ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃឹម ហ្វីណង់ ៖ ជួយនាំគ្នាផ្សព្វផ្សាយឱ្យត្រូវ ជំរុញឱ្យកសិករយើងងាកមកចាប់យកពូជអង្ករក្រអូបរបស់កម្ពុជាជំនួសពូជស្រូវរបស់វៀតណាមវិញ

ចែករំលែក៖

ភ្នំពេញ ៖ ពេលវេលានេះ មិនមែនជាពេលកេងចំណេញនយោបាយនោះទេ តែជាពេលមូរដៃអាវធ្វើការរួមគ្នា ដើម្បីប្រែក្លាយបញ្ហាប្រឈមឱ្យទៅជាឱកាស ជួយនាំគ្នាផ្សព្វផ្សាយឱ្យត្រូវ ជំរុញឱ្យកសិករយើងងាកមកចាប់យកពូជអង្ករក្រអូបរបស់កម្ពុជាជំនួសពូជស្រូវរបស់វៀតណាមវិញ ជាជាងទៅកាត់យកពាក្យសំដីត្រឹមតែជាង១នាទីនៃបទសម្ភាសជិត២០នាទី ហើយដាក់ចំណងជើងថា«រដ្ឋមន្ត្រី ក្រសួង កសិកម្ម ស្តី បន្ទោស កសិករ » ក្នុងចេតនាព្យាយាមធ្វើឱ្យមានការយល់ច្រលំពីអត្ថន័យដើម និងបន្ទុចបង្អាក់ដល់ការបញ្ចូនសារដ៏មានសារៈសំខាន់របស់ឯកឧត្តមរដ្ឋមន្ត្រីជូនដល់បងប្អូនកសិករយើងក្នុងកាលៈទេសៈដ៏ចាំបាច់មួយនេះ។ ការលើកឡើងពីលោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ។ 

លោក ឃឹម ហ្វីណង់ បន្តថា ៖ ការបកស្រាយពន្យល់ពីស្ថានភាពថ្លៃស្រូវអូអឹមមិនមែនជាការដោះសារឬការស្តីបន្ទោសដល់កសិករនោះទេ តែជាការវាយតម្លៃសភាពការណ៍យ៉ាងជាក់លាក់នៃទីផ្សារអង្ករលើសកលលោកពីសំណាក់អ្នកជំនាញ និងទទួលស្គាល់បញ្ហាដែលយើងកំពុងមាន ដើម្បីផ្តល់ព័ត៌មានឱ្យបានត្រឹមត្រូវដល់បងប្អូនកសិករយើង រួមគ្នាដោះស្រាយបញ្ហាភ្លាមៗ និងត្រៀមរៀបចំដំណោះស្រាយនាពេលអនាគត ជៀសវាងការខាតបង់ពីហានិភ័យទីផ្សារនៅរដូវក្រោយៗទៀត។

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ លើកថា ៖ សាធារណៈជន ជាពិសេសពុកម៉ែបងប្អូនកសិករដែលកំពុងដាំស្រូវអូអឹមទាំងអស់ អាចបើកចំហបេះដូង ហើយស្តាប់បទសម្ភាសទាំងមូលពីប្រភពផ្ទាល់ឱ្យបានដល់ចប់ ដើម្បីទទួលបានខ្លឹមសារពិតប្រាកដរបស់ឯកឧត្តរដ្ឋមន្ត្រី។ បើមិនបានជួយអ្វីដោយផ្ទាល់ដល់កសិករយើងទេ យ៉ាងហោចណាស់ សូមធ្វើចំណែកមួយនៃដំណោះស្រាយ ប្រសើរជាងទៅខំប្រឹងបង្កើតបញ្ហាបន្ថែម៕

ដោយ ៖ សិលា


ចែករំលែក៖