ភ្នំពេញ ៖ ជនសង្ស័យ០២នាក់បានធ្វេីសកម្មភាពលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា (ប្រើមួកសុវត្តិភាព និងកាំបិតប៉័ងតោគំរាមប្លន់យកម៉ូតូ) និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង០២និង៣០នាទី នៅចំណុចមុខដីឡូត៍គ្មានលេខ ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោធ្វេីការស្រាវជ្រាវរយៈពេលជាង៣ម៉ោងក៏ចាប់ឃាត់ខ្លួនបាន។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផេង វុទ្ធី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅភូមិអំពិលទឹក ឃុំសំបូរមាស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ ចំណែកជនសង្ស័យចំនួន០២នាក់ឃាត់ខ្លួនខាងលេីមានឈ្មោះ ៖ ទី១/ឈ្មោះ អុល ប្រុសកា ហៅ ខ្មៅ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទី២/ឈ្មោះ លុច រ័ត្ន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជនសង្ស័យទាំង០២នាក់មានសារធាតុញៀន) ។
ក្នុងករណីនេះសម្ភារៈបាត់បង់៖ ១/ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1KD-9094 មានលេខតួនិងលេខម៉ាស៊ីនមិនចាំ និងវត្ថុតាងចាប់យក៖ ១/ដាវកែច្នៃប្រវែង៦២សង់ទីម៉ែត្រចំនួន០១ដើម ២/ក្រាមពណ៌សថ្លាចំនួន០២ថង់តូច ៣/ម៉ូតូម៉ាកគុបជ្រុង ពណ៌ទឹកប៊ិក ពាក់ផ្លាកលេខ គ-7596ភព1 (ម៉ូតូចាស់)ចំនួន០១គ្រឿង។
គួរបញ្ជាក់ថា ៖ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង០០និង៣០នាទី ជនរងគ្រោះឈ្មោះ ផេង វុទ្ធី ភេទប្រុស អាយុ១៩ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1KD-9096 មានលេខតួនិងលេខម៉ាស៊ីនមិនចាំ បានចេញពីម្ដុំស្ពានបាឡេ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដើម្បីមកជួបសង្សារ ដែលធ្វើការខារ៉ាអូខេ ស្ថិតនៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលជនរងគ្រោះជិះម៉ូតូមកដល់ចំណុចមុខដីឡូត៍គ្មានលេខ ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ជនរងគ្រោះក៏បានឈប់ម៉ូតូនៅលើផ្លូវដើម្បីរង់ចាំសង្សារដើរចេញមកពីធ្វើការ ពេលនោះស្រាប់តែមានជនសង្ស័យចំនួន០២នាក់ អាយុប្រហែល២១ឆ្នាំ កម្ពស់ប្រហែល១.៥០សង់ទីម៉ែត្រ មាឌស្ដើង ក្នុងដៃមានកាន់មួកសុវត្តិភាព និងកាំបិតបុ័ងតោបានដើរចេញពីគុម្ពព្រៃ ដែលដុះនៅក្បែរផ្លូវ៥០ម៉ែត្រ បានធ្វើសកម្មភាពយកមួកសុវត្តិភាពវ៉ៃក្បាលជនរងគ្រោះ ពីក្រោយបណ្ដាលឱ្យជនរងគ្រោះធ្លាក់ពីលើម៉ូតូ ចំណែកជនសង្ស័យម្នាក់ទៀតបានយកកាំបិតបុ័ងតោបម្រុងកាប់ជនរងគ្រោះ ធ្វើឱ្យជនរងគ្រោះភ័យក៏រត់ចោលម៉ូតូដោយមិនបានដកកូនសោម៉ូតូទៅជាមួយទេ រួចជនរងគ្រោះក៏បានស្រែកថាចោរៗ តែពុំមានអ្នកណាជួយឡើយ ហើយជនសង្ស័យក៏បានជិះម៉ូតូរបស់ជនរងគ្រោះ ចូលទៅក្នុងទីលានចាក់សំរាមបាត់ទៅ ទើបជនរងគ្រោះបានមករាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃស ដើម្បីជួយស្រាវជ្រាវរកជនសង្ស័យ យកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់ ។ លុះដល់វេលាម៉ោង១៦និង៣០នាទី ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចបានធ្វើកាស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ខាងលេីរួមនឹងវត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសតាមនីតិវិធីច្បាប់ ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកខ្លួន (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពស្ទាក់ប្លន់យកម៉ូតូរបស់ជនរងគ្រោះប្រាកដមែន ហើយម៉ូតូដែលប្លន់បានជនសង្ស័យបានយកទៅលក់ឱ្យអ្នកទិញមិនស្គាល់ឈ្មោះ ភេទប្រុស អាយុប្រហែល៤៨ឆ្នាំ នៅម្តុំខណ្ឌទួលគោក រាជធានីភ្នំពេញ លក់បានលុយចំនួន២០០ដុល្លារ (ពីររយដុល្លារអាមេរិក)។
បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យ ហើយមានការសម្របសម្រួលពីលោក ឡុង ស៊ីថា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចាត់ការតាមផ្លូវច្បាប់ ៕
ដោយ ៖ ភារ៉ា ដង្កោ