ខេត្តកំពង់ឆ្នាំង៖ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង តែងតែចាត់ឱ្យកងកម្លាំងការិយាល័យនគរបាលចរាចរណ៍ ចុះណែនាំនិងធ្វើការអប់រំដល់ប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដេីម្បីកាត់បន្ថយការគ្រោះថ្នាក់ណាមួយជាយថាហេតុមិនថាផ្លូវគោក ឬផ្លូវទឹក ។
ជាក់ស្ដែងនៅព្រឹកថ្ងៃចន្ទទី១៣ ខែមករា ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវទឹក បានបន្តចុះផ្សាយអប់រំណែនាំដល់ ម្ចាស់ជលយានយន្ត, កាណូតដចម្លងដឹកអ្នកដំណើរ នៅចំណុចភូមិចុងកោះ និងភូមិកណ្តាលស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញ បានផ្សព្វផ្សាយអប់រំណែនាំ មានដូចខាងក្រោម៖
*១-មិនបើកបរក្នុងស្ថានភាពស្រវឹង។
*២-មុនចេញដំណើរម្ចាស់កាណូតត្រូវមានឧបករណ៍សង្រ្គោះដូចជា៖ ពោងសង្រ្គោះ ,ម៉ាសុីនបូមទឹក,បំពង់ពន្លត់អគ្គីភ័យដាក់ តាមកាណូត និងអ្នករួមដំណើរត្រូវតែពាក់អាវពោងសុវត្ថិភាពទាំងអស់គ្នា ។
*៣-មិនត្រូវដាក់សម្ភារៈរឺទំនិញផ្សេងៗនិងមនុស្សលើសចំណុះ ។
*៤-កាណូតដែលពុំទាន់មានឯកសារគ្រប់គ្រាន់ត្រូវទៅបំពេញបែបបទ នៅមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តឲ្យបានត្រឹមត្រូវ តាមច្បាប់ ។
*៥-គ្រប់អាជីវកម្មកំពង់ចម្លងទាំងអស់ ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់នាវា, ទូកដចម្លងកែច្នៃខុសបច្ចេកទេសយកមកប្រើប្រាស់ជានាវា, ទូកដចម្លង។
*៦-គ្រប់អាជីវករដែលលក់ដូរ នៅលើទូកតាមមាត់ទន្លេ ត្រូវជួយសំអាតអនាម័យឲ្យបានស្អាត ៕
ដោយ៖ តារា