ព័ត៌មានទាន់ហេតុការណ៍៖

លោក ស៊ូ ម៉ុល អញ្ជើញ សម្ពោធអគារខ្លោងទ្វារនិងរបងសាលាបឋមសិក្សាត្បែងរាំ ដែល ជាអំណោយសប្បុរសជន នៅឃុំសំបួរ ស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ស៊ូ ម៉ុល អភិបាល នៃគណៈអភិបាលស្រុករមាសហែក នាព្រឹកថ្ងៃទី៨ខែមករាឆ្នាំ២០២៥ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធអគារ ខ្លោងទ្វារនិងរបងសាលាបឋមសិក្សាត្បែងរាំ ដែលជាអំណោយសប្បុរសជននៅឃុំសំបួរស្រុករមាសហែក។

ក្នុងឱកាសនោះ លោក ស៊ូ ម៉ុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះលោកមេឃុំសំបួរ  និងសប្បុរសជនទាំងអស់ដែលបានបរិច្ចាគនូវធនធាន និងលះបង់កម្លាំងកាយចិត្ត បញ្ញាស្មារតីចូលរួមអភិវឌ្ឍសមិទ្ធផល ក្នុងសាលាបឋមសិក្សាត្បែងរាំដែលត្រូវ ដាក់អោយសម្ពោធនាពេលនេះ ព្រមទាំង សមិទ្ធផលផ្សេងៗទៀត នៅឃុំរបស់យើង ក្នុងស្រុករមាសហែក ឱ្យកាន់តែរីកចម្រើនជាលំដាប់។

លោកបានសម្ដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអង្គភាពពាក់ព័ន្ធទាំងអស់នៅក្នុងស្រុករមាសហែកដែលបានយកអស់ពីកម្លាំងកាយចិត្តខិតខំបំពេញភារកិច្ចយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់ រួមគ្នារក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម បានយ៉ាងល្អប្រសើរ។

លោកអភិបាលស្រុកបន្តថា វិស័យអប់រំ គឺជាវិស័យអាទិភាពមួយដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ចាប់ផ្តើមអនុវត្តនូវគោលនយោបាយសំខាន់ៗ ដូចដែលមានចែងក្នុងយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ផ្តោតទៅលើការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងការដាក់ចេញនូវវិធានគន្លឹះសម្រាប់ពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីកម្រិតមត្តេយ្យសិក្សាឡើងទៅ។

លោកបន្ថែមថា បន្ទាប់ពីទទួលបានសុខសន្តិភាពពេញលេញ ការឯកភាពជាតិ ស្ថិរភាពនយោបាយមក ប្រទេសកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ និងសម្រេចបាននូវសមិទ្ធផលធំៗ ជាច្រើនក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ដោយបានផ្លាស់ប្តូរមុខមាត់គួរជាទីមោទនៈ តាមរយៈការអនុវត្តប្រកបដោយជោគជ័យនូវ នយោបាយ ឈ្នះ=ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នសម្តេចជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាប្រធានព្រិទ្ធសភា ពិសេស បច្ចុប្បន្នមានសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៛ក្សាបាននូវសុខសន្តិភាព និងការសម្រេចបាននូវសមិទ្ធផល ធំៗជាច្រើនរហូតមកដល់ពេលនេះគឺ មិនមែនជារឿងចៃដន្យនោះទេ គឺជាការសម្រេចចិត្តដោយមានការគ្រោងទុកប្រកបដោយទស្សនៈ វិស័យវែងឆ្ងាយ អំពីជោគវាសនាអនាគតរបស់ប្រទេសជាតិ។

លោកក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងក៏ដូចជាអង្គភាពពាក់ព័ន្ធជុំវិញស្រុករមាសហែក ត្រូវបន្តពង្រឹង និងលើកកម្ពស់សមត្ថភាពក្នុងការ ផ្តល់សេវាសាធារណៈ ជូនបងប្អូន ប្រជាពលរដ្ឋប្រកបដោយ គណនេយ្យភាព, គុណភាព ,រហ័ស និងជឿទុកចិត្ត ត្រូវជំរុញចលនាផ្សព្វផ្សាយនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានសកម្មតាមគ្រប់រូបភាព និងចំគោលដៅ ពិសេសសិស្សានុសិស្ស កម្មករ ពលករ ដើម្បីបានយល់ជ្រួតជ្រាប និងចូលរួមអនុវត្តប្រកបដោយជោគជ័យ។

លោកបន្ថែមទៀតថា ទន្ទឹមគ្នានេះ ត្រូវបង្កើនការអប់រំ បំផុសចលនា នឹងលើកទឹកចិត្តឱ្យមានការចូលរួមគ្រប់សមាសភាព ពិសេសក្នុងស្រទាប់យុវជន ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ស្របតាម ពាក្យស្លោក «បីកុំ មួយរាយការណ៍»។

ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវបង្កើនវិធានការអប់រំដោយដើរ ទន្ទឹមនឹងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីលើកកម្ពស់ការចូលរួមគោរពអនុវត្តច្បាប់ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ពិសេស សូម គណៈគ្រប់គ្រងសាលាបឋមសិក្សាត្បែងរាំ និងលោកគ្រូ អ្នកគ្រូ យកចិត្តទុកដាក់លើសុខភាព របស់សិស្ស តាមរយៈការត្រួតពិនិត្យគុណភាពចំណីអាហារ ដែលដាក់លក់នៅក្នុង សាលារៀន ឱ្យបានជាប់ជាប្រចាំ។

ជាទីបញ្ចប់ លោក បានសង្ឃឹមយ៉ាងមុតមាំថា សមិទ្ធផលខាងលើ និងឆ្លើយតបទៅនឹងសេចក្តីត្រូវការ របស់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ក៏ដូចជាសិស្សានុសិស្ស ក្នុងសាលាបឋមសិក្សា ត្បែងរាំហើយក៏សូមប្រើប្រាស់សមិទ្ធផលនេះជាប្រយោជន៍រួម និងចូលរួម ថែរក្សាឱ្យគង់វង្សយូរអង្វែង ។

បន្ទាប់មក លោកអភិបាលស្រុក ក៏ដូចជាលោកលោកស្រីដែលជា ទាំងអស់ ក៏បានផ្ដល់សម្ភារសិក្សានិងថវិការមួយចំនួន ដល់ប្អូនៗសិសានុសិស្សដែលបានចូលរួមនាពេលនេះផងដែរ៕

ដោយ៖ សុថាន


ចែករំលែក៖