ព័ត៌មានទាន់ហេតុការណ៍៖

ទុកបន្ទប់ដេកឳពុកស្លាប់ចោលជិតមួយឆ្នាំ ទៅរៀបចំឡើងវិញប្រទះឃើញគ្រាប់ អាវុធយុទ្ធភ័ណ្ឌជាច្រើន នៅក្រោមគ្រែ

ចែករំលែក៖

ខេត្តកណ្តាល ៖ ស្ត្រីម្នាក់ចូលរៀបចំបន្ទប់ ក្រោយពីឪពុកទទួលមរណៈភាពអស់រយៈកាលជិត១ឆ្នាំ ស្រាប់តែប្រទះឃើញ គ្រាប់ អាវុធយុទ្ធភ័ណ្ឌជាច្រើន នៅក្រោមគ្រែ ក្នុងបន្ទប់ឪពុក បិទទ្វារចោលអស់ច្រើនខែ ភ័យស្លន់ស្លោ ប្រញាប់រាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ច ចុះទៅពិនិត្យ និងមានវិធានការ ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលស្រុកអង្គស្នួលបានឲ្យដឹងនាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះថា សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ សំ សុីនួន ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ រស់នៅផ្ទះកើតហេតុភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

បើតាមការបំភ្លឺពីស្ត្រីម្ចាស់ផ្ទះ នៅចំពោះមុខសមត្ថកិច្ច បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ បន្ទប់ដែលប្រទះឃើញគ្រាប់ អាវុធយុទ្ធភ័ណ្ឌ ជាបន្ទប់របស់ឪពុកឈ្មោះ សំ វណ្ណា អតីតយោធាស្រុកអង្គស្នួលដែលបានឈប់ពីការងារ ហើយបានស្លាប់ទៅកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ដោយ រោគាពាធ ។ ប្រភពបន្តទៀតថា ក្រោយពីឪពុកស្លាប់ទៅ បន្ទប់ខាងលើបានបិទទ្វារចាក់សោទុកចោល អស់រយៈពេលជិត១ឆ្នាំទៅហើយ ទើបតែនៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ គិតចង់រៀបចំបន្ទប់ឡើងវិញ ស្រាប់តែប្រទះឃើញ អាវុធយុទ្ធភ័ណ្ឌជាច្រើននៅក្រោមគ្រែរបស់ឳពុក រួចក៏រាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចតែម្តង។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ច នគរបាល អាវុធហត្ថ អាជ្ញាធរសុីម៉ាក់ អាជ្ញាធរ ម្ចាស់ផ្ទះ ចុះទៅពិនិត្យនៅក្នុងផ្ទះជាក់ស្តែង ឃើញមាន ៖ គ្រាប់បែកដៃចំនួន៣គ្រាប់ ,គ្រាប់មីនខ្យល់៧២A ១គ្រាប់,គីបអគ្គីសនី ចំនួន៧ ,គីបធម្មតា៥ ,គីបគ្រាប់បែកដៃចំនួន៧០ ,ម្សៅ TNT ៤,៥ដុំ  =៤៥០g ,អាវុធ ម៉ាកM15 ចំនួន១ដើម, អាវុធ ម៉ាកM19ចំនួន១ដើម,បង់៨ (មានគ្រាប់ក្នុងបង់២បង់),គ្រាប់Akចំនួន៦៩គ្រាប់ ,គ្រាប់M15 ៣២គ្រាប់ ។

បន្ទាប់ពីពិនិត្យរួចសមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់គ្រាប់បែក គ្រាប់មីន ម្សៅTNT ជូនទៅអង្គភាពសុីម៉ាក់ ចំណែកគ្រាប់កាំភ្លើង អាវុធ ប្រគល់ជូន នគរបាលស្រុកអង្គស្នួល ដើម្បីយកទៅរក្សាទុក ទីមានសុវត្តិភាព៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖