ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងឱ្យដឹងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះថា៖ អាជ្ញាធរកម្ពុជា កំពុងរៀបចំនីតិវិធីជាមួយភាគីរុស្ស៊ី ដើម្បីបញ្ជូនខ្លួនលោក ហេង សិទ្ធី ដែលត្រូវបានចាប់ខ្លួនបាននៅប្រទេសរុស្ស៊ី ត្រឡប់មកកម្ពុជាវិញ។
មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិរូបនេះ បានគូសបញ្ជាក់ថា លោក ពុំទាន់អាចបញ្ជាក់បាននៅឡើយទេ ថា៖ លោក ហេង សិទ្ធី នឹងត្រូវបញ្ជូនមកដល់កម្ពុជានៅណានោះ ព្រោះកំពុងរៀបចំនីតីវិធីបញ្ជូនខ្លួន តាមរយៈបត្យាប័នជាមួយនឹងប្រទេសរុស្ស៊ី។
បើតាមការបញ្ជាក់របស់លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងថា អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសរុស្ស៊ី ហើយចាប់ខ្លួននេះដែរ គឺធ្វើឡើងកាលពីប្រមាណជា ៣ថ្ងៃមុន ខណៈបច្ចុប្បន្ន អាជ្ញាធរកម្ពុជា ដោយមានកិច្ចសហការជាមួយស្ថានទូតកម្ពុជាប្រចាំរុស្ស៊ី កំពុងតែបំពេញបែបបទទៅតាមច្បាប់អន្តរជាតិ ពិសេសលើកិច្ចការរវាងរដ្ឋ និងរដ្ឋ ដើម្បីបញ្ជូនខ្លួនលោក ហេង សិទ្ធី មកកម្ពុជាវិញ។
ការឈានទៅចាប់ខ្លួននេះ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាល និងអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ មិនបានបញ្ជាក់មូលហេតុនៅឡើយទេ។ ក៏ប៉ុន្តែ ការចាប់ខ្លួនពេលនេះ គឺបន្ទាប់ពីក្រសួងការបរទេសកម្ពុជា បានប្រកាសប្រាប់ស្ថានទូតកម្ពុជាប្រចាំនៅបរទេសទាំងអស់ពីការធ្វើមោឃភាពលិខិតឆ្លងដែនរបស់អតីតអ្នកឧកញ៉ារូបនេះ ហើយឱ្យជូនដំណឹងពីការមោឃភាពលិខិតឆ្លងដែននេះ ទៅកាន់រដ្ឋដែលជាម្ចាស់ផ្ទះទាំងអស់។
បើតាមលិខិតរបស់ក្រសួងការបរទេសកម្ពុជា គឺក្រសួមហាផ្ទៃ បានប្រកាសពីការធ្វើមោឃភាពលិខិតឆ្លងដែនរបស់លោក ហេង សិទ្ធី កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ក្រោយពីសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនអតីតអ្នកឧកញ៉ារូបនេះ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤។ សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់អតីតអ្នកឧកញ៉ា ហេង សិទ្ធី ពីបទគំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តទៅនៅកម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០០២៤៕
ដោយ៖ តារា