ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ ការចូលរួមរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងព្រឹត្តិការណ៍ឈីងហ្គេបានបញ្ចប់ទៅប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ និងជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានមានប្រសាសន៍ថា ៖ ការចូលរួមរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងព្រឹត្តិការណ៍ឈីងហ្គេបានបញ្ចប់ទៅប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់។ ទម្រង់សិល្បៈបូរាណដ៏ល្អផូរផង់ដែលជាកេរមរតកដ៏មានតម្លៃរបស់ដូនតាត្រូវបានយកទៅបង្ហាញឱ្យពិភពលោកបានស្គាល់ និងស្វែងយល់។ ផ្ទាំងទស្សនីយភាពដ៏រស់រវើក អមដោយស្នាមញញឹមស្រស់បំព្រងនៃសិល្បករ សិល្បការិនីកម្ពុជាបានផ្តល់នូវការកោតស្ញប់ស្ញែង និងអារម្មណ៍រំភើបពីសំណាក់អ្នកទស្សនាទាំងអស់គ្នា។ 

លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ និងជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បន្តថា ៖ យើងពិតជាមានសំណាង និងមោទនភាពដែលបានកើតជាកូនខ្មែរ ក្នុងសម័យសន្តិភាព។ ក្រោមម្លប់នៃសន្តិភាព យើងមានឱកាសក្នុងការអភិរក្ស និងអភិវឌ្ឍសម្បត្តិវប្បធម៌ដ៏យូរលង់ឱ្យបានឋិតឋេរគង់វង្ស និងកាន់តែមានឈ្មោះល្បីសុះសាយទូទាំងសកលលោក។ សម្បត្តិវប្បធម៌ទាំងរូបី និងអរូបីដ៏មានតម្លៃកាត់ថ្លៃពុំបានត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកជាបន្តបន្ទាប់។

លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ និងជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទូលព្រះបង្គំយើងខ្ញុំជាកូនចៅនៅចងចាំជានិច្ចនូវព្រះមហាករុណាទិគុណដ៏ធំធេង នៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីគ្រប់ព្រះអង្គដែលបានកសាងខឿនអរិយធម៌ដ៏រុងរឿងបន្សល់ទុករហូតដល់បច្ចុប្បន្ន។ ទូលព្រះបង្គំជាខ្ញុំក៏សូមសម្តែងនូវកត្តញ្ញូកតវេទីដ៏ជ្រាលជ្រៅថ្វាយចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណចក្រកម្ពុជា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលទ្រង់យកព្រះរាជកាយពល ព្រះរាជហឫទ័យទុកដាក់លើការងារអភិរក្ស និងលើកតម្កើងតម្លៃនៃវប្បធម៌មរតកដូនតាឱ្យកាន់តែខ្ពស់ត្រដឹមត្រដែត សក្តិសមឋានៈជាប្រទសដែលមានវប្បធម៌ចំណាស់ជាងគេមួយក្នុងតំបន់ និងពិភពលោក។ ព្រះរាជគំរូដ៏ថ្លៃថ្លា និងព្រះហឫទ័យដ៏ប្រពៃនៃអង្គព្រះមហាក្សត្របានជំរុញទឹកចិត្តទូលព្រះបង្គំយើងខ្ញុំជាកូនចៅឱ្យចូលរួមក្នុងកិច្ចការលើកស្ទួយកិត្យានុភាពនៃសម្បត្តិវប្បធម៌ខ្មែរគ្រប់ទម្រង់។ ទូលព្រះបង្គំយើងខ្ញុំប្តេជ្ញាដង្ហែតាមព្រះរាជតម្រិះដ៏ឧត្តុង្គឧត្តមនៃអង្គព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងបុព្វហេតុអភិរក្ស អភិវឌ្ឍមរតកវប្បធម៌ដូនតាដ៏ល្អផូរផង់នៃយើង៕

ដោយ ៖ សិលា


ចែករំលែក៖