ព័ត៌មានទាន់ហេតុការណ៍៖

ដំណឹងរីករាយសាទរឆ្នាំថ្មី ៖ វីដេអូពីម៉ាស៊ីនថតស្វ័យ ប្រវត្តិថតបានដំរីអាស៊ី១ហ្វូងនៅតំបន់ជួរភ្នំក្រវាញកណ្តាល ក្នុងនោះមានកូនដំរីផង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ វីដេអូពីម៉ាស៊ីនថតស្វ័យប្រវត្តិបង្ហាញវត្តមាន ដំរីអាស៊ីមួយហ្វូង ដើរឆ្លងកាត់តំបន់ការពារនៅតំបន់ជួរភ្នំក្រវាញកណ្តាលនៃប្រទេសកម្ពុជា។ បីក្បាលក្នុង​ចំណោមដំរីមួយហ្វូងនេះ គឺជាកូនដំរី ដែលមើលទៅហាក់មានសុខភាពល្អ។ វត្តមាននៃកូនដំរី បង្ហាញពីក្តីសង្ឃឹមនៃការរស់រាន និងបន្តពូជនៃប្រភេទសត្វដ៏កម្រនេះ។ សត្វដំរីអាស៊ី គឺជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជ ក្នុងបញ្ជីក្រហមរបស់អង្គការIUCNដែលរងការគំរាមកំហែងពីអន្ទាក់ និងការបាត់បង់ទីជម្រកទូទាំងពិភពលោក។ 

យោងតាមក្រសួងបរិស្ថាន ​មានដំរី​អាស៊ី​ចំនួន​ប្រមាណ​ពី​ ៤០០ ទៅ៦០០ក្បាល នៅ​កម្ពុជា ហើយភាគ​ច្រើនពួកវារស់​​នៅក្នុង​តំបន់​ជួរភ្នំក្រវាញ​ និងតំបន់​ខ្ពង់​រាប​ភាគ​ខាង​កើត។ នៅក្នុងធម្មជាតិ សត្វដំរី ដើរតួនាទីជាវិស្វករនៃប្រព័ន្ធអេកូឡូស៊ី ដោយមានមាឌធំសម្បើម ពួកវាត្រួស ត្រាយផ្លូវក្នុងព្រៃសម្រាប់សត្វតូចៗដទៃទៀត។ ​សត្វដំរីក៏ដើរតួនាទីយ៉ាងសំខាន់ផង ក្នុងការបែកខ្ញែកគ្រាប់ពូជនៅក្នុងព្រៃ និងពួកវាត្រូវការជម្រកធម្មជាតិដែលមានទំហំធំសមរម្យដើម្បីចល័ត ស្វែងរកចំណី និងរស់នៅ។ 

នៅតំបន់ជួរភ្នំក្រវាញកណ្តាល អង្គការអភិរក្សអន្តរជាតិកម្ពុជា ជាមួយរាជរដ្ឋាភិបាលកម្ពុជា មានក្រសួងបរិស្ថាន អាជ្ញាធរ សហគមន៍មូលដ្ឋាន ជនជាតិដើមភាគតិច និងដៃគូពាក់ព័ន្ធ ដោយមានការគាំទ្រពី USAID Morodok Baitang-មរតកបៃតង និង The Legacy Landscapes Fund និង Procter & Gamble Co ធ្វើការរួមគ្នាក្នុងការពារសត្វព្រៃរួមទាំងដំរីអាស៊ី និងជម្រករបស់វា តាមរយៈគម្រោង REDD+។ ការការពារទីជម្រកធម្មជាតិ គឺមានសារៈសំខាន់ណាស់ក្នុងការរស់រាននៃសត្វដំរីអាស៊ី និងសត្វព្រៃសំខាន់ៗដទៃទៀត ដែលរក្សានូវលំនឹងបរិស្ថានធម្មជាតិ៕

ដោយ៖ សូរិយា


ចែករំលែក៖