ព័ត៌មានទាន់ហេតុការណ៍៖

ទួរគីធ្វើសង្គ្រាមថ្មើរជើងស៊ីរីសរសេរលិខិតស្នើឲ្យ អ.ស.ប ជួយ

ចែករំលែក៖

ចំពោះសកម្មភាពរបស់ប្រទេសទួរគីដែល បានបញ្ជួនកម្លាំងទាហានវាយប្រហារនៅក្នុងប្រទេសស៊ីរីប៉ុន្មានថ្ងៃកន្លងមកនេះបានបង្កជាក្តីបារម្ភយ៉ាងខ្លាំងដល់រដ្ឋាភិបាលស៊ីរី ខ្លាចបាត់បង់ទឹកដីជាប់ព្រំដែនទួរគី។ ក្រសួង ការបរទេសស៊ីរីក៏បានផ្ញើលិខិតស្នើសុំដល់អង្គការសហប្រជាជាតិជួយធ្វើអន្តរាគមន៍។

នៅក្នុងលិខិតរបស់ក្រសួងការបរទេសដែលបានផ្ញើទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន កាល ពីថ្ងៃទី២៩ ខែសីហា រដ្ឋាភិបាលទីក្រុងដាម៉ាកាសបញ្ជាក់ថា ប្រទេសដែលគាំទ្រទួរគីវាយប្រហារនៅស៊ីរីនោះគឺជាសកម្មភាពគាំទ្រ ដល់ក្រុមភេរវកម្ម។

នៅក្នុងខ្លឹមសារលិខិតនោះបានបញ្ជាក់ថា «ការដែលបារាំង, អាមេរិក, អង់គ្លេស, អារ៉ាប៊ីសាអ៊ូឌីត, កាតារ គាំទ្រទួរគីធ្វើសង្គ្រាម ថ្មើរជើងនៅស៊ីរីនោះគឺជាសកម្មភាពគាំទ្រដល់ក្រុមភេរវកម្ម»។

កាលពីថ្ងៃទី២៤ ខែសីហា កម្លាំងពិសេស របស់ទួរគីដែលមានរថក្រោះរថពាសដែក យន្តហោះចម្បាំងដោយមានការគាំទ្រវាយប្រហារពីលើដែនអាកាសរបស់អាមេរិក ផង បានចាប់ផ្តើមវាយប្រហារដោយថ្មើរ ជើងទៅលើគោលដៅនានានៅស៊ីរី។

រដ្ឋាភិបាលស៊ីរីបានអំពាវានាវដល់ អ. ស.ប ទទួលខុសត្រូវក្នុងការរក្សាសន្តិសុខ នៅទីនោះនិងស្នើឲ្យទាហានទួរគីដកចេញពីទឹកដីស៊ីរីជាបន្ទាន់។ ការដែលធ្វើសង្គ្រាម ប្រឆំាងភេរវកម្មនៅលើទឹកដីស៊ីរីនោះត្រូវតែមានការឯកភាពពីរដ្ឋាភិបាលទីក្រុងដាម៉ាកាស។ សកម្មភាពរបស់រដ្ឋាភិបាលទួរគី គឺប្រឆាំងនឹងជនជាតិស៊ីរីក៏ដូចជាបំពាន អធិបតេយ្យភាពរបស់ប្រទេសនេះ។

មតិជាច្រើនបានបង្ហាញពីក្តីបារម្ភចំពោះ សកម្មភាពរបស់ទួរគីដោយចាត់ទុកថា សកម្មភាពទាំងនោះអាចធ្វើឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើង និងធ្វើឲ្យស្ថានភាពនៅក្នុងតំបន់កាន់តែស្មុគស្មាញថែមទៀត។ ប៉ុន្តែភាគីគាំទ្របានអបអរសាទរចំពោះ សកម្មភាពរបស់ទួរគីដែលបានសម្រេច វាយប្រហារទៅលើក្រុមភេរវកម្មនៅក្នុង ប្រទេសស៊ីរី ។

នៅទីក្រុងដាម៉ាកាសរដ្ឋាភិបាលស៊ីរីបាន ប្រឆាំងនឹងការចូលឈ្លានពានពីរថក្រោះ រថពាសដែករបស់ទួរគីនៅក្នុងស្រុក Jarabulus ជាប់ព្រំដែនប្រទេសទាំងពីរ។ នៅក្នុងសេចក្តីប្រកាសក្រសួងការបរទេសស៊ីរីបញ្ជាក់ថា ការដែលរថក្រោះរថពាសដែកទួរគីចូលទៅកាន់ព្រំដែនប្រទេសស៊ីរីដោយ មានការចូលរួមគាំទ្រពីកម្លាំងទាហានសម្ពន្ធ មិត្តដឹកនាំដោយអាមេរិកនោះគឺជាសកម្មភាពឈ្លានពានទឹកដីស៊ីរី ។

ក្នុងថ្ងៃជាមួយគ្នានេះដែរក្រសួងការបរទេសរុស្ស៊ីក៏បានប្រតិកម្មបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ទួរគីដែល បានបញ្ជូនរថក្រោះរថពាសដែកទៅក្នុង ប្រទេសស៊ីរីវាយប្រហារទៅលើក្រុមជន ជាតិឃើដនៅតាមព្រំដែនស៊ីរី។ ក្នុងការ ប្រកាសរបស់រុស្ស៊ីបានព្រមានថា សកម្ម ភាពខាងលើអាចបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងតំបន់ និងជំរុញឲ្យមានការប្រឈមមុខរវាងក្រុមជនជាតិឃើដ នឹងជនជាតិដទៃទៀតនៅក្នុងតំបន់។

ផ្ទុយទៅនឹងទស្សនៈរបស់រុស្ស៊ីមន្ត្រីអាមេ រិកបានបញ្ជាក់ថា យុទ្ធនាការយោធាខាងលើរបស់ទួរគីនៅក្នុងប្រទេសស៊ីរីគឺជារឿងត្រឹមត្រូវ។ ប្រភពព័ត៌មានពីកម្លាំងមន្ត្រីជាន់ ខ្ពស់របស់អាមេរិកដែលបានអមដំណើរអនុ ប្រធានាធិបតី Joe Biden ទៅកាន់ប្រទេស ទួរគីកាលពីថ្ងៃទី២៤ ខែសីហា បានប្រកាស ថា អាមេរិកចង់ជួយដល់ប្រទេសទួរគីដើម្បីផ្តួលរំលំក្រុម IS ចេញពីតំបន់ព្រំដែន ប្រទេសទួរគី។

អាមេរិកបានត្រួតពិនិត្យជួយដល់កម្លាំង ទាហានបះបោរនៅក្នុងប្រទេសស៊ីរីដែលគាំទ្រទួរគីដើម្បីកាត់ផ្តាច់ប្រភពជំនួយរបស់ ក្រុមIS។ ដូច្នេះអាមេរិកបានជួយដល់ប្រទេស ទួរគីដោយផ្តល់ព័ត៌មានចារកម្មនិងទីប្រឹក្សាយោធាក្នុងការកម្ចាត់ក្រុមIS ៕

 

A Turkish armoured personnel carrier escorts a military vehicle on a main road in Karkamis on the Turkish-Syrian border in the southeastern Gaziantep province, Turkey, August 26, 2016. REUTERS/Umit Bektas  - RTX2N5GX

ew3


ចែករំលែក៖