ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ៖ «ជាមួយក្តីស្រឡាញ់ យើងសាទរចំពោះអត្តសញ្ញាណ ជាតិដ៏ផូរផង់របស់យើង សូម ចូលរួមថែរក្សាលើកស្ទួយ និងចែករំលែកនូវកេរដំណែល វប្បធម៌ខ្មែរយើងដល់យុវជន ខ្មែរជំនាន់ក្រោយ»

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលក្លាយជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦ នៅល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានបង្ហោះលើផេកផ្លូវការថា ៖ 

ជូនចំពោះបងប្អូនទាំងអស់ដែលមានបេះដូង ឆន្ទៈស្រឡាញ់ និងការប្ដេជ្ញាចិត្តខ្ពស់ដូចគ្នាក្នុងការលើកស្ទួយមរតកវប្បធម៌ខ្មែរ!

លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន បានលើកឡើងថា ៖ ខែកុម្ភៈដែលជាខែតំណាងឱ្យក្ដីស្រឡាញ់ ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំចង់សម្ដែងនូវការដឹងគុណចំពោះសមានចិត្តបងប្អូនគ្រប់គ្នាដែលតែងតែគាំទ្រឈរជាមួយនាងខ្ញុំក្នុងកិច្ចថែរក្សាការពារនូវវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរយើង។ រាល់ប្រពៃណីដែលយើងតែងប្រកាន់ខ្ជាប់ពីដើមរៀងមក រាប់ចាប់ពីការស្លៀកពាក់ រហូតដល់សិល្បៈតន្ត្រី និងអ្វីៗជាច្រើនទៀត គឺជាការក្រើនរំឭកឱ្យយើងដឹងថាយើងជានរណា និងភាពខ្លាំងដែលយើងបានរួបរួមសាមគ្គីគ្នា។

លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ថា ៖ វប្បធម៌ខ្មែរ ជាមគ្គុទ្ទេសក៍ជួយបង្រួបបង្រួមយើងជាមួយនឹងមោទនភាព និងគោលដៅ។ សូមបន្តលើកតម្កើង ចែករំលែក និងផ្ទេរកេរដំណែលនេះទៅដល់ខ្មែរជំនាន់ក្រោយប្រកបដោយក្ដីស្រឡាញ់ ៕

ដោយ ៖ សិលា


ចែករំលែក៖