ភ្នំពេញ ៖ អាណាចក្រចេនឡា
ចេនឡា គឺជាដំណាក់កាលអន្តរកាលនៃការយកវប្បធម៌ និងអារ្យធម៌ ឥណ្ឌា ដើម្បីយកមកស្វឱ្យទៅជាវប្បធម៌ និងអារ្យធម៌ខ្មែរ តាមរយៈការ ពង្រីកឥទ្ធិពលនៃព្រហ្មញ្ញសាសនា ការសាងសង់ប្រាសាទ និងការកសាងមូលដ្ឋានគ្រឹះសម្រាប់ការបង្រួបបង្រួមរដ្ឋឱ្យទៅជាអាណាចក្រអង្គរនាពេល អនាគត។
ឯកសារចិន History of the Sui បានបញ្ជាក់ថា ចេនឡាលាត សន្ធឹងនៅខាងត្បូងឈាងខាងលិចនៃលីនយី ប្រហែលនៅចន្លោះចម្ប៉ា និង វៀតណាម ដែលមានរាជធានីនៅបាសាក់ ស្ថិតនៅចំកណ្តាលទន្លេមេគង្គ នៅលើខ្នងភ្នំ ដែលមានប្រាសាទមួយស្ថិតនៅចំកំពូលភ្នំ។ Coedès បាន សន្និដ្ឋានថា រាជធានីរបស់ចេនឡាស្ថិតនៅត្រង់វត្តភូ ដែលបែរមុខទៅទន្លេ បាសាក់ ហើយនៅលើកំពូលភ្នំនេះមានលិង្គឥសូរ ភទ្រេស្វរៈ (Bhadresvara) ដែលអ្នកស្រុកគោរពបូជា។ ថ្វីត្បិតតែសម័យចេនឡាចាប់ផ្តើមពីចុងសតវត្ស ទី៦ រហូតដល់សតវត្សទី៩ ក៏ប៉ុន្តែ ចេនឡា គឺជារដ្ឋដែលមានអត្ថិភាពតាំង តែពីសម័យហ្វូណនមកម៉្លេះ ហើយពីពេលមុន ចេនឡា គឺជាសាមន្តរដ្ឋ របស់ហ្វូណន (Coedès, 1968:65-67)។
អាណាចក្រអំណាចអង្គរលើកដំបូងចាប់ផ្តើមឡើង នៅទិសឦសាន នៃប្រទេសសៀមសព្វថ្ងៃ តាមដងទន្លេសេម៉ូន។ អាណាចក្រចេនឡាដំបូង ខាងកើតមានព្រំប្រទល់ជាប់នឹងទន្លេមេគង្គកណ្តាលក្នុងតំបន់ចំប៉ាសាក់ក្នុង ប្រទេសឡាវសព្វថ្ងៃ និងក្រចេះ និងទល់នឹងប្រទេសចាម ដែលបានទទួល ឥទ្ធិពលឥណ្ឌា។ អាណាចក្រហ្វូណនត្រូវបានឈ្លានពានដោយរដ្ឋចំណុះ ជិតខាងគឺចេនឡា។
ព្រះពុទ្ធសាសនាមហាយាននៅសម័យចេនឡារុងរឿងណាស់ តែ គេពុំសូវឃើញមានបដិមាពោធិសត្វអវលោកេស្វរៈទេ មានមួយនៅខេត្ត ក្រមួនស និងមួយទៀតនៅប្រាសាទសាក្រៀម ខេត្តសៀមរាប។ ចំណែក លទ្ធិហីនយានក៏មិនសាបសូន្យដែរ។ រូបព្រះពុទ្ធនៃរជ្ជកាលចេនឡាត្រូវបាន ប្រទះឃើញនៅខេត្តត្រាវិញ ហើយតំបន់ចម្លាក់ថ្មភក់តាមបែបសាសនា ព្រាហ្មណ៍នៃអាស្រមមហាឫស្សីត្រូវបានគេរកឃើញនៅភ្នំដា នៅក្បែរតំបន់អង្គរបុរី។
រចនាបថភ្នំដា ៖ សិល្បៈខ្មែរនៃរចនាបថភ្នំដា គឺជាសិល្បៈនៅក្មេងខ្ចី នៅឡើយ នៅក្នុងចន្លោះសតវត្សទី៦ និងទី៧។ ប្រាសាទភ្នំដា គឺជាប្រាសាទ ឥដ្ឋ ដែលសង់លើកំពូលភ្នំក្នុងខេត្តតាកែវ លើខឿនថ្មបាយក្រៀមដែល បន្តុបលើខឿនប្រាសាទបុរាណ ហើយមានប្រអប់ទ្វារធ្វើពីថ្ម។ រូបចម្លាក់នៃ រចនាបថភ្នំដា មានលក្ខណៈធម្មជាតិនិយម និងពិសិដ្ឋនិយម គឺ ៖ ព្រះវិស្ណុ ដៃ៨ មានរង្វង់ជាធ្នូនៅខាងក្រោយសម្រាប់ទ្រទេវរូប និងពុទ្ធបដិមា២អង្គ ទៀត ដែលមានស្លាកស្នាមវប្បធម៌ឥណ្ឌា-ក្រិក។
ចំណែកឯនៅអាស៊ីអាគ្នេយ៍ដែនកោះវិញ ចាប់តាំងពីស.វ.ទី៦ មាន អាណាចក្រចំនួនពីរដែលដើរតួនាទីសំខាន់ក្នុងតំបន់ គឺអាណាចក្រស្រី វិជ័យ (Srivijay) ដែលស្ថិតនៅមាត់សមុទ្រប៉ែកអាគ្នេយ៍នៃកោះ ស៊ូម៉ាត្រា ដែលបានក្លាយទៅជាមហាអំណាចជើងទឹកមួយនៃអាស៊ីភាគអាគ្នេយ៍។ ប្រការនេះក៏ជាមូលហេតុមួយផងដែរនៃការធ្លាក់ចុះនៃអាណាចក្រភ្នំ។ ចាប់ ពីសតវត្សទី៨ អាណាចក្រថ្មីមួយទៀតត្រូវបានបង្កើតឡើងនៅលើកោះជ្វា (Java) ដែលគ្រប់គ្រងដោយសន្តតិវង្ស សិលិន្ទ្រា (លីលា+ឥន្ទ្រា) (Sailendras) មានន័យថា ស្ដេចភ្នំដែលគោរពព្រះពុទ្ធសាសនា។ ព្រះរាជវង្សសិលិន្ទ្រា គឺជាស្ថាបនិកប្រាសាទបូរបូឌូ (Borobudur) ប្រាសាទចន្ទ សេវៈ (Candi Sewu) និងប្រាសាទជាច្រើនទៀត។
ឃ-ឦសានបុរៈ និងសម័យមុនអង្គរ
ប្រាសាទសំបូរព្រៃគុក ដែលមានប្រាសាទនិងសំណង់តូចៗចំនួន ២៥០ ត្រូវបានបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌរូបីពិភពលោករបស់អង្គការ យូណេស្កូនៅឆ្នាំ២០១៧។ ឦសានបុរៈ គឺជារាជធានីនៅសតវត្សទី៧របស់ ព្រះបាទឦសានវរ្ម័នទី១ (៦១៦-៦៣៥)។ ព្រះបាទឦសានវរ្ម័នបានតាំង រាជធានីនៅឦសានបុរៈ គឺសំបូរព្រៃគុក នៅក្នុងខេត្តកំពង់ធំ ហើយដែល លេចធ្លោឡើងនៅស.វ.ទី៧ តាមដងស្ទឹងសែន។ ឦសានបុរៈ គឺជារាជធានីដែលបានសាងសង់ឡើងជាច្រើនឆ្នាំណាស់មកហើយ មិនមែនជាចលនា វប្បធម៌ ដែលងាកពីតំបន់ឆ្នេរ ហើយចូលទៅតំបន់ខាងក្នុងប្រទេសទេ ដោយសារតែមានរបកគំហើញថ្មីៗ ដែលបង្ហាញថា ទីតាំងនេះមានមនុស្ស រស់នៅតាំងតែពីសម័យសំរឹទ្ធិមកម៉្លេះ ហើយបន្តរីកចម្រើនខ្លាំងនៅសម័យ ចេនឡាពីសតវត្សទី៦ដល់៨ ហើយនៅសម័យអង្គរទៀតសោត ក៏មានឃើញ ការប្រើប្រាសកុលភាជន៍ផងដែរ។
ក្រោយពេលព្រះបាទឦសានវរ្ម័នចូលទិវង្គត ព្រះបាទភវវរ្ម័នទី២ បានឡើងសោយរាជ្យនៅឆ្នាំ៦៣៥។ ដំណាក់កាលនេះ គឺជាសតវត្សដែល អាណាចក្រចេនឡាកំពុងរីកចម្រើន ឆ្លុះបញ្ចាំងតាមរយៈការខិតខំប្រឹងប្រែង របស់សិល្បករ ក្នុងការស្វែងរកសុក្រឹតភាពនៃសមាមាត្រ និងសមតានៃ ស្នាដៃស្ថាបត្យកម្ម ហើយបង្កើតបានជារចនាបថព្រៃក្មេង។ ប្រាសាទនៃ រចនាបថព្រៃក្មេងមាន ប្រាសាទព្រៃក្មេង ដែលជាប្រាសាទតូចមួយនៅក្នុង តំបន់អង្គរ ប្រាសាទស្វាយព្រាម ប្រាសាទបាសិត ប្រាសាទព្រៃប្រាសាទ និងប្រាសាទភ្នំបាយ៉ង់។ ផ្តែរទ្វារនៃរចនាបថព្រៃក្មេងមានក្បាច់មូលនៅចំ កណ្តាល និងរំលេចទៅដោយរំយោលផ្កាវល្លិ៍ព្យួរចុះក្រោម ដែលគេហៅថា «ចលនានៅមួយកន្លែង»៕ (នៅមានត)
ដោយ ៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន