ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋចំនួន ៨៥៧គ្រួសារ មកពីសង្កាត់ទាំង៤ នៃក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ទទួលបានចង្រ្កានបង្កើនថាមពល ពីក្រុមហ៊ុន គ័ង ចូវអាយស្បឺត ក្រោមអធិបតីភាព លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង។
ពិធីចែកចង្រ្កានបង្កើនថាមពល បានធ្វើឡើងនៅវិទ្យាល័យព្រះរាជបូជនីយកិច្ច នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ក្នុងនោះ សង្កាត់ស្ទឹងត្រែង ទទួលបាន ២៥៩ចង្រ្កាន សង្កាត់ស្រះឫស្សី ទទួលបានចង្រ្កានចំនួន២០៧ សង្កាត់ព្រះបាទ ចំនួន ១៩១ចង្រ្កាន និងសង្កាត់សាមគ្គី ចំនួន ២០០ចង្រ្កានផងដែរ។ នេះបើតាម លោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែង។
លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត បានថ្លែងអំណរគុណ ដល់ក្រុមហ៊ុន គ័ង ចូវអាយស្បឺត ដែលបានធ្វើពិធីចែកចង្រ្កាននេះដល់ប្រជាពលរដ្ឋខេត្តស្ទឹងត្រែង។
លោក អភិបាលខេត្ត បានបន្តថា នៅពេលនេះប្រជាពលរដ្ឋជាង ៨០០គ្រួសារទទួលបានចង្រ្កាន ដែលជួយលើការងារបរិស្ថាន ការបន្ថយការប្រើប្រាស់អូស និងការជួយរួមចំណែកជួយដល់បងប្អូនដែលជាជនពិកានៅខេត្តកំពង់ឆ្នាំងដែលទទួលបានប្រាក់ចំណូលពីការផលិតចង្រ្កាននេះ មានគុណភាពប្រើប្រាស់បានរហូតដល់ ៣ឆ្នាំយ៉ាងយូ ដែលខុសចង្រ្កានប្រភេទផ្សេងប្រើប្រាស់យ៉ាងយូបំផុតត្រឹមតែ ១ឆ្នាំប៉ុណ្ណោះ។
នាឱកាសនៃពិធីចែកចង្រ្កាននេះផងដែរ គឺដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជំនះ ៧មករា ដែលប្រជាជនគ្រប់រូបបានរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ និងរំលឹងគុណ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាព នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់នូវអំណោយជីវិតចំនួន៣ ជូនជាតិ មាតុភូមិ និងប្រជាជន គឺការរស់រានមានជីវិតរួចផុតពីរបបប្រល័យពូជសាសន៍ ទទួលបានជ័យជំនះថ្ងៃ៧មករា ឆ្នាំ១៩៧៩ អំណោយជីវិតទី២ គឺការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា ឆ្នាំ១៩៩៨ ហើយមានសន្តិភាពពេញបរិបូរ និងការអភិវឌ្ឍឥតឈប់ឈរ និងអំណោយជីវិតទី៣គឺការនាំមកនៅ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចាក់ជូនប្រជាជនគ្រប់រូបឱ្យរស់រានមានជីវិតរហូតដល់សព្វថ្ងៃ។
លោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមថែរក្សាបរិស្ថាន សំអាតទីធ្លាមុខរបស់ខ្លួនឱ្យបានស្អាត ដើម្បីចូលរួមប្រកួតប្រជែងីក្រុងស្អាតទូទាំងប្រទេស៕
ដោយ ៖ សិលា