ភ្នំពេញ ៖ ក្មេងស្ទាវមួយក្រុមប្រដាប់ដោយដាវ កាំបិតផ្គាក់ ធ្វើសកម្មភាពដេញតាមកាប់យុវជនម្នាក់ បណ្តាលឱ្យរងរបួស រួចកាប់ដាច់ស្លាកលេខម៉ូតូ រួចក្រុមក្មេងទំនើងទាំងនោះរត់គេចបាត់អស់ បន្សល់ទុកម៉ូតូមួយគ្រឿង។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១១និង៥០នាទីយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ នៅតាមផ្លូវឌួងងៀប ភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា នៅម៉ោងកើតហេតុខាងលើមានក្មេងស្ទាវមួយក្រុម ជិះម៉ូតូជាច្រើនគ្រឿង ប្រដាប់ដោយកាំបិតផ្គាក់ ដាវ ដែកសរសៃ ធ្វើសកម្មភាពដេញតាមកាប់ និងវាយទៅលើយុវជនម្នាក់ បណ្តាលឱ្យរងរបួស និងបានកាប់ម៉ូតូខ្ទេចបន្ថែមទៀតទើបបង្កឲ្យមាន ការភ្ញាក់ផ្អើលពលរដ្ឋស្រែកឆោរឡោតទើបក្រុមក្មេងទំនើង រត់គេចខ្លួនចោលម៉ូតូមួយគ្រឿងនៅកន្លែងកើតហេតុ។
បន្ទាប់ពីកើតកើតហេតុសមត្ថកិច្ចចុះទៅអន្តរាគមន៍ នាំយុវជនរងគ្រោះ និងប្រមូលវត្ថុតាងបន្សល់ទុក កាំបិត ដែកសរសៃ ទៅសាកសួរនៅប៉ុស្តិ៍ និងទទួលបណ្តឹង ដើម្បីបន្តស្រាវជ្រាវ រកក្រុមក្មេងទំនើងទាំងនោះមកចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ