ខេត្តស្វាយរៀង៖ លោក ញ៉ែម សារី អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្តនៅព្រឹកថ្ងៃទី៥ខែមករាឆ្នាំ២០២៥បានអញ្ជើញកាត់វិញ្ញាសាប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រីទោ ឯក នៅមណ្ឌលប្រឡងវត្តជម្ពូប្រឹក្សាស្ថិតនៅក្នុងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលមានបេក្ខសមណនិងបេក្ខជនប្រឡងចំនួន ៣៨៩អង្គ /នាក់។
ពិធីកាត់វិញ្ញាសាប្រឡងនេះដែរ ក៏មានការនិមន្តចូលរួមពីព្រះវិសុទ្ធិញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណខេត្ត ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម, លោក-លោកស្រីជាប្រតិភូក្រសួងធម្មការ និងសាសនា,លោកទីវ សុភា ប្រធានមន្ទីរធម្មការ និងសាសនាសនាខេត្ត និងមន្ត្រីរាជការ និងគណៈកម្មការប្រឡងជាច្រើនអង្គ/នាក់ផងដែរ។
ក្នុងឱកាសនោះ លោកញ៉ែម សារី អភិបាលរងខេត្តស្វាយរៀងបានថ្លែងនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ប្រគេន និងជូនព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមន្ត្រីសង្ឃ ព្រះថេរានុត្ថេរៈគ្រប់ ព្រះអង្គ លោក លោកស្រី ជាគណៈកម្មការប្រឡងនិងសូមជូនពរឱ្យបេក្ខសមណ និងបេក្ខជន ទទួលបានជោគជ័យក្នុងការប្រឡងនេះផងដែរ។
លោក អភិបាលរងខេត្តបានគូបញ្ជាក់ថា វិស័យពុទ្ធិកសិក្សាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ហើយជាឆ្អឹងខ្នងដ៏រឹងមាំរបស់ សាសនា ដូច្នេះហើយទើបរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ តាមរយៈក្រសួងធម្មការ និងសាសនា បានដាក់ចេញនូវគោលនយោបាយជាយុទ្ធសាស្ត្រ ដើម្បីចូល រួមចំណែកក្នុងការអភិវឌ្ឍវិស័យពុទ្ធិកសិក្សា។
លោក បានបន្ថែមថា ជាការពិតណាស់ ការប្រឡងនីមួយៗមានសារៈសំខាន់ខ្លាំងណាស់ ជាពេលវេលាដ៏សំខាន់ មួយដែល បេក្ខសមណនិងបេក្ខជន ខិតខំអស់ពីសមត្ថភាពដើម្បីប្រឡងឲ្យបានជាប់ ដើម្បីបន្តការសិក្សានៅភូមិសិក្សាជាបន្តបន្ទាប់ទៅមុខទៀត។
លោក បានបន្ថែមថា នៅក្នុងខេត្តស្វាយរៀង ឆ្នាំនេះ ការប្រឡងយកវិញ្ញាបនបត្រធម្មវិន័យនឹងប្រព្រឹត្តិទៅរយៈពេលពេញមួយថ្ងៃ គឺថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ មានពីរមណ្ឌល គឺមណ្ឌលប្រឡងវត្តជម្ពូព្រឹក្សា ក្រុងស្វាយរៀង និងមណ្ឌលវត្តស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលមានបេក្ខសមណនិងបេក្ខជនបានដាក់ពាក្យសុំសិទ្ធិប្រឡងចំនួន ៣៨៩អង្គ-នាក់។ ចំពោះវិញ្ញាសាប្រឡងមានចំនួន៤ គឺ៖ ១. ប្រជុំកងធម៌ ២. ពុទ្ធប្បវត្តិ ៣. ព្រះវិន័យ និង៤.សាសនសុភាសិត ។
លោក អភិបាលរងខេត្តស្វាយរៀងក៏បានលើកទឹកចិត្តប្រគេន និងជូនបេក្ខសមណនិងបេក្ខជនគ្រប់ព្រះអង្គខិតខំប្រឡងឲ្យអស់ពីសមត្ថភាព និងបានប្រឡងជាប់ក្នុងលទ្ធផលជាទីគាប់ចិត្តផងដែរ ៕
ដោយ៖ សុថាន