ភ្នំពេញ៖ នគរបាលបានឃាត់ខ្លួនអ្នកបើកបររថយន្ត lexus Rx 330 នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីយកមកសួរនាំអនុវត្តតាមនីតិវិធី ករណីបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបុរសម្នាក់ស្លាប់។
គួរបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង០១ និង៣០នាទីយប់រំលងអធ្រាត្រថ្ងៃទី៦ ខែមករា ឆ្នាំ ២០២៥ បានកើតឡេីងរវាងរថយន្តម៉ាក LEXUS RX330 ជាមួយម៉ូតូ ម៉ាកTVS HONDA CRF ត្រង់ចំណុចច្រកចូលបុរីប៉េងហួត លើផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា រថយន្តម៉ាកLEXUS RX330 ពណ៌ស ពាក់ផ្លាកលេខ ខ.ម 2-4771 បើកបរតាមបណ្ដោយផ្លូវ៦០ម៉ែត្របើកបរក្នុងទិសដៅពីជើងទៅត្បូង លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងឆ្លងផ្លូវក៏បុកជាមួយម៉ូតូ១គ្រឿងម៉ាក HONDA CRF ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AL-9616 ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យអ្នកបើកបរម៉ូតូ ស្លាប់នៅកន្លែងកើតហេតុ។
ភាគីរថយន្តម៉ាក LEXUS RX330 ពណ៌ស ពាក់ផ្លាកលេខ ខ.ម 2-4771 បើកបរដោយឈ្មោះ ណឹម ណាង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមន្ត្រីកងរាជអាវុធហត្ថ មានទីលំនៅផ្ទះជួលលេខ២៧ ផ្លូវលេខ១០(បុរីប៉េងហួត ៦០ម៉ែត្រ)សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជ ធានីភ្នំពេញ (អ្នកបើកបររថយន្តនាំមកសាកសួរនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក) អ្នកបើកបររថយន្តសមត្ថកិច្ចត្រួតពិនិត្យគឹគ្មានជាតិអាល់កុលនោះទេ។
ភាគីម៉ូតូ ម៉ាក HONDA CRF ពណ៌ខ្មៅពាក់ផ្លាកលេខ បាត់ដំបង 1AL-9616 បើកបរដោយ ឈ្មោះ ដាវីឌ ឫទ្ធិរុទ្រ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ តារាចម្រៀងមានទីលំនៅផ្ទះលេខ៤៩_៥១ ផ្លូវលេខ១៦៨ ភូមិទួលរការ១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕
ដោយ៖ សូរិយា