ព័ត៌មានទាន់ហេតុការណ៍៖

ខេត្ត​ពោធិ៍សាត់​ ថ្ងៃព្រឹត្តិការណ៍​អបអរឆ្នាំថ្មី​ឆ្នាំសកល ទេសចរមកលេងកម្សាន្ត មានចំនួនជិត១ម៉ឺន៥ពាន់នាក់

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់៖ ក្នុងថ្ងៃឆ្លងឆ្នាំសកល២០២៤ ឈានចូល២០២៥ ពោលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ឆ្លងចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ នៅទូទាំងខេត្តពោធិ៍សាត់ មានទេសចរមកលេងកម្សាន្ត តាមរមណីយដ្ឋាននានា ទាំង២៨កន្លែង សរុបចំនួន១៤,៥៣៥នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ(KHM) ១៤,៥៦០នាក់ និងទេសចរបរទេស(FOR) ២៥នាក់ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ទេសចរមានការថយចុះ ២,៩៣% នេះក៏ដោយសារតាមបណ្តាខេត្តក្រុង ទូទាំងប្រទេសកម្ពុជា ក៏ត្រៀមប្រារព្ធពិធីឆ្លងឆ្នាំដូចគ្នា ក្រោមម្លប់សន្តិភាព ផ្លូវកាយ និងផ្លូវចិត្ត ខណៈប្រជាជននៅប្រទេសមួយចំនួនកំពុងរត់គេចពីសង្គ្រាម។

យោងតាមមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានបញ្ជាក់ឱ្យដឹងនាថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥នេះថា ស្ថិតិភ្ញៀវទេសចរ តាមរមណីយដ្ឋាននានា ទាំង២៨កន្លែង ក្នុងខេត្តពោធិ៍សាត់ នាអំឡុងទិវាចូលឆ្នាំសកល សរុបចំនួន១៤,៥៣៥នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ(KHM) ១៤,៥៦០នាក់ និងទេសចរបរទេស(FOR) ២៥នាក់។ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ទេសចរមានការថយចុះ ២,៩៣% (ខណៈដែរភ្ញៀវទេសចរ ឆ្នាំ២០២៤ មានចំនួន១៥,០០០នាក់)។

ប្រភពបានបន្ថែមថា សម្រាប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ម្សិលមិញ ទេសចរបានមកលេងកម្សាន្ត ក្នុងខេត្តពោធិ៍សាត់ មានចំនួន៥,៤២០នាក់ ក្នុងនោះស្រី២,៧១៥នាក់ បើប្រៀបធៀននឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ទេសចរមានការកើនឡើង ៤៤៤,៧២%។ ចំពោះសេវាស្នាក់នៅសណ្ឋាគារ បឹងកាឡូ ទាំង០៨កន្លែង និងផ្ទះសំណាក់ ៨៦កន្លែង មានភ្ញៀវស្នាក់នៅ សរុបចំនួន៦៧២នាក់ ក្នុងនោះស្រី​៣៣៤នាក់ បើប្រៀបធៀបនឹងថ្ងៃទី៣០ ទេសចរមានការកើនឡើង​ ១១៦,៧៧%។

ជាមួយគ្នានោះ ក្នុងចំណោមរមណីយដ្ឋាន និងតំបន់ទេសចរណ៍ នៅទូទាំងខេត្តពោធិ៍សាត់ រមណីយដ្ឋាន និងតំបន់ទេសចរណ៍ ដែលភ្ញៀវទេសចរ មានការចាប់អារម្មណ៍ខ្ពស់ គឺនៅស្រុកវាលវែង (ភ្នំ១៥០០, ឃុំអូរសោម, ឃុំថ្មដា និងឃុំអន្លង់រាប), នៅក្រុងពោធិ៍សាត់ (កោះសំពៅមាស, បូជនីយដ្ឋាន លោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ) និងនៅស្រុកក្រគរ (ទឹកធ្លាក់ច្រកល្អៀង)។ ចំណែករមណីយដ្ឋាន និងតំបន់ទេសចរណ៍មួយចំនួនទៀត ក៏មានទេសចរទៅលេងកម្សាន្តច្រើនគួរសមផងដែរ។ 

សូមជម្រាបជូនថា នៅមុនថ្ងៃបុណ្យឆ្លងឆ្នាំ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បានណែនាំដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ត្រូវឆ្នៃប្រឌិតបង្កើតកម្មវិធីសប្បាយៗ និងការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋមកកម្សាន្ត ក្នុងមូលដ្ឋានរបស់ខ្លូន ក្នុងន័យទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តកាន់តែច្រើនឡើង។ សម្រាប់នៅលើបូរីវប្បធម៌ នៃកោះសំពៅមាសឯណោះវិញ ទេសចរមកពីគ្រប់ទិសទី ក៏បានមកចូលរួមរាំលេងកម្សាន្ត និងទស្សនាការបាញ់កាំជ្រួចទ្រង់ទ្រាយធំ ដើម្បីទទួលអំណរសាទរ ទិវាចូលឆ្នាំសកល ឆ្នាំ២០២៤ ឈានចូល២០២៥ផងដែរ៕

ដោយ​៖ តារា​


ចែករំលែក៖