ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃេីញបុរសម្នាក់ដេកស្លាប់ក្នុងហាងម៉ាស្សាមួយកន្លែង

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ទេីបតែចេញពីមណ្ឌលកែប្រែក៏មកសំពះសុំម្ចាស់ហាងម៉ាស្សា​យីហោ​ រំដួលក្រចេះ​ ស្នាក់នៅបណ្តោះអាសន្នសិនបាន២ថ្ងៃស្រាប់តែប្រទះឃេីញដេកស្លាប់ក្នុងបន្ទប់។ 

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១ព្រឹក​ ថ្ងៃទី១៦​ ខែមករា​ ឆ្នាំ២០២៥​ នៅចំណុចហាងម៉ាស្សា យីហោ រំដួលក្រចេះ ផ្លូវចាក់បេតុង បុរីអាកាសចរណ៍ ស្ថិតក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

ជនរងគ្រោះឈ្មោះ ពៅ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ទីលំនៅបច្ចប្បន្នបានមកស្នាក់នៅកន្លែងកើតហេតុខាងលើបានរយៈពេល២ថ្ងៃ។ 

តាមសម្តីម្ចាស់ផ្ទះឈ្មោះ យ៉ន ម៉ាន ភេទស្រី អាយុ៤៨ឆ្នាំ(ម្ចាស់ហាងម៉ាស្សាយីហោ រំដួលក្រចេះ) បានឲ្យដឹងថា​ កាលពីថ្ងៃទី១៤​ ខែមករា​ ជនរងគ្រោះ(សព) បានមកសំពះសុំម្ចាស់ផ្ទះ ស្នាក់នៅមួយយប់ពីរយប់បណ្ដោះអាសន្ន ដោយប្រាប់ថារូបខ្លួនទើបចេញពីមណ្ឌលកែប្រែ ។ 

ដោយសារធ្លាប់ជាមនុស្សស្គាល់គ្នា ម្ចាស់ហាងម៉ាស្សាបានអនុញ្ញាតឲ្យជនរងគ្រោះស្នាក់នៅ(ដេក១យប់ទៅ២យប់) ។ លុះមកដល់ល្ងាចថ្ងៃទី១៥ ជនរងគ្រោះមានអាការៈក្អួតចង្អោរ ចុកដៃចុកជើង មុខហើម ជើងហើម ។ ហើយនៅវេលាម៉ោងប្រហែល៨យប់ ថ្ងៃដដែល ជនរងគ្រោះបានហូបបបរ បានបន្តិច រួចសម្រាកម្នាក់ឯង នៅក្នុងបន្ទប់ស្នាក់នៅបណ្ដោះអាសន្នជាន់ទី២ ផ្ទះម៉ាស្សាខាងលើ។ លុះព្រឹកឡើងថ្ងៃទី១៦​ ខែមករា​  បុគ្គលិកម៉ាស្សាបានឡើងទៅមើល ឃើញជនរងគ្រោះដេកក្នុងសភាពអាក្រាតកាយ ផ្កាប់មុខ ដៃជើងរឹង(ស្លាប់បាត់ហើយ) ទើបរាយការណ៍ឲ្យសមត្ថកិច្ចតែម្តង។ 

ក្រោយសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យបានអោយដឹងថា សពស្លាប់ដោយសារជម្ងឺគាំងបេះដូង។ 

បច្ចប្បន្នសមត្ថកិច្ចបាននាំយកសព ទៅតម្កល់នៅ សាលតម្កល់សព វត្តកប់ស្រូវ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីរង់ចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖