ខេត្តតាកែវ៖ ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួួយបងប្អូនអាជីវករលក់ដុំ- លក់រាយជី និងថ្នាំកសិកម្មទូទាំងខេត្តតាកែវ ដែលរៀបចំធ្វើឡើងនៅ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោក វ៉ី សំណាង អភិបាលខេត្តតាកែវបានធ្វើការណែនាំ នឹងរំលឹកដល់អាជីវករលក់ដូរជីនិងថ្នាំកសិកម្មទាំងអស់ក្នុងខេត្តត្រូវបន្តយកចិត្តទុកដាក់ ពិនិត្យមើលរាល់នាំចូលសម្ភារៈកសិកម្មឲ្យបានច្បាស់លាស់ ថាតើមានប្រភពមកពីណា ក្រុមហ៊ុននាំចូលមានច្បាប់ដែររឺទេ មុននឹងសម្រេចចិត្តទិញមកលក់បន្ត។
អភិបាលខេត្តតាកែវបានថ្លែងថាជី និងថ្នាំគឺជាធាតុចូលសំខាន់ សំដៅលើកកម្ពស់ការងារបង្ករបង្កើនផលស្រូវ និងដំណាំរួមផ្សំផ្សេងៗទៀតរបស់កសិករ ឲ្យទទួលបានទិន្នផលខ្ពស់ ស្របតាមលក្ខណៈបច្ចេកទេស ដូច្នេះ អាជីវករលក់ដូរដុំ និងលក់រាយ ទាំងអស់ត្រូវតែត្រួតពិនិត្យអោយបានម៉ត់ចត់រាល់ការនាំចូលជី ថ្នាំកសិកម្ម និងសម្ភារៈកសិកម្មដទៃទៀតមុននឹងយកមកលក់បន្តនៅដេប៉ូរបស់ខ្លួន ចៀសវាងមានការលួចលាក់បង្កប់សាធាតុខុសច្បាប់ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាកសិករ និងផលដំណាំផ្សេងៗ ពេលយកទៅប្រើប្រាស់។
លោក វ៉ី សំណាង អភិបាលខេត្តតាកែវបានថ្លែងបន្តថាក្រៅពីពិនិត្យមើលប្រភពនាំចូលឲ្យបានច្បាស់លាស់ អាជីវករលក់ដូរទាំងអស់រាល់ពេលប្រជាកសិករមកទិញសម្ភារៈសិកម្មយកទៅប្រើប្រាស់ ត្រូវណែនាំពួកគាត់ពីរបៀបនៃការប្រើប្រាស់ជី ថ្នាំ ស្របតាមស្ដង់ដាបច្ចេកទេសកំណត់ ដើម្បីធានាបាននូវ គុណភាពដី បង្កើនទិន្នផលបានកាន់តែច្រើន សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាកសិករកាន់តែប្រសើឡើងថែមទៀត។
នៅក្នុងឱកាសនោះដែរ លោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងឲ្យដឹងថាវិស័យកសិកម្មគឺជាវិស័យអទិភាពរបស់កម្ពុជា ក្នុងនោះរាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយសំខាន់ៗសម្រាប់គាំទ្រ និងលើកកម្ពស់វិស័យកសិកម្មឲ្យកាន់តែរីកចម្រើន តាមរយៈការដាក់ពង្រាយមន្រ្តីកសិកម្មឃុំសង្កាត់ ជួយបង្រៀនបច្ចេកទេស ដល់ប្រជាកសិករ ពាក់ព័ន្ធនឹងការប្រើប្រាស់ពូជ ជី ថ្នាំកសិកម្ម ឲ្យបានត្រឹមត្រូវ និងបង្កើតនូវសហគមន៍កសិកម្មទំនើប ដែលអាចជួយរក្សាតម្លៃដល់កសិករ ផលិតផលកសិកម្មមានគុណភាព ស្របតាមស្ដង់ដា ធានាដល់ការនាំចេញទៅកាន់ទីផ្សារក្នុងស្រុក និងក្រៅស្រុកផងដែរ។
យោងទៅតាមរបាយការណ៍របស់ លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានឱ្យដឹងថា នៅទូទាំងខេត្តតាកែវ មានដេប៉ូធនមធ្យម និងតូច មានសរុបចំនួន ៦៧៣ដេប៉ូ និងក្រុមហ៊ុនវេចខ្ចប់ចំនួន ៣ក្នុងនោះ រួមមាន៖ ដេប៉ូលក់ជីកសិកម្ម ចំនួន ២៩៤ដេប៉ូ, ដេប៉ូលក់ថ្នាំ ចំនួន ៦៦ដេប៉ូ, និងដេប៉ូលក់ជីថ្មាំចម្រុះ ចំនួន ៣១៣ដេប៉ូ ដែលបាននឹងកំពុងដំណើរការនៅខេត្តតាកែវ។ ដោយឡែកសម្រាប់ឆ្នាំ២០២៤ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មានការិយាល័យនីតិកម្មកសិកម្ម បានចុះអធិការកិច្ច ចំនួន ១៤លើក ក្នុងនោះបានណែនាំផ្ទាល់ចំនួន ៧០ដេប៉ូ និងចេញលិខិត ចំនួន ៣៤ដេប៉ូ ៕
ដោយ ៖ សិលា