ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញលោកមេបញ្ជាការរងកងពលតូចដឹកជញ្ជូនលេខ៩០ដេកស្លាប់នៅក្នុងអង្គភាព

ចែករំលែក៖

ខេត្តកណ្តាលៈ លោក ឡុង សាវុធ មេបញ្ជាការរង នៃបញ្ជាការដ្ឋានកងពលតូចដឹកជញ្ជូនលេខ៩០ ត្រូវបានមន្ត្រីក្រោមឱវាទដើរប្រទះឃើញដេកស្លាប់នៅក្នុងអង្គភាព បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៣ និង៤៥នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចខាងមុខបន្ទប់មេបញ្ជាការរង នៃបញ្ជាការដ្ឋានកងពលតូចដឹកជញ្ជូនលេខ៩០ ស្ថិតក្នុងភូមិគីរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

សាកសពលោក ឡុង សាវុធ ត្រូវបានសមត្ថកិច្ចនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ក៏ដូចជាក្រុមគ្រូពេទ្យជំនាញប្រតិបត្តិស្រុកអង្គស្នួលអះអាងថា ស្លាប់ដោយសាខ្យល់គដួលផ្ងាក​ក្រោយបោកទៅលើកម្រាលថ្ម ខណៈដែលជនរងគ្រោះដើរចេញមកខាងក្រៅបន្ទប់ ។​ លោក ឡុង សាវុធ មានអាយុ៥៦ឆ្នាំ មានទីលំនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បច្ចុប្បន្នជាមេបញ្ជាការរង នៃបញ្ជាការដ្ឋានកងពលតូចដឹកជញ្ជូនលេខ៩០ មានឋានន្តរសក្តិថ្នាក់ ឧត្តមសេនីយ៍ត្រី ។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា តាមកាបំភ្លឺរបស់សាក្សីឈ្មោះ ឃួន ឈឿន នៅម៉ោង០៤រសៀល ជនរងគ្រោះបានអង្គុយនៅលើសាឡុងខាងមុខទីបញ្ជាការ ដោយនិយាយថា “ឈឺគ្រាប់ភ្នែក មិនបានទៅហូបបាយទេ” ។ ក្រោយពីនិយាយចប់ជនរងគ្រោះក៏បានដើរចូលទៅសំរាកក្នុងបន្ទប់បាត់ទៅ ។ លុះដល់ម៉ោង០៣ និង៤៥នាទីទាបភ្លឺ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ឈ្មោះ ឃួន ឈឿន ក្រោកពីដំណេកទៅជុះនោម ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់នៅលើសួនច្បារខាងមុខបន្ទប់ស្នាក់នៅ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលឡោឆោឡើងតែម្តង ។

តាមការបំភ្លឺពីឈ្មោះ ឡុង សុផាន់ណា ភេទប្រុស អាយុ៣២ឆ្នាំ ដែលត្រូវជាកូនបង្កើតរបស់ជនរងគ្រោះបានឲ្យដឹងដែរថា ជនរងគ្រោះជាឪពុករបស់ខ្លួនមានជម្ងឺប្រចាំកាយ(ជម្ងឺលើសឈាម) ជាឆ្នាំកន្លងមកហើយ ។

បន្ទាប់ពីពិនិត្យយ៉ាងយកចិត្តទុកដាក់សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសាខ្យល់គ មិនមានជាប់ពាក់ព័ន្ធទៅនឹងបទល្មើសអ្វីឡើយ ។ បច្ចុប្បន្នសាកសពលោកផ្កាយមួយរូបនេះត្រូវបានក្រុមគ្រួសារដឹកយកទៅតម្កល់ធ្វើបុណ្យនៅឯលំនៅដ្ឋានភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕ ស្អាងជ័យ

se

rr


ចែករំលែក៖