ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យក្រសួងសាធារណការ ៖ប្រជាពលរដ្ឋកាន់តែយល់ដឹងពីការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងមិនមានកកស្ទះខ្លាំងទេក្នុងឱកាសឆ្លងឆ្នាំសកលនេះ

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋកាន់តែយល់ដឹងពីការប្រើប្រាស់ភ្នំពេញ-ព្រះសីហនុ ហើយស្ថាននៅភាពនៃការធ្វើដំណើរទាំងនៅច្រកចូល និងច្រកចេញ មិនមានការកកស្ទះខ្លាំងទេ ក្នុងឱកាសឆ្លងឆ្នាំសកល២០២៥នេះ។

យោងតាមទិន្នន័យបានបញ្ជាក់ថា ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ចំនួនចរាចរណ៍នៅច្រកចូលមានចំនួន ២១.៥៦៦គ្រឿង ខណៈនៅច្រកចេញមានចំនួន ២១.៥៨៧គ្រឿង។ នេះជាការបញ្ជាក់ពីលោក ផន រឹម អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ។ 

លោកបន្តថា ៖ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៣ករណី (គ្មានអ្នកស្លាប់ និងរបួសទេ)។

ដោយឡែកនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ចំនួនចរាចរណ៍នៅច្រកចូលមានចំនួន ២៧.១៦២គ្រឿង ខណៈនៅច្រកចេញមានចំនួន ២៨.៥០២គ្រឿង។ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ២ករណី របួសម្នាក់ និងគ្មានករណីស្លាប់ទេ។

ការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤-០១ ខែមករា ឆ្នាំ២០២៥ ចំនួនចរាចរណ៍មានការធ្លាក់ចុះបន្តិច បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារប្រជាពលរដ្ឋ កាន់តែមានជម្រើសច្រើនក្នុងធ្វើដំណើរឆ្ពោះទៅកាន់ខេត្តតំបន់មាត់សមុទ្រទិសនិរតី រួមទាំងផ្លូវជាតិលេខ៤ ត្រូវបានស្តារ និងលើកកម្រិតគុណភាពកាន់តែប្រសើរ និងជិតរួចរាល់។ ដោយឡែកទីកម្សាន្តមួយចំនួនទៀតក្រៅពីខេត្តព្រះសីហនុ ដូចជាកំពត និងកែប ជាដើម ក៏មានផ្លូវធ្វើដំណើរកាន់តែស្រួល និងឆាប់រហ័ស ដូចជា៖ ផ្លូវជាតិលេខ៤១, ផ្លូវជាតិលេខ៣, ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣ ជាដើម។

គួរបញ្ជាក់ថា ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ តែងអំពាវនាងដល់អ្នកបើកបរទាំងអស់ សូមគោរពបទបញ្ញត្តិនៃការប្រើប្រាស់ផ្លូវល្បឿនលឿន និងច្បាប់ចរាចរណ៍ផ្លូវគោកអោយបានខ្ជាប់ខ្ជួន។

ការពារសុវត្ថិភាពអាយុជីវិតអ្នក និងអ្នកដទៃសូមបើកបរដោយទំនួលខុសត្រូវ៕

ដោយ ៖ សិលា


ចែករំលែក៖