ភ្នំពេញ ៖ អតីតពិធីការិនីនៅទូរទស្សន៍ប៉ុស្តិ៍លេខ៣ នាង សួន ភក្តី ហៅអាណូ បានប្រកាស វិលមករកការងារសិល្បៈជាថ្មី ក្រោយបាត់មុខអស់ជិត១០ឆ្នាំ។
តារាស្រី រូបនេះបញ្ជាក់ថាការវិលមករកអាជីពសិល្បៈ វិញនៅពេលនេះគឺទទួលបានលទ្ធផលល្អខណៈការងារសិល្បៈជាច្រើនដែលនាងទទួលបាន ប៉ុន្តែនាងបានបដិសេធសំណើរថតកុនខ្មោចមួយដែលតម្រូវឲ្យនាងដើរតួ។
វីជេអាណូដែលល្បីរឿងត្រូវគេចាប់កោរសក់ ឆូតនឹងផ្លែឡាមកាលពី១០ឆ្នាំមុន បានបង្ហាញខ្លួនដ៏គួរឲ្យភ្ញាក់ផ្អើលជាមួយនឹងការថតរូបបែបសិល្បៈជាមួយលោកដៃគូចាស់លោក អេនឌីកាលពីថ្មីៗ។ ការបង្ហាញខ្លួនជាមួយនឹងការប្រកាសវិលរកសិល្បៈជាថ្មីបានបង្កើតឲ្យមានការភ្ញាក់ផ្អើលព្រោះតែ១០ឆ្នាំនេះនាងមិនដែលបង្ហាញវត្តមានទាល់តែសោះក្នុងអាជីពសិល្បៈ ។
តារាស្រីរូបនេះបញ្ជាក់ថា ដោយការស្រលាញ់សិល្បៈទើបនឹងហាក់ទៅមិនឆ្ងាយពីការងារនេះ ។ ទោះជាយ៉ាងណានាង បញ្ជាក់ដែរថា មិនមែនមានតែការងារសិល្បៈទេដែលនាងធ្វើគឺពេលនេះនាងកំពុងមានជំនួញផ្នែកផលិតផលថែរក្សាសម្រស់កំពុងកាន់នៅក្នុងដៃដែរ។ អាណូបញ្ជាក់ថា ក្រោយវិលមករកការងារសិល្បៈនេះនាង ទទួលបានឱកាសការងារមួយចំនួនដូចជាការថតឈុតផ្សព្វផ្សាយពាណិជ្ជកម្ម និង ថតម៉ូតសម្លៀកបំពាក់ប្រពៃណីរបស់សម្អាងការមួយចំនួននៅភ្នំពេញ។
នាងបន្តថា នៅពេលនេះក៏មានផលិតករមួយចំនួនបានទាក់ទងនាងដើម្បីចូលរួមសម្តែងផងដែរ ហើយថ្មីៗនេះនាងបានបដិសេធសំណើររបស់ ផលិតករក្នុងការតម្រូវឲ្យនាងសម្តែងជាតួអង្គខ្មោច។ នាងបញ្ជាក់ថា ការសម្តែងខ្សែភាពយន្តហើយតម្រូវឲ្យដើរជាតួអង្គនេះគឺនាងមិនមានពេលច្រើនពិសេសជាប្រភេទរឿងដែលថតយប់ជ្រៅឬដល់ទៀបភ្លឺហើយនាងក៏ជាមនុស្សខ្លាចខ្មោចដែរ។ នាងបន្តដែរថានាងនឹងទទួលយកការថតនោះ ប្រសិនបើរឿងនោះមិនមែនជារឿងខ្មោច។ ក្រៅពីការងារសម្តែងនាងក៏ត្រូវបានស្ថានីយទូរទស្សន៍មួយកំពុងទាក់ទងឲ្យកាន់ការងារជាពិធីការិនី ប៉ុន្តែស្ថិតក្នុងការជជែកគ្នានៅឡើយ។
នាងរំពឹងដែរថា ការវិលត្រឡប់ បកកកាន់ការងារសិល្បៈជាថ្មីនៅពេលនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិក ជនជាក់ជាមិនខាន។
គេនៅមិនទាន់ភ្លេចនៅឡើយគឺកាលពីចុងឆ្នាំ២០០៨ កញ្ញា សួន ភក្តី ហៅ អាណូ ត្រូវបានរងនូវពាក្យចចាមអារាមថានាងត្រូវបានគេយកផ្លែឡាម ឆូតមុខ រូបរាងកាយ វាយដំ និងចាប់កោសក់ក្បាលជាដើមក្រោយគេសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវស្នេហាត្រីកោណ ប៉ុន្តែដំណឹងនេះត្រូវបានស្ងប់ស្ងាត់ក្រោយនាងចេញមុខបកស្រាយលើកញ្ចក់ទូរទស្សន៍ ៕ វឌ្ឍនា