ភ្នំពេញ៖ លោក មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានថ្លែងថា បន្ទាប់ពីផ្លូវក្រវាត់ព្រំដែន បានកសាងរួចរាល់ ផ្លូវនេះនឹងក្លាយទៅជារបងការពារព្រំដែនមួយដ៍រឹងមាំ និងជាផ្លូវសរសៃឈាមមួយទៀត ជួយជំរុញដល់សេដ្ឋកិច្ចជាតិ និងវិស័យទេសចរណ៍កម្ពុជា ជាពិសេសលើកកម្ពស់ជីវភាពប្រជាជននៅតាមខេត្តជាប់ព្រំដែនដោយផ្ទាល់។
លោក មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានឱ្យដឹងថា បន្ទាប់ពីផ្លូវក្រវាត់ព្រំដែន បានកសាងរួចរាល់ ផ្លូវក្រវាត់ព្រំដែននេះ នឹងក្លាយជារបង មួយដ៏រឹងមាំ ក្នុងការរួមចំណែក នៅក្នុងការការពារ បូរណភាពទឹកដី ការពារអធិបតេយ្យភាពបានគត់មុត និងយូរអង្វែង ព្រោះថាផ្លូវនេះ ប្រៀបបានទៅជារបងដ៏រឹងមាំដែលបានកសាងនៅតាមក្រវាត់ព្រំដែន ។
លោកបន្ថែមថា ផ្លូវនេះនឹងជួយសម្រួលទៅដល់ការធ្វើដំណើរទៅមករបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅតាមតំបន់ព្រំដែន ក្នុងការប្រកបរបរប្រចាំថ្ងៃ ក៏ដូចជាការដឹកជញ្ជូនកសិផល ដើម្បីទៅកាន់ទីផ្សារ ឬទីប្រជុំជន ក៏ដូចជាការផ្លាស់ប្តូរការលក់ដូរផលិតផលកសិផលរបស់ពួកគាត់ ។ ពិសេសនឹងជួយសម្រួលទៅដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដែលមានបំណងចង់ទៅទស្សនា កម្សាន្តតាមព្រំដែន ខណៈកន្លងមកការធ្វើដំណើរតាមតំបន់ព្រំដែន មានភាពលំបាក ដូច្នេះនៅពេលផ្លូវនេះកសាងរួច នឹងផ្តល់ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋបានទៅតំបន់ព្រំដែនដោយភាពងាយស្រួល និងអាចពិនិត្យ មើលអំពីស្ថានភាពបងប្អូនប្រជាពលរដ្ឋនៅទីនោះ ក៏ដូចជាស្ថានភាពព្រំដែនរបស់កម្ពុជាផងដែរ។ លោកបានបន្ថែមទៀតថា ផ្លូវក្រវាត់ព្រំដែននេះ ក៏ជាការតភ្ជាប់មួយផ្នែកសេដ្ឋកិច្ច ពោលនៅពេលដែលយើងមានផ្លូវចេញចូល ទៅដល់តំបន់ព្រំដែន ដូច្នេះសេដ្ឋកិច្ចតំបន់នោះ នឹងមានការរស់រវើក ហើយនឹងក្លាយទៅជាតម្រាយផ្លូវ សរសៃឈាម នៃការតភ្ជាប់សេដ្ឋកិច្ចពីតំបន់ព្រំដែន មកកាន់តំបន់នានានៅក្នុងផ្ទៃប្រទេស ក៏ដូចជាការតភ្ជាប់សេដ្ឋកិច្ចទៅបណ្ដាប្រទេសជិតខាងកម្ពុជាផងដែរ។
លោកបញ្ជាក់ថា ៖ «មួយវិញទៀតនៅពេលដែលផ្លូវនេះកសាងរួច វានឹងជួយជំរុញនូវសក្ដានុពលវិស័យទេសចរណ៍នៅតំបន់ឦសានរបស់យើង ដែលយើងដឹងហើយថា នៅប៉ែកខាងឦសាននៅក្នុងខេត្តមណ្ឌលគិរី រតនគិរី គឺជាភូមិសាស្ត្រដែលមានសក្ដានុពលនៅក្នុងវិស័យទេសចរណ៍ បែបអេកូទេសចរណ៍ធម្មជាតិ ដែលជាទស្សនីយភាពមួយដ៏ស្រស់បំព្រង ដូច្នេះនៅពេលដែលតំបន់នោះ តាមផ្លូវព្រំដែនមានផ្លូវងាយស្រួលក្នុងការធ្វើដំណើរ និងស្រូបទាញភ្ញៀវទេសចរ ចូលរួមចំណែកនៅក្នុងការជំរុញសក្ដានុពល វិស័យទេសចរណ៍ របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ឦសាននោះ។»
លោក មាស សុភ័ណ្ឌ បានបញ្ជាក់ទៀតថា នៅពេលដែលរាជរដ្ឋាភិបាលបានកសាងផ្លូវនេះរួច ផ្លូវនេះថែមទាំងបានចូលរួមចំណែកនៅក្នុងការជំរុញនូវសក្ដានុពលកសិឧស្សាហកម្មនៅតំបន់នោះ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ចុះនូវគោលនយោបាយ នៅក្នុងការផ្តល់កញ្ចប់លើកទឹកចិត្ត ទៅដល់បណ្ដាវិនិយោគទុន ដែលមានបំណងនៅក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅតំបន់ភូមិភាគឦសាន ជាពិសេសផ្ដោតទៅលើវិស័យកសិកម្ម ដូច្នេះនៅពេលដែលផ្លូវទាំងអស់នេះបានកសាងរួច សក្ដានុពលនិងផលប្រយោជន៍ជាច្រើន នឹងផ្ដល់ទៅដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ឦសាននោះ ក៏ដូចជាផ្តល់ ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានធ្វើដំណើរទៅកម្សាន្តទេសចរណ៍នៅតំបន់នោះប្រកបដោយភាពងាយស្រួល៕
ប្រភព ៖ «CCFR China state-controlled media »