ព័ត៌មានទាន់ហេតុការណ៍៖

អ្នកបោសសម្អាតមីន២នាក់ ពលីក្នុងប្រតិបត្តិការបោសសម្អាតមីននៅភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅវេលាម៉ោង ៧:៤៥ នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥

ចែករំលែក៖

ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ផ្ញើសារលិខិតរំលែកមរណទុក្ខជូនក្រុមគ្រួសារនៃសពលោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន អ្នកបោសសម្អាតមីនពលីក្នុងប្រតិបត្តិការបោសសម្អាតមីននៅភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅវេលាម៉ោង ៧:៤៥ នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។

សារលិខិតរំលែកមរណទុក្ខ

ផ្ញើជូន ក្រុមគ្រួសារនៃសពអ្នកបោសសម្អាតមីនពលីក្នុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ

ក្នុងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន លោកស្រីបណ្ឌិត និងក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក នៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ខ្ញុំពិតជាមានសេចក្ដីក្ដុកក្ដួលរំជួលចិត្ត និងសោកស្តាយឥតឧបមាដោយបានទទួល ដំណឹងអំពីពលីកម្មរបស់ លោក អឿន ចាន់ដារ៉ា និង លោក ពៅ នេពីន ជាបុគ្គលិកបោសសម្អាតមីន របស់មជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា ក្នុងឧបទ្ទវហេតុផ្ទុះមីនអំឡុងពេលកំពុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំ បាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅវេលាម៉ោង ៧:៤៥ នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏សែនក្រៀមក្រំនេះ ខ្ញុំសូមពាំនាំនូវសាររំលែកមរណទុក្ខដ៏ក្រៀមក្រំ និងការសោក ស្តាយជាទីបំផុតពី សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងលោកស្រីបណ្ឌិត ចូលរួមរំលែកទុក្ខជាមួយ ក្រុមគ្រួសារនៃសព លោក អឿន ចាន់ដារ៉ា និង លោក ពៅ នេពីន ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកទាំងអស់ នៃ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដែលបានបាត់បង់សមាជិកគ្រួសារ បាត់បង់សហការី និងមិត្តរួមការងារដ៏អង់អាច ក្លាហាន ដែលតែងបានចូលរួមធ្វើពលិកម្មគ្រប់បែបយ៉ាង ប្រកបដោយឆន្ទៈមនសិការដ៏មោះមុត ក្នុងបុព្វហេតុមនុស្សធម៌ជា រៀងរហូតមក។ ការបាត់បង់ លោក អឿន ចាន់ដារ៉ា និង លោក ពៅ នេពីន ជាការបាត់បង់វីរជនដោះមីនដ៏អង់អាចក្លាហាន ដែលតែងតែលះបង់ ដើម្បីសុខសុវត្ថិភាពរបស់ប្រជាជនមូលដ្ឋាន។

ជាមួយគ្នានេះ ខ្ញុំសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក អឿន ចាន់ដារ៉ា និង លោក ពៅ នេពីន សូមឆាប់ បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

សូម ក្រុមគ្រួសារសព មេត្តាទទួលនូវការរំលែកទុក្ខដ៏សែនក្រៀមក្រំ អំពីខ្ញុំ ៕

ដោយ ៖ សិលា


ចែករំលែក៖