ភ្នំពេញ៖ ផលិតករកម្មវិធីសិល្បៈនិងសង្គមល្បីឈ្មោះ លោក សួង សុវណ្ណារ៉ា បានប្រារព្ធពិធីខួបកំណើតគម្រប់វ័យ២៥យ៉ាងអធឹកអធមនៅក្នុងក្លិបកម្សាន្ត True Face កាលពីរាត្រី ថ្ងៃទី២៨ ខែសីហានេះ។ ផលិតកររូបនេះបានចំណាយរហូតដល់រង្វង់១ម៉ឺនដុល្លារម៉ៅក្លិបទាំងមូលដើម្បីទទួលភ្ញៀវដែលភាគច្រើនជាអ្នកសិល្បៈជាង១០០នាក់។
លោក សួង សុវណ្ណារ៉ា ដោយសារតែ កម្មវិធីដែលលោកផលិតនាពេលកន្លងមកនៅលើកញ្ចក់ទូរទស្សន៍បាយ័ន ទូរទស្សន៍ CTV8HD និង MyTV ទទួលបានការគំាទ្រ និងចង់ជួបជុំតារាសិល្បៈឲ្យបានសប្បាយរីករាយផង ទើបលោកសម្រេចចិត្តធ្វើខួប ផ្គួបនឹងការដាក់បង្ហាញផលិតផលថែរក្សាសម្រស់របស់លោកជាទ្រង់ទ្រាយធំ។ លោកថា តារាសិល្បៈប្រមាណជាង១០០នាក់ ត្រូវបានអញ្ជើញឲ្យចូលក្នុងកម្មវិធីរបស់លោក ដោយក្នុងនោះក៏មានការបង្ហាញម៉ូដប្លែកនៅពាក់កណ្ដាលយប់ ដើម្បីឲ្យភ្ញៀវ កិត្តិយសបានសប្បាយរីករាយផងដែរ។ ក្នុងពិធីនោះក៏ត្រូវគេឃើញធ្វើផ្គួបជាមួយ ពិធីសម្ពោធផលិតថែរក្សាសម្រស់ឈ្មោះ Dr. Tiara ដែលជាផលិតផលសម្រាប់តម្រូវស្បែករបស់ប្រជាជនកម្ពុជាផ្ទាល់តែម្តង។
តារាដែលបានបង្ហាញខ្លួនក្នុងកម្មវិធី សម្ពោធផលិតផលនិងខួបកំណើតរបស់ លោក សួង សុវណ្ណារ៉ា កាលពីយប់ទី២៨ ខែសីហា នោះរួមមានកញ្ញាមាស សុខសោភា, កញ្ញា ញឹម ចាន់ថន, វីជេអាណូ, កញ្ញាគៀត សុវណ្ណាឡាង, លោកម៉ាដូណា , លោកអាឡិចដូហ្វី, លោកប៊ឺរី លោកណា ខុន, អ្នកនាងទូច ស្រីលក្ខណ៍, កញ្ញាឱក សុម៉ាដាលីស, កញ្ញា ពៅ លីដា, លោកចន ច័ន្ទដារ៉ា, លោកពៅ ពិសិដ្ឋ និងតារាល្បីឈ្មោះជាច្រើនផ្សេងទៀត ។
គួរបញ្ជាក់ដែរថា លោក លោក សួង សុវណ្ណារ៉ា ត្រូវបានអ្នកសិល្បៈជាច្រើន បានស្គាល់តាមរយៈលោកបានដឹកនាំការផលិតកម្មវិធីសិល្បៈ ជាច្រើនបូករួមទាំង កម្មវិធីទាក់ទងនឹងសម្រស់នៅបណ្តាស្ថានីយទួរទស្សន៍មួយចំនួន។ ផលិតករមិនជាប់ កិច្ចសន្យារូបនេះបញ្ជាក់ថាកន្លងមកលោកធ្លាប់ទទួលបានការគាំទ្រជាច្រើនលើការ ផលិតកម្មវិធីល្បីៗរបស់ទូរទស្សន៍ក្នុងស្រុកមួយចំនួន ទោះជាយ៉ាងណាផលិតករវ័យ២៥ឆ្នាំរូបនេះមិនមានបំណងប្រឡូកចូលក្នុងអាជីពសម្តែងទេបើទោះបីជារូបលោកមានរូបសម្រស់មិនចាញ់តារាសម្តែងក្តី។ លោកថានៅពេលដ៏ខ្លីខាងមុខនេះលោកនឹងផលិតកម្មវិធីទូរទស្សន៍ប្លែកៗមួយចំនួនទៀតដើម្បីបម្រើអារម្មណ៍ទស្សនិកជន ៕ វឌ្ឍនា
សូមអានបន្ត ៖ Inter Milan បានចំណាយទឹកប្រាក់៤៥លានអឺរ៉ូ ទិញJoao Marioពីព័រទុយហ្គាល់