ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋជាង៣០០នាក់នៅសៀមរាបតវ៉ាបិទផ្លូវទាមទារដំណោះស្រាយដីធ្លី

ចែករំលែក៖

ខេត្ដសៀមរាប៖ អ្នកមានជម្លោះដីធ្លីជាង៣រយនាក់ នៅខេត្ដសៀមរាប បាននាំគ្នាតវ៉ាបិទផ្លូវជាតិមួយកន្លែងនៅស្រុកស្វាយលើ ដើម្បីសុំអន្ដរាគមន៍ពីអាជ្ញាធរ ឲ្យជួយដោះស្រាយជម្លោះដីធ្លី និងទម្លាក់ចោលការកោះហៅរបស់តុលាការខេត្ដព្រះវិហារ ។

តំណាងពលរដ្ឋលោក បានឲ្យដឹងថា កាលពីម៉ោង១១ព្រឹកថ្ងៃនេះ ប្រជាពលរដ្ឋចំនួន៣២០នាក់ បានតវ៉ាបិទផ្លូវជាតិ នៅស្រុកស្វាយលើ ដើម្បីទាមទារឲ្យអាជ្ញាធរដោះស្រាយជម្លោះដីធ្លីជាមួយក្រុមហ៊ុនចំការកៅស៊ូមួយឈ្មោះGreen Rubber របស់ម៉ាឡេស៊ី និងទម្លាក់ចោលដីកាតុលាការខេត្ដព្រះវិហារ ដែលលោកថា ក្រុមហ៊ុននោះបានប្ដឹងពួកគាត់រំលោភអចលៈវត្ថុកន្លងមក ។

លោកបន្ដថា ក្រុមហ៊ុន បានរំលោកលើដីស្រែចំការពលរដ្ឋ ប៉ុន្ដែបែជាប្ដឹងពួកគាត់៥នាក់នៅខេត្ដសៀមរាប ទៅតុលាការខេត្ដព្រះវិហារទៅវិញ។លោកបន្ដថា៖ពួកខ្ញុំទាមទារទី១ទាមទារឲ្យខាងថ្នាក់ខេត្ដថ្នាក់ស្រុកជួយអន្ដរាគមន៍ធ្វើយ៉ាងណាមេតាដកដីកាចេញពីតុលាការកុំមានភាពមិនប្រក្រតីមកលើពួកគាត់ទី២សុំឲ្យរកដំណោះស្រាយវាស់វែងដីជូនពួកគាត់ឲ្យបានត្រឹមត្រូវកុំស្រែគាត់១០ចឹងឲ្យគាត់តែពីរ ចឹងត្រូវចំណុចនេះឯងគាត់អត់យល់ព្រម ។

ពលរដ្ឋមួយរូបទៀតដែលជាប់បណ្ដឹងនៅតុលាការ និងបានចូលរួមតវ៉ាលោក បានឲ្យដឹងថា ការបិទផ្លូវនេះ ធ្វើឲ្យស្ទះចរាចរជាងមួយម៉ោងផងដែរ។លោកបន្ដថា ការចេញដីកាតុលាការខេត្ដព្រះវិហារ ដោយបានចោទប្រកាន់ពួកគាត់ពីបទរំលោភអចលៈវត្ថុរបស់ក្រុមហ៊ុននោះ ជារឿងអយុត្ដិធម៌ ខណៈដែលដីស្រែចំការពលរដ្ឋជាង៣៧០គ្រួសារ បានកាន់កាប់តាំងពីឆ្នាំ១៩៩៨មក។លោកបន្ដថា៖បាទអត់បានធ្វើអីខុសទៅលើក្រុមហ៊ុននោះទេ ប៉ុន្ដែការហាមឃាត់បងប្អូនចេះហាមឃាត់ព្រោះក្រុមហ៊ុនបានឈូសឆាយលើដីស្រែដីដំឡូងលើស្រែដែលគាត់ព្រោះហើយ។ពួកខ្ញុំមកតវ៉ានេះសុំឲ្យលោកអភិបាលស្រុកគាត់ទទួលស្គាល់បងប្អូនខ្ញុំ៣៧៤គ្រួសារនេះឬអត់ ។

ករណីនេះលោក ស៊ិក ប៊ុនស៊ិន អភិបាលស្រុកស្វាយលើ ខេត្ដសៀមរាប បានមានប្រសាសន៍ថា ដីកាប្ដឹងពលរដ្ឋនោះ ហួសពីដែនសមត្ថកិច្ចរបស់លោក ប៉ុន្ដែលោកហួសចិត្ដ ការចេញដីកាកោះរបស់តុលាការខេត្ដព្រះវិហារនោះ ព្រោះពលរដ្ឋស្ថិតនៅខេត្ដសៀមរាប។លោកបញ្ជាក់ថា លោកបានសន្យាដោះស្រាយជាមួយ ក្រុមហ៊ុន ប៉ុន្ដែពលរដ្ឋចង់បានចំលើយភ្លាម ទើបពួកគាត់បិទផ្លូវជាតិមិនឲ្យធ្វើចរាចរណ៍។លោកបន្ដថា៖យើងកំពុងសម្របសម្រួលជាមួយតុលាការដើម្បីជួយពួកគាត់ថាខុសអាស្រ័យដ្ឋានចឹងណា ប៉ុន្ដែគាត់ហាក់ដូចជាស្ដាប់មិនបានដដែល។ខ្ញុំស្អែកព្រឹកខ្ញុំចាត់ការដើម្បីចាត់ចែងហៅក្រុមហ៊ុនដើម្បីជជែកគ្នាខ្ញុំមិនដឹងធ្វើម៉េចបានភ្លាមបើវាឆ្ងាយដែរ ក្រុមហ៊ុនយើងត្រូវយកលិខិអញ្ជើញឲ្យស្រួលតាមដំណើរ ។

ប៉ុន្ដែទោះជាយ៉ាងណា នៅរសៀលថ្ងៃដដែលនេះ ពួកគាត់បានរំសាយការតវ៉ា បន្ទាប់ពីអាជ្ញាធរសន្យាដោះស្រាយនៅថ្ងៃស្អែក។
ប្រជាពលរដ្ឋបានឲ្យដឹងថា ជម្លោះដីធ្លីនេះ បានកើតឡើងតាំពីឆ្នាំ២០១១មកម្លេះ និងបានស្វែងរកដំណោះស្រាយពីទីស្ដីការគណៈរដ្ឋមន្ដ្រី និងមានចំណាពីខុទ្ធកាល័យសម្ដេចនាយករដ្ឋមន្ដ្រី និងក្រសួងដែនដីផងដែរ ឲ្យជួយដោះស្រាយកាលពីខែធ្នូ ឆ្នាំ២០១៤កន្លងទៅ ប៉ុន្ដែរហូតមកដល់ពេលនេះ នៅតែមិនទាន់មានដំណោះស្រាយនៅឡើយពួកគាត់តវ៉ាជាច្រើនលើកមកហើយក៍ដោយ ៕ ជានិរន្ដរ៍

ew


ចែករំលែក៖