ព័ត៌មានទាន់ហេតុការណ៍៖

លោក វ៉ី សំណាង នាំយកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ចែកជូនពលរដ្ឋក្រីក្រចំនួន ២៣គ្រួសារ នៅស្រុកព្រៃកប្បាស

ចែករំលែក៖

ខេត្តតាកែវ ៖ លោក វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តតាកែវ នៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែមករា ឆ្នាំ២០២៥ រួមនិងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត មកប្រគល់ជូនគ្រួសារចាស់ជរាគ្មានទីពឹង ទីទ័លក្រ ចំនួន ២០គ្រួសារ រងគ្រោះដោយអគ្គីភ័យ ០២គ្រួសារ និងលង់ទឹកស្លាប់ ១គ្រួសារ នៅក្នុងឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។

មានប្រសាសន៍នៅក្នុងឱកាសនោះ លោក វ៉ី សំណាង ក៏បានសម្ដែងក្ដីសោកស្ដាយចំពោះគ្រួសារ ដែលរងគ្រោះដោយសារអគ្គិភ័យឆាបឆេះ និងចូលរួមរំលែកទុក្ខដល់គ្រួសារនៃសពដែលបានលង់ទឹកស្លាប់នាពេលថ្មីៗនេះ ហើយក៏បានពាំនាំក្ដីនឹករលឹក ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេច តែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ ដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ នៅគ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡើយ ដូចពាក្យស្លោក ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។ 

ជាមួយគ្នានោះ លោក វ៉ី សំណាង ក៏បានថ្លែងប្រាប់ប្រជាពលរដ្ឋដែរថា ប្រទេសជាតិយើងបច្ចុប្បន្ននេះ ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងវៃឆ្លាតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្វើឲ្យប្រទេសមានសុខសន្ដិភាពពេញបរិបូណ៍ មានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ បណ្ដាអ្នកវិនិយោគក្រុមហ៊ុនធំៗ បានមករកស៊ីបណ្ដាក់ទុកនៅកម្ពុជាកាន់តែច្រើន ដែលបង្កើតឱកាសការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បង្កើនសេដ្ឋកិច្ចក្នុងគ្រួសារ កាត់បន្ថយចំណាកស្រុកនិងភាពក្រីក្រ។

សូមបញ្ជាក់ថា អំណោយដែលបានប្រគល់ជូនគ្រួសារ ចាស់ជរាគ្មានទីពឹង ទីទ័លក្រ គ្រោះអគ្គិភ័យ និងលង់ទឹកស្លាប់ រួមមាន៖ អង្ករ ២៥ គីឡូ ទឹកសុទ្ធ២កេស ទឹកក្រូច២កេស ឃីត១កញ្ចប់ ត្រីខ ១យួរ មី ប្រេងឆា នំធុងធំ១ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួនទៀតផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖