ខេត្តកំពង់ធំ៖ ដំបូកចម្លែកប្រមាណ១ម៉ែត្របានដុះនៅលើទឹកត្រពាំង ធ្វើឲ្យប្រជាពលរដ្ឋជាច្រើន បានផ្អើលឆោឡោនាំគ្នាទៅមើល និងបួងសួងសុំសេចក្តីសុខ ។
ករណីភ្ញាក់ផ្អើលនេះបានកើតឡើងបន្ទាប់ពីប្រជាពលរដ្ឋនៅភូមិក្រយា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បានឃើញដំបូកផុសកណ្តាលត្រពាំង ដែលមានទឹកជម្រៅ៣ម៉ែត្រ ហើយប្រជាពលរដ្ឋភាគច្រើនយល់ថា ជាប្រាសាទសក្តិសិទ្ធិមានបារមី អាចជួយឱ្យប្រជាពលរដ្ឋសុំសេចក្ដីសុខសប្បាយ ។ ទឹកត្រពាំងខាងលើ មានទីតាំងស្ថិតនៅក្រោយភូមិក្រយា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ភាពភ្ញាក់ផ្អើលដែលប្រជាពលរដ្ឋយល់ថា ជាវត្ថុស័ក្តិសិទ្ធិនេះ បានកើតឡើងអស់រយៈពេល ២ទៅ៣ថ្ងៃមកហើយ គិតត្រឹមថ្ងៃ២៦ ខែសីហា ឆ្នាំ២០១៦មកម្ល៉េះ ។ បច្ចុប្បន្ន អ្នកភូមិ និងប្រជាពលរដ្ឋទាំងជិតទាំងឆ្ងាយ បានរៀបចំអស្សនៈ អុជទៀនធូប រៀបចំយ៉ាងស្អាតនៅកណ្តាលត្រពាំង ។
អ្នករស់នៅភូមិក្រយា បានរៀបរាប់ថា កាលពីពេលកន្លងទៅ គេមិនដែលឃើញដំបូកដុះកណ្តាលត្រពាំងនេះទេ ទើបតែប៉ុន្មានថ្ងៃនេះ គេបានឃើញដីដំបូកផុសកណ្តាលត្រពាំង ក៏នាំគ្នារត់ទៅមើល អ្នកខ្លះយល់ថា ដីដំបូកផុសកណ្តាលត្រពាំងនេះ ហាក់ដូចជារូបនាគរាជមានបុណ្យបារមី អ្នកខ្លះទៀតថា ដំបូកនេះដុះមកធម្មតាមិនមានអ្វីសំខាន់ទេ ។
តាមធម្មតាដីដំបូកតែងតែដុះនៅកន្លែងទីទួល ឬព្រៃរបោះៗ តែនេះដំបូកដុះក្នុងទឹកផុត ពីទឹកប្រមាណ១ម៉ែត ជារឿងចំឡែក ធ្វើឱ្យប្រជាពលរដ្ឋទាំងទីជិតទីឆ្ងាយ មកមើលហើយអុចទៀនធូប បួងសួងសុំសេចក្តីសុខ ៕ ថាច់ យ៉ាត