះ។

លោកអភិសន្តិបណ្ឌិត បានផ្តល់អនុសាសន៍មួយចំនួនដល់ស្នងការដ្ឋាននគរបាលជាតិ ត្រូវបន្តការពារឱ្យបានដាច់ខាតនូវខឿនសន្តិភាព អធិបតេយ្យជាតិ បូរណភាពទឹកដីការពារបាវចនាជាតិ និងរដ្ឋធម្មនុញ្ញ ធានាថែរក្សារឹងមាំនូវធ្លុងសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាតិ និងទប់ស្កាត់ការបង្កើតកម្លាំងប្រឆាំង  ឬក៏កម្លាំងប្រដាប់អាវុធខុសច្បាប់ណាមួយ ខិតខំចាត់វិធានការពង្រឹងសន្តិសុខផ្ទៃក្នុងអោយបានរឹងមាំ ធានាការពារប្រក្រតីភាពនៃដំណើការ និងការប្រព្រឹត្តទៅរបស់ស្ថាប័នជាតិ ធានាព្រះរាជសុវត្ថិភាពថ្វាយព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។ 

លោក ក៏បានជំរុញឱ្យខិតខំអនុវត្តចលនាគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីលើកកម្ពស់សុវត្ថិភាពសន្តិសុខសង្គម ប្រើប្រាស់គ្រប់វិធានការ និងមធ្យោបាយ  ខិតខំកាត់បន្ថយជាអតិបរមានូវគ្រោះថ្នាក់ចរាចរណ៍ បន្ដពង្រឹង និងអប់រំណែនាំដល់កងកម្លាំងអនុវត្តច្បាប់ដែលមានភារកិច្ចបម្រើសេវាផ្ទាល់ជូនប្រជាពលរដ្ឋដើម្បីកែប្រែឥរិយាបថធ្វើការងារផ្តល់សេវាតម្រូវការ និងសេវាចាំបាច់នានាជូនដល់ប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព លឿនរហ័ស មានគុណធម៌ សុជីវធម៌ និងភាពថ្លៃថ្នូរ៕

ដោយ ៖ សិលា


ចែករំលែក៖