ទីក្រុងវ៉ាស៊ីនតោន៖ បើតាមការចេញផ្សាយដោយសារព័ត៌មាន New York Post បាននិយាយថា លោក Alex Honnold កំពូលអ្នកឡើងភ្នំ និងអគារជាជនជាតិអាមេរិក បានទម្លាយឱ្យដឹងថារូបលោកទទួលបានប្រាក់តិចតួចប៉ុណ្ណោះពី Netflix បន្ទាប់ពីរូបលោក ឡើងអគារ Taipei 101 ដែលមានកម្ពស់ជាង៥០០ម៉ែត្រ ដោយមិនមានចងខ្សែ ឬឧបករណ៍ការពារសុវត្ថិភាពអ្វីទាំងអស់។
លោក Alex Honnold មានអាយុ ៤០ឆ្នាំ បានចំណាយពេល៩០នាទី ដើម្បីឡើងអគារ Taipei 101 នៅកោះតៃវ៉ាន់ ហើយត្រូវបានផ្សាយផ្ទាល់ដោយ Netflix ក្នុងព្រឹត្តិការណ៍ Skyscraper Live កាលពីថ្ងៃអាទិត្យ ទី២៥ ខែមករា។ ប៉ុន្តែលោក Honnold បានទម្លាយឱ្យដឹងថាប្រាក់ពលកម្មដែលលោកទទួលបានពីការឡើងអគារនេះគឺមានចំនួនតិចតួច បំផុត ធៀបទៅនឹងអត្តពលិកអាជីពដទៃទៀត។ នៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាមេរិក New York Times លោក Honnold បាននិយាយថា «វាជាចំនួនទឹកប្រាក់តិចតួច បំផុត។ ពិតណាស់ ប្រសិនបើអ្នកធ្វើការប្រៀបធៀបទៅនឹងការផ្សាយផ្ទាល់ព្រឹត្តិការណ៍កីឡាដទៃទៀត វាពិតជាចំនួនទឹកប្រាក់តិចតួចប៉ុណ្ណោះ។ អ្នកដឹងទេ កីឡាករមកពីក្របខណ្ឌ កីឡា Baseball Major League Baseball យ៉ាងហោចណាស់ ពួកគេទទួលបានកុងត្រា ១៧០លានដុល្លារ»។
លោក Honnold មិនបានបញ្ជាក់លម្អិតថាតើលោកទទួលបានប្រាក់ពលកម្មប៉ុន្មាន ពីការឡើងអគារ Taipei 101 នោះទេ។ តែបង្ហើបថាលោកទទួលបានតិចជាង ១លានដុល្លារ។ យ៉ាងណាក៏ដោយ លោកបានអះអាងថាលោកឡើងអគារមិនមែនដើម្បីប្រាក់ទេ ហើយបើគ្មានការផ្សាយផ្ទាល់ តាមកញ្ចក់ទូរទស្សន៍ក៏ដោយ ឱ្យតែម្ចាស់អគារអនុញ្ញាត នោះលោកនៅតែឡើងអគារដដែលដោយមិនយកប្រាក់ឡើយ៕ដោយ៖តារា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច