ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលប៉ុស្ដិ៍តាំងសំរោង សហការជាមួយលោកមេភូមិ កម្លាំងប្រជាការពារភូមិធ្វើការល្បាតបានជួប និងឃាត់ក្មេងទំនើងចំនួន០២នាក់ រកឃេីញកាំបិតផ្គាក់ចំនួន ០២ដេីម និងដាវកែឆ្នៃចំនួន ០១ ដាក់សៀតជាប់បំពង់សុីមាំងម៉ូតូ មកពីផឹកសុីនៅផ្ទះមិត្ដភ័ក្ភិ យកមកអនុវត្តតាមនីតិវិធីច្បាប់។
យោងតាមរាបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥នេះថា៖ ក្នុងប្រតិបត្តិការនោះ ដោយអនុវត្ដតាមបទបញ្ជានិងការចង្អុលដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ ដាក់ផែនការអោយកងកម្លាំងនគរបាលធ្វេីការល្បាតក្នុងភូមិសាស្រ្ដក្នុងគោលបំណងបង្ការ ទប់ស្កាត់ និងបង្រ្កាបក្មេងទំនេីង តាមប្រសាសន៍ ដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋរមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលុបបំបាត់សកម្មភាពក្រុមក្មេងទំនើងអោយអស់មុនឆ្នាំ២០២៥នេះ ។
ជាក់ស្ដែងនៅយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ២៣និង ៥០នាទី នៅត្រង់ចំណុចភូមិជ្រៃសែនជ័យ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កម្លាំងនគរបាលប៉ុស្ដិ៍តាំងសំរោង ធ្វើការល្បាតបានជួបនិងឃាត់ក្មេងទំនើងចំនួន០២នាក់ រួមនឹងវត្ថុតាង កាំបិតផ្គាក់ ចំនួន ០២ និង ដាវកែឆ្នៃចំនួន ០១ ដាក់សៀតជាប់បំពង់សុីមាំងម៉ូតូម៉ាក យ៉ាម៉ាស៊ីរូស ពណ៌ទឹកមាសលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FD-0507 ។
ក្មេងទំនើងទាំង២នាក់នេះ រួមមាន៖ ១-ឈ្មោះ មឿន វិសាល ភេទប្រុស អាយុ២០ឆ្នាំ និង២-ឈ្មោះ កុក ធារ៉ា ភេទប្រុស អាយុ២០ឆ្នាំ អ្នកទាំងពីរនាក់រស់នៅភូមិជ្រៃសែនជ័យ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
បច្ចុប្បន្នក្មេងទំនេីងទាំង០២ រួមជាមួយវត្ថុតាង កាំបិតផ្គាក់ ដាវ សមត្ថកិច្ចនគរបាលស្រុក បញ្ជូនខ្លួនមកកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ដ ដេីម្បីបន្តនីតិវិធីច្បាប់៕
ដោយ៖ តារា