ខេត្តកណ្ដាលៈ សមត្ថកិច្ចនគរបាលស្រុកអង្គស្នួលសម្រុកចូលទៅបង្រ្កាបសំបុកជួញដូរគ្រឿងញៀនមួយកន្លែងឈានដល់ឃាត់ខ្លួនជនល្មើស៤នាក់រឹបអូសវត្ថុតាងពាក់ព័ន្ធមួយចំនួន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។ ប្រតិបត្តិការបង្រ្កាបនេះធ្វើឡើងកាលពីវេលាម៉ោង១៥ ណិង១០នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចលើផ្ទះជនល្មើស ស្ថិតក្នុងភូមិព្រៃពួចឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនល្មើសទី១-ឈ្មោះ បូ វិបុល ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិប្របវត្ត ឃុំព្រៃពួច ស្រុកអង្គស្នួល (ជាមុខសញ្ញាជួញដូរគ្រឿងញៀន) ទី២-ឈ្មោះ ហង្ស សុខនៅ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រៃពួច ឃុំព្រៃពួច ស្រុកអង្គស្នួល (ជាអ្នកផ្ដល់ទីតាំង) ទី៣-ឈ្មោះ ស៊ុក សាន់វីរ៉ាណាន់ ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិព្រៃក្រាយ ឃុំព្រៃពួច (ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន) ទី៤-ឈ្មោះ ហែម សុធា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន) មានទីលំនៅភូមិព្រៃពួច ឃុំព្រៃពួច ។ ចំណែកឯជនល្មើសម្នាក់ទៀតដែលបានរត់គេចខ្លួននោះ ក៏ជាអ្នកផ្តល់ទីតាំងផងដែរ ត្រូវបានសមត្ថកិច្ចធ្វើសាវតាជាតិ ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។
ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការបង្រ្កាបឃាត់ខ្លួនជនល្មើសខាងលើនេះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០១កញ្ចប់, ដាវសាំម៉ូរ៉ៃចំនួន០១, កាំបិតប៉័ងតោចំនួន០១, ឧបករណ៍សម្រាប់ចម្រាញ់កែច្នៃគ្រឿងញៀនមួយកំផ្លេ,សម្ភារៈសម្រាប់វេចខ្ចប់ និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនជាច្រើនទៀត ។
អធិការនគរបាលស្រុកអង្គស្នួលលោកវរសេនីយ៍ទោ មាន សំណាង បានឲ្យដឹងថា នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ សមត្ថកិច្ចនគរបាលស្រុកទទួលបានព័ត៌មានថា មានជនល្មើសមួយក្រុមមានគ្នាប្រមាណ៤ទៅ៥នាក់ កំពុងជួបជុំគ្នាទៅលើផ្ទះមួយកន្លែងសំងំចម្រាញ់កែច្នៃគ្រឿងញៀន ដើម្បីទុកសម្រាប់ជួញដូរនិងប្រើប្រាស់ ។ បន្ទាប់ពីទទួលបានព័ត៌នេះ លោកបានបញ្ជាឲ្យសមត្ថកិច្ចនគរបាលស្រុកសហការជាមួយនគរបាលប៉ុស្ដិ៍រដ្ឋបាលចុះឡោមព័ទ្ធបង្រ្កាបទីតាំងផ្ទះខាងលើនេះ ឈានដល់ឃាត់ខ្លួនជនល្មើស៤នាក់ក្នុងចំណោមបក្ខពួក៥នាក់ រឹបអូសវត្ថតាងពាក់ព័ន្ធជាច្រើនទៀត ដើម្បីកសាងសំណុំរឿងចាត់ងតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ