ខេត្តពោធិ៍សាត់៖ រឿងហេតុគួរឲ្យហួសចិត្តមួយបានកើតឡើងធ្វើឲ្យមានការភ្ញាក់ផ្អើលទាំងយប់ ចាប់ខ្លួនជនសង្ស័យម្នាក់ប្រគល់ឲ្យសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ គឺបន្ទាប់ពីបុរសសង្ស័យបានធ្វើសកម្មភាពបន្លំខ្លួនជាប្តីស្រ្តីរងគ្រោះ ចូលទៅធ្វើសកម្មភាពសើយសារ៉ុង និងរំលោភរហូតបានសម្រេច ហើយទម្រាំតែស្ត្រីរងគ្រោះចាប់ភ្លឹកដឹងខ្លួនថា មិនមែនជាប្តីនោះ គឺអ្វីៗគ្រប់យ៉ាង វាបានហួសពេលឆ្ងាយបាត់ទៅហើយ ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅភូមិពោធិ៍របង ឃុំកំពង់ពោធិ៍ ស្រុកក្រករ ខេត្តពោធិ៍សាត់ ។ ស្ត្រីរងគ្រោះមានអាយុ២៧ឆ្នាំ ។ រីឯជនសង្ស័យឈ្មោះ រ៉ន រ៉ា ភេទប្រុស អាយុ៣១ឆ្នាំ ទីលំនៅភូមិពោធិ៍របង ឃុំកំពង់ពោធិ៍ ស្រុកក្រគ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីស្ត្រីរងគ្រោះបានប្តឹងសមត្ថកិច្ចថា នៅមុនពេលកើតហេតុ ក្រុមគ្រួសាររបស់គាត់ហូបបាយរួច គាត់បានទៅដេកនៅផ្ទះតូចខាងក្រោយដើម្បីបំប៉ៅដោះកូន រីឯប្តីរបស់គាត់បានដេកនៅផ្ទះធំខាងមុខ ដេកយាមម៉ូតូ និងគោយន្ត។
ប្រភពបន្តថា លុះដល់វេលារំលោងអធាត្រ ស្រាប់តែមានបុរសម្នាក់មកដេកឱបខ្លួនគាត់ និងធ្វើសកម្មភាពសើយសារ៉ុង ពេលនោះ គាត់បានប្រែខ្លួនមក រួចបុរសនោះក៏ធ្វើសកម្មភាពរំលោភតែម្តង ។ លុះរំលោភបានមួយសន្ទុះ គាត់(ស្ត្រីរងគ្រោះ)បានយកដៃតោងស្មា(បុរសសង្ស័យ) ក៏មានស្នាមកន្ទួលនៅត្រង់ស្មានោះ ទើបភ្ញាក់ខ្លួនដឹងថា មិនមែនជាប្តីឡើយ ពីព្រោះ ប្តីរបស់គាត់ មិនមានស្នាមកន្ទួលនៅលើស្មានោះទេ ហើយគាត់ក៏ស្រែកហៅឲ្យប្តីមកជួយ ។
ប្រភពបន្តថា ខណៈដែលធ្វើសកម្មភាពបន្លំរំលោភបានសម្រេចហើយនោះ ជនសង្ស័យបានងើបដើរចេញពីគ្រែ តែគាត់(ស្ត្រីរងគ្រោះ)បានស្ទុះតាមទៅចាប់ជាប់ ហើយស្របពេលនោះ ប្តីក៏មកទាន់ ក៏ប្តឹងនគរបាលឲ្យមកនាំខ្លួនជនសង្ស័យតែម្តង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ រ៉ន រ៉ា បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពបន្លំខ្លួនចូលរំលោភពិតប្រាកដមែន ៕ ប៉ឹម ពិន