ភ្នំពេញ៖ ក្មេងទំនើងមួយក្រុមមានគ្នាជិត១០នាក់ប្រដាប់ដោយដាវកាំបិតបានធ្វើសកម្មភាពកាប់បំផ្លិចបំផ្លាញម៉ូតូពីរគ្រឿងរួចគេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅមុខផ្សារច្បារអំពៅ ផ្លូវលេខ៣៦៩ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះប្រុសស្រីពីរនាក់បានជិះម៉ូតូពីរគ្រឿងដោយមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌សលាយខៀវ និងមួយគ្រឿងទៀតម៉ាកហុងដាស្គូពី ពណ៌ក្រហម បានចេញពីផ្ទះមកទិញស្លាបមាន់នៅមុខផ្សារច្បារអំពៅកន្លែងកើតហេតុ ខណៈទិញរួចពួកគេក៏អង្គុយលេង ស្រាប់តែមានក្រុមក្មេងទំនើងមួយក្រុមមានគ្នាប្រហែល១០នាក់ជិះម៉ូតូជាច្រើនគ្រឿង បានមកដល់ធ្វើសកម្មភាពយកដាវកាំបិតកាប់បំផ្លិចបំផ្លាញម៉ូតូជនរងគ្រោះបណ្តាលឲ្យខូចខាតទាំងពីរគ្រឿងហើយក៏នាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោល។
បន្ទាប់ពីកើតហេតុឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុដើម្បីសួរនាំ រួចហើយក៏បានណែនាំម្ចាស់ម៉ូតូទាំងពីរនាក់យកម៉ូតូដែលរងការខូចខាតទៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅទី២ ដើម្បីសមត្ថកិច្ចសួរនាំក៏ដូចជាដាក់ពាក្យបណ្ដឹងឱ្យសមត្ថកិច្ចស្រាវជ្រាវរកក្រុមក្មេងទំនើងដែលជាអ្នកកាប់បំផ្លិចបំផ្លាញម៉ូតូនោះមកចាត់ការតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ