ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ម្សិលមិញនេះ បានទទួលការចូលជួបសម្តែងការគួរសមរបស់ លោក Santo Darmosumarto ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជា នៅទីស្តីការ ក្រសួងការបរទេស ដោយក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានរំលឹកពីការគាំទ្ររបស់ ប្រទេសឥណ្ឌូណេស៊ីចំពោះដំណើរការសន្តិភាពនៅកម្ពុជា និងបានកោតសរសើរចំពោះទំនាក់ទំនង ទ្វេភាគីដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ លើវិស័យនយោបាយ សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការលើវិស័យ ការពារជាតិ។
លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត មានសេចក្តីសោមនស្សរីករាយ ចំពោះការផ្លាស់ប្តូរកម្រិតខ្ពស់ដ៏កក់ក្តៅ និងប្រកបដោយមិត្តភាពរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងជោគជ័យនៃកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការចម្រុះកម្ពុជា-ឥណ្ឌូណេស៊ី សម្រាប់កិច្ចសហ- ប្រតិបត្តិការទ្វេភាគី (The 5th JCBC) ដែលបានប្រព្រឹត្តទៅកាលពីខែសីហា ឆ្នាំ២០២៤ ដោយបាន ពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំថែមទៀត។
លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត មានទស្សនៈរួមគ្នាថា ប្រទេសទាំងពីរមានឱកាសច្រើនថែមទៀតក្នុងការពង្រីក ពាណិជ្ជកម្មទ្វេភាគី ដែលមានកំណើនទឹកប្រាក់លើសពីមួយប៊ីលានដុល្លារអាមេរិករួចមកហើយនៅក្នុងឆ្នាំ២០២៣ ហើយបានស្វាគមន៍កិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនពាណិជ្ជកម្មអង្ករ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មអាហារហាឡាល់។
លោកឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ក៏បានសង្កត់ធ្ងន់លើ ភាពចាំបាច់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន តាមរយៈការអប់រំ ទេសចរណ៍ និង ជើងហោះហើរត្រង់បន្ថែមទៀត ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ តាមរយៈកម្មវិធីពង្រឹងសមត្ថភាព និងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាដើម។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទន្ទឹងរង់ចាំជួបសន្ទនាជាមួយសមភាគីឥណ្ឌូណេស៊ី នាពេលខាងមុខ ដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រវាងកម្ពុជា និងឥណ្ឌូណេស៊ី រួមទាំងក្រោមក្របខ័ណ្ឌអាស៊ានផងដែរ៕
ដោយ៖ តារា