ព័ត៌មានទាន់ហេតុការណ៍៖

អ៉ីស្រាអែលថាបំពានលើបទឈប់បាញ់ បង្កឲ្យ ស្ថានភាព​កាន់តែអាក្រក់ ក្រុមហេសបូឡា កំពុងអស់ការអត់ធ្មត់

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថាកងកម្លាំងរក្សាសន្តិភាព UN នៅក្នុងប្រទេសលីបង់ បានចោទប្រកាន់អ៉ីស្រាអែល កាលពីថ្ងៃសៅរ៍ ទី៤ ខែមករាថាបានបំពានធ្ងន់ធ្ងរលើដំណោះស្រាយកាលពីឆ្នាំ២០០៦ របស់ក្រុមប្រឹក្សាសន្តិសុខ UN ដែលជាមូលដ្ឋាននៃបទឈប់បាញ់កាលពីខែវិច្ឆិកាកន្លងទៅជាមួយក្រុមហេសបូឡា។
ការចោទប្រកាន់របស់កងទ័ពមួកខៀវ UN ឬ UNIFIL កើតមានឡើង ខណៈមេដឹកនាំក្រុមហេសបូឡា លោក Naim Qassem បានព្រមានថាហេសបូឡាអាចនឹងអស់ការអត់ធ្មត់ ចំពោះទង្វើបំពានរបស់អ៉ីស្រាអែល នៅមុនបទឈប់បាញ់មានរយៈពេល ៦០ថ្ងៃផុតកំណត់។ បទឈប់បាញ់ដ៏ផុយស្រួយរវាងអ៉ីស្រាអែល និងហេសបូឡា បានចូលជាធរមានកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំមុន តែចាប់តាំងពីពេលនោះភាគីទាំងសងខាង បានចោទប្រកាន់គ្នាទៅវិញទៅមកអំពីការបំពានលើបទឈប់បាញ់។ «ចេតនារបស់យោធាអ៉ីស្រាអែល និងការផ្លិចបំផ្លាញដោយផ្ទាល់លើទ្រព្យសម្បត្តិរបស់ UNIFIL រួមទាំងហេដ្ឋារចនាសម្ព័ន្ធរបស់កងកម្លាំងប្រដាប់ អាវុធលីបង់ គឺជាទង្វើរំលោភបំពានធ្ងន់ធ្ងរលើដំណោះស្រាយលេខ ១៧០១ និងច្បាប់អន្តរជាតិ»។ នេះជាការគូសបញ្ជាក់របស់ UNIFIL។
នៅក្រោមលក្ខខណ្ឌនៃបទឈប់បាញ់ កងទ័ពលីបង់ត្រូវបានដាក់ពង្រាយជាមួយកងកម្លាំងរក្សាសន្តិភាព UN នៅតំបន់ភាគខាងត្បូងលីបង់ ខណៈកងទ័ពអ៉ីស្រាអែលនឹងត្រូវដកចេញបន្តិចម្ដងៗ ក្នុងរយៈពេល៦០ថ្ងៃ។ ចំណែក ក្រុមហេសបូឡាវិញ ត្រូវដកកងកម្លាំងរបស់ខ្លួនចេញពីភាគខាងជើងនៃទន្លេ Litani ក្នុងចម្ងាយ ៣០គីឡូម៉ែត្រពីព្រំដែន ហើយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធានៅសេសសល់ ក្នុងតំបន់ភាគខាងត្បូងនេះ៕

ដោយ៖ ធីរីណា(រូបថត​៖ Vietnamplus)


ចែករំលែក៖