ព័ត៌មានទាន់ហេតុការណ៍៖

ប្រវត្តិសាស្រ្តខ្មែរសម័យមុនអង្គរ (ត)

ចែករំលែក៖

ភ្នំពេញ ៖ ប្រវត្តិសាស្ត្រខ្មែរពីសតវត្សទី១ដល់ចុងសតវត្សទី៨ ក-ទំនាក់ទំនងប្រវត្តិសាស្រ្តរវាងហ្វូណន និងចេនឡា

តាមមតិលោក Coedès និងអ្នកប្រាជ្ញឯទៀត ពួកគេសន្និដ្ឋានថា ហ្វូណន មានមជ្ឈមណ្ឌលនយោបាយ និងសេដ្ឋកិច្ចនៅម្តុំដីសណ្ដទន្លេ មេគង្គ ហើយប្រហែលមានរាជធានីតែមួយនៅអង្គរបុរី ដែលមានទំនាក់-ទំនងពាណិជ្ជកម្មយ៉ាងជិតស្និទ្ធជាមួយឥណ្ឌា និងចិន។

ឯកសារចិន History of the Liang Dynasty បានបញ្ជាក់ថា នៅ ពេលដែលស្តេចគ្រប់គ្រងហ្វូណនចូលទិវង្គតនៅឆ្នាំ៥៥០ ចលាចលបាន កើតឡើង។ នៅពេលនោះ ស្តេចចេនឡា ដែលជាសាមន្តរដ្ឋនៅខាងជើង ប្រទេស បានឆក់យកឱកាស ដើម្បីវាយយកហ្វូណន ជាសាមន្តរដ្ឋវិញ។ នៅពាក់កណ្តាលទី២នៃស.វ.ទី៦ ចេនឡាមានអានុភាពកាន់តែខ្លាំងឡើងៗ ហើយចាប់ផ្តើមវាយលុកប្រឆាំងនឹងអាណាចក្រភ្នំ។ អាណាចក្រចេនឡា ក៏លាតសន្ធឹងតាមដងទន្លេមេគង្គ ពីសម្បូរណ៍ទៅដល់កំពង់ចាម រួចហើយ ក៏ឆ្ពោះទៅដល់យកអាណាចក្រភ្នំជាចំណុះនៅឆ្នាំ៥៥០។ តាមមតិលោក Coedès រដ្ឋដ៏មហិមានេះលាតសន្ធឹងជិតស្មើនឹងអាណាចក្រខ្មែរ ហើយចែក ជាចេនឡាដីគោក ដែលគ្របដណ្តប់ទឹកដីកម្ពុជាបច្ចុប្បន្ន និងខ្ពង់រាបកូរ៉ាត និងចេនឡាទឹក ដែលគ្របដណ្តប់ដីសណ្ដទន្លេមេគង្គ។

គេបានលើកឡើងថា ទំនាស់រាជបល្ល័ង្ក ទំនាស់ខាងសាសនា និង មហន្តរាយធម្មជាតិ គឺជាបុព្វហេតុបង្គ្រប់ទៅវិញទៅមកក្នុងចម្បាំងរវាង ចេនឡា និងអាណាចក្រភ្នំ។ អ្នកប្រាជ្ញបារាំងលោក Bernard Philippe Groslier បានសរសេរថា ៖ «មហន្តរាយដែលបណ្តាលមកពីទឹកជំនន់បាន បំផ្លាញទីក្រុង និងប្រព័ន្ធបញ្ចូលទឹកក្នុងស្រែ ហើយបង្ខំឱ្យប្រជារាស្រ្តភៀស ខ្លួនទៅរស់នៅត្រង់ដីខ្ពស់នៅភាគខាងជើង ពេលនោះកូសាំងស៊ីនក៏ក្លាយ ទៅជាវាលឈប់មួយស្ងាត់ជ្រងំ។ នៅពាក់កណ្តាលទី២នៃស.វ.ទី៦ ព្រះបាទ ភវវរ្ម័ន និងប្អូនជីដូនមួយរបស់ព្រះអង្គព្រះនាម ចិត្រសេន បានវាយលុកយកអាណាចក្រភ្នំ ចាប់តាំងពីខេត្តក្រចេះដល់បុរីរម្យនៅចន្លោះទន្លេមូល និងជួរភ្នំដងរែក និងដល់មង្គលបុរី។ អាណាចក្រភ្នំក៏លើករាជធានីចេញពី វ្យាធបុរៈទៅតាំងនៅទិសខាងត្បូង គឺនៅត្រង់នរវរនគរ គឺនៅត្រង់អង្គរបុរី ក្នុងខេត្តតាកែវ។ បន្ទាប់ពីព្រះបាទភវវរ្ម័ន សោយទិវង្គត ព្រះបាទចិត្រសេន បានឡើងសោយរាជ្យនៅឆ្នាំ៦០០ ដោយយកព្រះនាមថា មហេន្ទ្រវរ្ម័ន។ បុត្ររបស់ព្រះអង្គគឺព្រះបាទឦសានវរ្ម័ន បានឡើងសោយរាជ្យនៅឆ្នាំ៦១៦។ ព្រះអង្គបានបញ្ចប់សង្គ្រាមជាមួយអាណាចក្រភ្នំ ដោយវាយយករាជធានី នរវរនគរ (អង្គរបុរី) ប្រមាណនៅឆ្នាំ៦៣០។ មតិនេះបានលើកឡើងថា ឦសានបុរៈ បានក្លាយទៅជារាជធានីនៃចេនឡានៅក្រោមរជ្ជកាលនៃព្រះ បាទឦសានវរ្ម័នទី១ គឺនៅសតវត្សទី៧។

នៅដើមស.វ.ទី៨ (៧០៦) អាណាចក្រចេនឡាត្រូវបែងចែកជាពីរ ដោយសារតែអំណាចកណ្តាលចុះខ្សោយ ៖ ភាគខាងជើងហៅថា ចេនឡា ដីគោក ជាតំបន់ភ្នំ និងជ្រលងភ្នំ (ប្រទេសឡាវភាគកណ្តាល) និងភាគខាង ត្បូងហៅថា ចេនឡាទឹកលិច ដែលមានតំបន់សម្បូរដោយបឹង និងមាន សមុទ្រព័ទ្ធជុំវិញ (ពីអាងទន្លេមេគង្គត្រង់ល្បាក់ខោនដល់សមុទ្រ) ហើយ ដែលក្រោយមកប្រហែលជាបែកជារដ្ឋតូចៗជាច្រើន។ របបចេនឡាបាន បែកបាក់ខ្ចាយទៅជារដ្ឋតូចៗគ្មានលំនឹង។

ក៏ប៉ុន្តែ ប្រវត្តិវិទូក្រោយៗមានលោក Claude Jacques និងលោក Michael Vickery បានបដិសេធសេចក្តីសន្និដ្ឋានមួយចំនួនរបស់អ្នកប្រាជ្ញ មុនៗ។ លោក Claude Jacques មានមតិថា អ្នកប្រាជ្ញមុនៗសិក្សាប្រវត្តិសាស្ត្រ ខ្មែរមុនអង្គរតាមរយៈប្រភពឯកសារចិន ហើយមិនបានសិក្សាពីសិលាចារឹក ឡើយ។ លោក Michael Vickery បានចាត់ទុកថា មិនត្រឹមតែ «ចេនឡាដី គោក» និង «ចេនឡាទឹក» មិនដែលមានពិតទេ ការចែកដំណាក់កាលជា ពីរនៅក្នុងរាជពង្សាវតាពីប្រភពចិនជា «ហ្វូណន» និង «ចេនឡា» គឺជា រឿងដែលគ្មានន័យ ដោយសារតែតាមសក្ខីភាពជាក់ស្តែង មកទល់ឆ្នាំ៨០២ នៅលើទឹកដីខ្មែរមិនដែលមានរដ្ឋឯកភាពតែមួយឡើយ តែគឺជាបណ្ដុំនៃរដ្ឋ តូចៗជាច្រើន។ បើយោងតាមមតិនេះ ហ្វូណន និងចេនឡា គឺជារដ្ឋពីរដាច់ ពីគ្នា ហើយការធ្លាក់ចុះនៃហ្វូណនមិនមែនបណ្តាលមកពីការឈ្លានពាន របស់ចេនឡាឡើយ គឺដោយសារការធ្លាក់ចុះនៃតួនាទីនៃកំពង់ផែអូរកែវ និង ការកើនឡើងនៃការដាំដុះស្រូវ នៅតាមតំបន់វាលរាប និងនៅតាមតំបន់ បឹងទន្លេសាប។

ខ-អាណាចក្រហ្វូណននៅអាស៊ីអាគ្នេយ៍

ហ្វូណនអភិវឌ្ឍឡើង ដោយឈរលើមូលដ្ឋានពីរ គឺ ៖ (១) មជ្ឈ មណ្ឌលពាណិជ្ជកម្មនៅអាស៊ីអាគ្នេយ៍ និង (២) ការបង្កើតឡើងនូវវប្បធម៌ ឥណ្ឌា-ខ្មែរ។ ការទទួលវប្បធម៌ឥណ្ឌាមានប្រភពចំនួនពីរសំខាន់ គឺពាណិជ្ជ កម្ម និងសាសនា។

នៅខាងដើមគ្រិស្តសករាជ អាណាចក្រភ្នំ ដែលជាភាសាចិនហៅ ថា ហ្វូណន គឺជារដ្ឋសំខាន់ជាងគេនៅអាស៊ីអាគ្នេយ៍។ ប្រភពឯកសារស្តីពី ហ្វូណន បានមកពីពង្សាវតានៃប្រទេសចិន ដោយសារស្តេចចិនបុរាណ បានបញ្ជូនបេសកជនមកកាន់ហ្វូណន និងផ្លាស់ប្តូរពាណិជ្ជកម្មជាមួយ រដ្ឋចំណាស់មួយនេះ។ ពង្សាវតាចិនបានបញ្ជាក់ពីទីតាំងហ្វូណន ថា៖ «អាណាចក្រហ្វូណនស្ថិតនៅភាគខាងត្បូងនៃទឹកដី រីណាន (អាណាចក្រ បុរាណ Nan Yue) នៅក្នុងឈូងសមុទ្រខាងលិចនៃមហាសមុទ្រ (ឈូង សមុទ្រថៃ)។ នៅទីនោះមានទន្លេធំមួយ (ទន្លេមេគង្គ) ដែលហូរពីទិសខាង លិច ចាក់ចូលក្នុងសមុទ្រ។ ទឹកដីហ្វូណនមានទំហំ៣០០០លីការ៉េ (រង្វាស់ ចិន)។ គេអាចទៅដល់ទីនោះ តាមផ្លូវដីក៏បាន ផ្លូវទឹកក៏បាន»។

តាមឯកសារប្រវត្តិសាស្ត្រឡាងបានឱ្យដឹងថា ៖ «ទីប្រជុំជន (រាជ-ធានី?)នៃហ្វូណនស្ថិតនៅចូលខាងក្នុងជ្រៅប្រមាណ៥០០លី (២០០គម) ពីសមុទ្រ»។ ប្រភពមួយទៀតបង្ហាញថា៖ «រាជធានីហ្វូណនមានឈ្មោះថា Te Mu (វ្យាធបុរៈ)។ ក៏ប៉ុន្តែ បន្ទាប់ពីទីក្រុងនេះត្រូវបានចេនឡាចូលកាន់ កាប់ នៅឆ្នាំ ៥៣៥ រាជធានីត្រូវបានរើទៅនៅឯ Nafuna។ ប្រវត្តិវិទូ Coedès (១៩៦៨:៦៥) បកស្រាយថា រាជធានីរបស់អាណាចក្រភ្នំ គឺ វ្យាធបុរៈ (បុរី នៃស្តេចទាក់ដំរី) ដែលស្ថិតនៅម្តុំបាភ្នំ ក្នុងខេត្តព្រៃវែងសព្វថ្ងៃនេះ។ ក៏ប៉ុន្តែ លោក Vickery (១៩៩៨:២៩) បដិសេធអំណះអំណាងនេះ ដោយយោង លើសិលាចារឹកបាភ្នំ ដែលមានកាលបរិច្ឆេទក្រោយសម័យហ្វូណន (ឆ្នាំ ៦៥៥) ហើយតំបន់នេះមានឈ្មោះថា បន្ទាយព្រៃនគរ គឺមិនអាចជារាជធានី របស់ហ្វូណនបានឡើយ។ លោក Claude Jacques បានអះអាងថា រាជធានី របស់ហ្វូណនគួរតែជាអង្គរបុរី (៩០គមពីសមុទ្រ) ឬភ្នំដា ហើយមិនមែន បាភ្នំឡើយ ដោយសារតែបាភ្នំស្ថិតនៅឆ្ងាយពីអូរកែវ (Oc Eo) ដែលជាទីក្រុង ផែដ៏សំខាន់នៅសម័យហ្វូណន។ ហ្វូណនលាតសន្ធឹងពីតំបន់មេគង្គខាង ក្រោមដល់ទន្លេសាប។ ប្រជាជនហ្វូណនសាងសង់ប្រព័ន្ធប្រឡាយទឹកខ្ចាត់ ខ្វែង ដែលប្រើប្រាស់សម្រាប់នាវាចរណ៍។ អ្នកស្រុកហ្វូណនប្រើប្រាស់ ប្រព័ន្ធប្រឡាយ ដើម្បីតភ្ជាប់ប្រាសាទសាសនាទាំងឡាយនៅក្នុងសម័យនោះ ព្រមទាំងភ្ជាប់អូរកែវទៅនឹងមាត់សមុទ្រ ដែលមានប្រវែង១១គីឡូម៉ែត្រ។ ការ ធ្លាក់ចុះនៃហ្វូណន គឺបណ្តាលមកពីប្រជាជនចាប់ផ្តើមចាកចេញពីតំបន់ មាត់សមុទ្រនៅដើមសតវត្សទី៧ ដើម្បីទៅប្រកបរបរធ្វើស្រែចម្ការនៅក្នុង តំបន់វាលទំនាបជិតបឹងទន្លេសាប។ ប្រការនេះធ្វើឱ្យតួនាទីរបស់អូរកែវធ្លាក់ ចុះ ហើយមជ្ឈមណ្ឌលនយោបាយ និងទីប្រជុំជនបានរើចូលទៅភាគខាង ក្នុងប្រទេសជិតបឹងទន្លេសាប។

អង្គរបុរី ៖ នៅអង្គរបុរី គេឃើញមានប្រឡាយទឹកយ៉ាងវែង ដែល ភ្ជាប់ទៅដល់អូរកែវ ដែលជាកំពង់ផែអន្តរជាតិរបស់ហ្វូណន។ រហូតដល់ ដើមសតវត្សទី៧ អង្គរបុរីបានក្លាយទៅជាមជ្ឈមណ្ឌលនយោបាយ និង សាសនាមួយយ៉ាងធំ។ នៅទីនោះ គេឃើញមានរូបបដិមាទាំងព្រះពុទ្ធ សាសនា ទាំងព្រហ្មញ្ញសាសនា។ នៅក្បែរអង្គរបុរី យើងមានប្រាសាទភ្នំដា ។ នៅមាន(ត)៕

ដោយ ៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន


ចែករំលែក៖