ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ទទួល​ជួបជាមួយក្រុមហ៊ុនផ្តល់សេវារៀបចំថ្នាលបច្ចេកវិទ្យាឧស្សាហកម្មឌីជីថលរបស់ចិន

ចែករំលែក៖

ភ្នំពេញ​៖​ លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា តំណាងលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូចិន ដឹកនាំដោយលោក នាវ តាហុង (Niu Dahong) ប្រធានក្រុមហ៊ុន 86Links Co., Ltd. ដោយមានការសម្របសម្រួលពីឧកញ៉ា ហេង វុទ្ធី ប្រធានសមាគមអ្នកវិនិយោគចិននៅកម្ពុជា​ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ សូមជម្រាបជូនថា ក្រុមហ៊ុន 86Links Co., Ltd. មានជំនាញនិងបទពិសោធន៍ជោគជ័យលើការផ្តល់សេវារៀបចំថ្នាលបច្ចេកវិទ្យាឧស្សាហកម្មឌីជីថលនៅប្រទេសចិន។

ជាកិច្ចចាប់ផ្តើម លោកអគ្គលេខាធិការរងបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និងបានជម្រាបជូនពីបេសកកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិសេស គណៈកម្មាធិការវិនិយោគកម្ពុជា ដែលមានតួនាទីស្នូលក្នុងការជំរុញទាក់ទាញការវិនិយោគឯកជន និងការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស។ បន្ថែមលើនេះ លោកក៏បានគូសរំលេចពីស្ថានភាពវិនិយោគនៅកម្ពុជា ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ និងរបបលើកទឹកចិត្តវិនិយោគដែលពោរពេញដោយភាពអំណោយផល។

មានមតិក្នុងជំនួបនេះ លោក នាវ តាហុង ប្រធានគណៈប្រតិភូ បានថ្លែងអំណរគុណដល់លោកអគ្គលេខាធិការរងដែលបានទទួលជួបគណៈប្រតិភូក្រុមហ៊ុន ព្រមទាំងបានអត្ថាធិប្បាយយ៉ាងក្បោះក្បាយពីបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា ក៏ដូចជាកិច្ចការដែលគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកំពុងអនុវត្ត។ 

លោក នាវ តាហុង បានជម្រាបជូនថា គោលបំណងនៃកិច្ចពិភាក្សានាថ្ងៃនេះ ក្រៅអំពីការស្វែងយល់ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា ក្រុមហ៊ុនក៏មានបំណងបង្ហាញជូនពីគម្រោងកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការរៀបចំថ្នាលបច្ចេកវិទ្យាឌីជីថលមួយដែលអាចជួយជំរុញទាក់ទាញការវិនិយោគមកកម្ពុជាតាមរយៈការផ្សព្វផ្សាយពីព័ត៌មានពាក់ព័ន្ធនឹងការវិនិយោគនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ, ការតភ្ជាប់បណ្តាញព័ត៌មាន/ទិន្នន័យនៃតំបន់សេដ្ឋកិច្ចពិសេស ក៏ដូចជាគម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា, ហើយជាពិសេសទៀតនោះ ថ្នាលបច្ចេកវិទ្យានេះ ក៏អាចធ្វើការតភ្ជាប់ជាមួយថ្នាលព័ត៌មានរបស់ស្ថាប័នជំរុញវិនិយោគនិងពាណិជ្ជកម្មប្រទេសចិន និងបណ្តាប្រទេសផ្សេងៗទៀតនៅលើពិភពលោក ហើយដែលថ្នាលព័ត៌មានទាំងនោះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការស្វែងរកព័ត៌មាននានាពីបណ្តាក្រុមហ៊ុនដែលមានបំណងទៅធ្វើការវិនិយោគនៅក្រៅប្រទេស៕

ដោយ​៖ តារា​


ចែករំលែក៖