ភ្នំពេញ៖ ការរិះគន់ របស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ សមាជិករបស់គណបក្សសង្រ្គោះជាតិ ដែលថា នៅក្នុងស្ថាប័នកងទ័ព ប៉ូលិសមិនមានតាំងរូបព្រះឆាយាលក្ខណ៍ បែរជាតាំងរូបអ្នករំដោះថ្ងៃ៧មករានោះ ធ្វើឲ្យនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ កងយោធពលខេមរភូមិន្ទ បានប្រតិកម្មខ្លាំងៗ ដោយចាត់ទុកបន្ទូលរបស់ព្រះអង្គថា កំពុង «ព្រហើន»ដាក់អង្គភាពកងទ័ពនៅក្នុងប្រទេសកម្ពុជា ។
នាយឧត្តមសេនីយ៍រូបនេះ បានបញ្ជាក់ថា «កងទ័ពមានសិទ្ធិគ្រប់គ្រាន់ក្នុងការគោរព និងការពាររាជរដ្ឋាភិបាល ដូចគ្នាទៅនឹងស្ថាប័នព្រះមហាក្សត្រ» ដែរ។«ខ្ញុំមិនខ្លាចក្រែងរឿងដាក់រូបថត ៧មករា រឿងព្រះមហាក្សត្រ គឺត្រូវតែគោរព ជាទីសក្ការៈដែលយើងខ្ញុំ ទាំងអស់គ្នាត្រូវតែគោរពត្រូវតែបូជា ប៉ុន្តែចំពោះអ្នកឯងមួយដែលជាស្តេចធ្វើនយោបាយ ខ្ញុំមិនស្តាប់អ្នកឯងទេ ហើយខ្ញុំមិនគោរពអ្នកឯងទេ ហើយខ្ញុំក៏មិនតាមអ្នកឯងដែរ អ្នកឯងត្រូវយល់ឱ្យច្បាស់ កុំព្រហើនជាមួយកងទ័ព»។
នាយឧត្តមសេនីយ៍បន្តថា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានមានព្រះបន្ទូល នៅក្នុងវេទិការបស់គណបក្សសង្រ្គោះជាតិ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះថា «វាបំពានដល់ ស្ថាប័នព្រះមហាក្សត្រ សឹងតែរៀងរាល់ថ្ងៃ។ ទៅមើលទៅ ! នៅក្នុងបន្ទាយ អង្គភាព ស្នងការប៉ូលិសនីមួយៗមានព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រ ដែលចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញរបស់យើងទេ? គឺអត់មានទេ ផ្ទុយទៅវិញមានតែរូបថត ៧មករា ឆ្នាំ១៩៧៩ អាហ្នឹងជាការរំលោភបំពានស្ថាប័នព្រះមហាក្សត្រ ក៏ដូចជារំលោភបំពានលើរដ្ឋធម្មនុញ្ញ»។ត្រង់នេះហើយដែលនាយឧត្តមសេនីយ៍ គន់ គីម បញ្ជាក់យ៉ាងច្បាស់ថា កងទ័ពមានការគោរពស្រឡាញ់ និងការពារព្រះមហាក្សត្រ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។ កងទ័ពអាចអព្យាក្រឹត្យបានចំពោះគណបក្សនយោបាយ ប៉ុន្តែកងទ័ពមិនអាចអព្យាក្រឹត្យជាមួយរាជរដ្ឋាភិបាលទេ។
លោក គន់ គីម បានថ្លែងថា «កងទ័ព ទោះបីជាគេយករូបថត ៧មករាទៅដាក់តាំង ក៏ជាសិទ្ធិរបស់គេព្រោះគេយកជាតិ និងរំដោះប្រជាជនគេអព្យាក្រឹត្យបាន តែជាមួយគណបក្សនយោបាយប៉ុណ្ណោះ។ ប៉ុន្តែគេមិនអាចអព្យាក្រឹត្យជាមួយរាជរដ្ឋាភិបាលបានទេ គេមិនអាចអព្យាក្រឹត្យជាមួយនាយករដ្ឋមន្រ្តី ដែលកំពុងកាន់អំណាច និងជានាយករដ្ឋមន្រ្តីស្របច្បាប់ ដែលប្រជាជនបោះឆ្នោតឱ្យទេ ដូច្នេះកងកម្លាំងប្រដាប់អាវុធការពារដាច់ខាត ចំពោះព្រះមហាក្សត្រ ចំពោះរាជរដ្ឋាភិបាលដែលប្រជាជនបានបោះឆ្នោតឱ្យ»។
នាយឧត្តមសេនីយ៍ បានបន្ថែមថា «ចំពោះទីស្នាក់ការដែលបំពេញការងារ ទីតាំងណាក៏មានព្រះមហាក្សត្រ ដោយឡែកអគារស្នាក់នៅ ឬក៏អគារផ្សេងៗ រាជរដ្ឋាភិបាល ឬម្ចាស់គេផ្តល់ឱ្យ យើងក៏បានដាក់នូវរូបសំណាកនោះ ព្រោះនាយករដ្ឋមន្រ្តីជាមេដឹកនាំរបស់គេ ដូច្នេះគេក៏មានសិទ្ធិដាក់ មិនមែនជាទីតាំងធ្វើការ ឬប៊ុយយរ៉ូធ្វើការ ប៉ុន្តែជាអគារស្នាក់នៅ ឬអគារផ្សេងៗដែលជាអំណោយរបស់រាជរដ្ឋាភិបាល ឬក៏អំណោយរបស់សម្តេចតេជោ ហ៊ុន សែន ឬសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដូច្នេះគេមានសិទ្ធិដាក់គ្រប់គ្រាន់ បើអ្នកឯងចង់ឱ្យគេដាក់អាហ្នឹងដែរ អ្នកឯងមកធ្វើមកទៅ គេដាក់ឱ្យហើយ»។
ចំណែក លោក ខៀវ សុភ័ក អ្នកនាំពាក្យក្រសួងមហាផ្ទៃវិញ បានច្រានចោលនូវការចោទប្រកាន់ របស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ផងដែរដោយ លោកមានប្រសាសន៍ថានៅអង្គភាពធ្វើការរបស់សមត្ថកិច្ច មិនមានការបង្គាប់ណាមួយមិនឱ្យតាំងរូបព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រនោះឡើយ ។ នៅអង្គភាពសមត្ថកិច្ច ទាំងអស់តែងមានរូបព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រគ្រប់ទីកន្លែងដូច្នេះ ការចោទប្រកាន់របស់ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ថាជាកំហុសឆ្គងដ៏ធ្ងន់ធ្ងរណាស់៕ ប្រាថ្នា