ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យ លោក អាលី អាកបារ ណាហ្សារី ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក Ali Akbar Nazariនិងសហការី ដែលបានអញ្ជើញមកកម្ពុជា និងបានជូនពរឯកឧត្តមឯកអគ្គរដ្ឋទូតក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥។ សម្តេចតេជោ បានបន្ថែមថា ការទទួលជួបប្រធានស្ថានតំណាង ពុំមាននិវេសនដ្ឋាននៅកម្ពុជា គឺស្ថិតនៅក្នុងក្របខ័ណ្ឌនៃអាទិភាពការទូតសភា ដែលសម្តេចបានកំណត់ ហើយដែលជួយរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការងារការទូត។
នៅក្នុងឱកាសជំនួបនេះ លោក Ali Akbar Nazari បានសម្តែងនូវក្តីសោមនស្សរីករាយក្រៃលែង និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ដែលបានផ្តល់កិត្តិយសឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម និងសហការី ចូលជួបសម្ដែងការគួរសម។ ទន្ទឹមគ្នានេះ លោកឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ បានថ្លែងអំណរគុណចំពោះការជូនពរឆ្នាំថ្មី និងបានគោរពជូនពរ សម្តេចតេជោ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា នាឱកាសឆ្នាំថ្មី ឆ្នាំសកលនេះផងដែរ។ នៅក្នុងជំនួបលើកដំបូងនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ក៏បានសម្តែងនូវការអបអរសាទរចំពោះ សម្តេចតេជោ ដែលទទួលបានការគាំទ្រជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា។ លោកបានសម្តែងនូវការស្ងប់ស្ងែង និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ សម្តេចតេជោ ដែលបានបូជា លះបង់យ៉ាងធំធេង ក្នុងការដឹកនាំកម្ពុជា ឱ្យមានសន្តិភាព ស្ថិរភាព និងការរីកចម្រើនលើគ្រប់វិស័យរហូតដល់បច្ចុប្បន្ន។ សមិទ្ធផលដ៏ច្រើនលើសលុបសម្រេចបានទាំងនេះ ធ្វើឱ្យសម្តេចតេជោ ស័ក្តិសមទទួលបានងារជា «បិតាសន្តិភាពរបស់កម្ពុជា»។ ឆ្លៀតនៅក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ បានលើកឡើងបន្ថែមថា តាំងពីប្រទេសទាំងពីរភ្ជាប់ចំណងការទូតមក ទំនាក់ទំនងរវាងកម្ពុជា-អ៊ីរ៉ង់ គឺជាទំនាក់ទំនងមិត្តភាព និងស្ថាបនា។ ប្រទេសទាំងពីរក៏បានខិតខំពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការនានា ជាពិសេសនៅក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងថាមពល បច្ចេកវិទ្យា… ក៏ដូចជាកិច្ចខិតខំជំរុញការបង្កើតគណៈកម្មការចម្រុះសេដ្ឋកិច្ច-ពាណិជ្ជកម្ម។ ដើម្បីពង្រឹងសន្ទុះទំនាក់ទំនងរវាងប្រទេសទាំងពីរ ឯកឧត្តមឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ បានស្នើជំរុញឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចរវាងប្រទេសទាំងពីរឱ្យបានញឹកញ៉ាប់ និងក្នុងន័យនេះ បានពាំនាំនូវការអញ្ជើញរបស់ប្រធានសភាអ៊ីរ៉ង់ គោរពអញ្ជើញ សម្តេចតេជោ បំពេញទស្សនកិច្ចនៅអ៊ីរ៉ង់ តាមពេលវេលាសមស្រប។ នៅក្នុងស្មារតីដូចគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ក៏បានគូសបញ្ជាក់អំពីការត្រៀមខ្លួនរួចជាស្រេចរបស់ភាគីអ៊ីរ៉ង់ ក្នុងការគាំទ្រកម្ពុជាក្នុងការអភិវឌ្ឍ និងធ្វើទំនើបកម្មវិស័យសុខភាពសាធារណៈ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេវិទ្យា វិស្វកម្ម ឧស្សាហកម្ម និងវិស័យដទៃទៀត ដូចជាទេសចរណ៍ជាដើម។
ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណ លោក Ali Akbar Nazari ចំពោះការលើកឡើងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ជាពិសេស ការវាយតម្លៃខ្ពស់លើតួនាទីរបស់ សម្តេច នៅក្នុងការបង្រួបបង្រួមជាតិ និងការកសាងនិងរក្សាសន្តិភាពរយៈពេលវែង ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តកម្ពុជា។ ជាមួយគ្នានេះ សម្តេចតេជោ បានជម្រាប លោកឯកអគ្គរដ្ឋទូត អំពីការផ្ទេរអំណាចជូនថ្នាក់ដឹកនាំបន្តវេន ដែលជាការប្តូរនឹងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរយៈពេលវែង និងបានសម្តែងនូវភាពជឿជាក់ចំពោះសមត្ថភាពរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជំនាន់ថ្មី ក្នុងកិច្ចខិតខំលើកកម្ពស់ការអភិវឌ្ឍជូនជាតិមាតុភូមិឱ្យកាន់តែខ្ពស់ថែមទៀត។ សម្តេចតេជោ បានកោតសរសើរអំពីសមត្ថភាពខ្ពស់របស់អ៊ីរ៉ង់ នៅក្នុងវិស័យបច្ចេកវិទ្យា និងថាមពល។ សម្តេចតេជោ បានបន្តថា អ៊ឺរ៉ង់គឺជាប្រទេសមួយដែលអាចគាំទ្រកម្ពុជាពង្រឹងសន្តិសុខថាមពលរបស់ខ្លួន។ សម្តេចតេជោ ក៏បានរំលឹកអំពីការអញ្ជើញចូលរួមរបស់សម្តេចនៅក្នុងកិច្ចប្រជុំកំពូលនៃចលនាមិនចូលបក្សសម្ព័ន្ធ នៅទីក្រុងតេអេរ៉ង់ កាលពីឆ្នាំ២០១២ និងបានសង្កេតឃើញនូវសក្តានុពលដ៏ធំធេងរបស់អ៊ឺរ៉ង់។ នៅក្នុងបរិបទនេះ សម្តេចតេជោ បានផ្តល់អនុសាសន៍គាំទ្រឱ្យប្រទេសទាំងពីរលើកកម្ពស់ភាពជាដៃគូសេដ្ឋកិច្ច ពាណិជ្ជកម្ម តាមរយៈការជំរុញស្នូលទៅលើការបង្កើតគណៈកម្មការចម្រុះសេដ្ឋកិច្ច-ពាណិជ្ជកម្ម ដែលនឹងក្លាយជាយន្តការផ្លាស់ប្តូរការពិភាក្សាគ្នាទៅលើវិស័យទាំងនេះ ក៏ដូចជាវិស័យដទៃទៀត។ ស្តែងចេញពីយន្តការនេះ ភាគីទាំងពីរអាចចាប់ផ្តើមជំរុញការរៀបចំកិច្ចព្រមព្រៀងស្តីពីការពារវិនិយោគរវាងប្រទេសទាំងពីរ។ បន្ថែមពីលើនេះ សម្តេចតេជោបានលើកឡើងជាអនុសាសន៍ឱ្យអ៊ីរ៉ង់ផ្តោតកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត ដោយងាកសម្លឹងមកទិសខាងកើត តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ប្រទេសនានានៅក្នុងតំបន់ និងក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងផ្លាស់ប្តូរសេដ្ឋកិច្ចតំបន់ ដូចជាអាស៊ិប (RCEP) ជាដើម។ សម្តេចតេជោ ក៏បានបញ្ជាក់អំពីគោលជំហររបស់កម្ពុជាពាក់ព័ន្ធនឹងការវិវឌ្ឍស្ថានភាពនៅក្នុងតំបន់ ដូចជានៅតំបន់មជ្ឈិមបូព៌ា និងក្នុងស្មារតីនេះ បានស្នើឱ្យជំរុញយន្តការពិគ្រោះយោបល់រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់ចំពោះបញ្ហាតំបន់ និងអន្តរជាតិនានា ដែលជាប្រយោជន៍រួមនៃប្រទេសទាំងពីរ។ សម្តេចតេជោ ក៏បានចូលរួមសោកស្តាយនិងរំលែកទុក្ខចំពោះការបាត់បង់អាយុជីវិតរបស់ឯកឧត្តម Ebrahim Raisi ប្រធានាធិបតី នៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រកាលពីខែឧសភា ឆ្នាំ២០២៤ និងជាមួយគ្នានេះ តាមរយៈលោក Ali Akbar Nazari ផ្តាំផ្ញើការសួរសុខទុក្ខជូនចំពោះថ្នាក់ដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតូឡា Ali Hoseini KHAMENEI និងលោកប្រធានាធិបតី Masoud Pezeshkian។
នៅចុងបញ្ចប់ សម្តេចតេជោ បានជូនពរ និងសូមព្រះអល់ឡោះព្រទានពរជ័យជូនដល់ លោកឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ និងសហការី៕
ដោយ ៖ សិលា