ខេត្តស្វាយរៀង ៖ ក្រោយពីមានការចែករំលែកវីដេអូឃ្លីបមួយលើបណ្តាញព័ត៌មានសង្គម បង្ហាញពីសកម្មភាព មនុស្សមួយក្រុមស្លៀកឈុតពណ៌ខ្មៅវាយទៅលើជនជាតិបរទេសយ៉ាងកំរោល បន្ទាប់ពីព្យាយាមរត់ចេញពីទីតាំងអគារអនឡាញ ស្ថិតក្នុងភូមិសាស្ត្រក្រុងបាវិត ខេត្តស្វាយរៀង ពេលនេះអភិបាលរងខេត្តស្វាយរៀង លោក ម៉ែន អេង បញ្ជាក់ថា អាជ្ញាធរបានធ្វើការរំដោះមនុស្សចំនួន១៤នាក់ និង១២នាក់ត្រូវចាប់ខ្លួន។
កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កម្លាំងកងរាជអាវុធហត្ថក្រុងបាវិត និងដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះទៅដល់ក្រុមហ៊ុនកាស៊ីណូ អេអាយកាំង ស្ថិតក្នុងភូមិប្រាសាទ សង្កាត់ប្រាសាទ ក្រុងបាវិត ដើម្បីធ្វើការស្រាវជ្រាវ និងពិនិត្យជុំវិញទីតាំងកើតហេតុ។ ជាលទ្ធផលក្នុងការស្រាវជ្រាវនិងពិនិត្យតាមរយៈកាមេរ៉ាសុវត្ថិភាព សមត្ថកិច្ចបានធ្វើការរំដោះ ជនជាតិវៀតណាម១៤នាក់ ខណៈជនសង្ស័យត្រូវបានអាជ្ញាធរអះអាងថា បានឃាត់ខ្លួនក្នុងករណីនោះ សុទ្ធសឹងតែជាបុរសសន្តិសុខ និងមេការសន្តិសុខក្នុងទីតាំងកើតហេតុ។ ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានជាតិខ្មែរ និងចិន៖ ឈ្មោះ ហ្គួ សុង ជនជាតិចិន, ឈ្មោះ លីវ វ៉ី ជនជាតិចិន, ឈ្មោះ ចូ ហុងពីង ជនជាតិចិន, ឈ្មោះ មីវ យៀនសិ ជនជាតិចិន, ឈ្មោះ ទេព មានុន ជនជាតិខ្មែរ, ឈ្មោះ ឆុន ពិសិទ្ធ ជនជាតិខ្មែរ, ឈ្មោះ ឡេង សុផាត ជនជាតិខ្មែរ, ឈ្មោះ ប៉ែន សំណាង ជនជាតិខ្មែរ, ឈ្មោះ សកា វែន ជនជាតិខ្មែរ, ឈ្មោះ ខែម ខួច ជនជាតិខ្មែរ, ឈ្មោះ ប៉ោ ភារម្យ ជនជាតិខ្មែរ, ឈ្មោះ ឃាន ប៉ាទី ជនជាតិខ្មែរ។ លោកអភិបាលរងខេត្តបញ្ជាក់ថា មកទល់ពេលនេះ ជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
ដោយ ៖ សិលា