ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកកម្មករពន្លះម៉ូតូទាំងព្រឹកស្លាប់ និងរបួសធ្ងន់២នាក់នៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយគួឲ្យរន្ធត់បានបណ្តាលឲ្យក្មេងស្រីម្នាក់អាយុប្រមាណ៦ឆ្នាំធ្លាយខួរស្លាប់ និងជីតា រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះទៅមន្ទីរពេទ្យ ខេត្តដោយសាររថយន្តដឹកកម្មករបុកកាលពីវេលាម៉ោង៦និង៤០នាទីព្រឹក ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចខាងមុខពេទ្យអនាម័យ ស្ថិតក្នុងភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថា ក្មេងស្រី ដែលបាត់បង់ជីវិតមានឈ្មោះ អេង សម្បត្តិដាវីន អាយុ៦ឆ្នាំ មានទីលំនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ រីឯជីតា ដែលរងរបួសធ្ងន់មានឈ្មោះ ម៉ន សុផុន អាយុ៧៥ឆ្នាំ មានទីលំនៅភូមិកៀនសាំង សង្កាត់-ក្រុងស្វាយរៀងខណៈបើកបរម៉ូតូហុងដា សេ១២៥ ពណ៌ខ្មៅ សេរី២០១៦ ពាក់ស្លាកលេខ ស្វាយរៀង ១F១៩២៦ខូចខាតទាំងស្រុង។

តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជីតា និងចៅស្រីជិះម៉ូតូមួយគ្រឿង ពីលិចទៅកើត ខណៈដែលមកដល់ចំណុចកើតហេតុ ផ្លូវបំបែកជាបួន ក៏បត់ទៅជើង គោលបំណងទៅលេងផ្ទះអ៊ំុ ស្រាប់មានរថយន្តប្រភេទទេសចរណ៍ ពាក់ស្លាកលេខ កំពង់ចាម ៣A ០៦២៧ បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ ដោយផ្ទុកកម្មករ កម្មការីនីពេញ ធ្វើដំណើរពីលិចមកកើត បុកចំពាក់កណ្តាលម៉ូតូខ្ចាត់ចៅស្រីចំកង់រថយន្តកិនក្បាលធ្លាយខួរគួរឲ្យញាក់សាច់ រីឯជីតាបោកនឹងថ្នល់រងរបួសធ្ងន់ ។

ក្រោយមក អ្នកបើករថយន្តបង្ករត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែរថយន្ត និងកម្មករយំសោកអាណិតដល់ក្មេងស្រីស្លាប់យ៉ាងអាណោចអាធ័ម និងសំឡេងសាច់ញាតិទួញយំឱបក្មេងស្រីលើផ្លូវផងដែរ ។

បច្ចុប្បន្ន សពក្មេងស្រីត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯជីតា ក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះ ប៉ុន្តែសង្ឃឹមតិច ព្រោះតែរបួសធ្ងន់ពេក ។

រថយន្តបង្កសមត្ថកិច្ចអូសទៅទុកនៅការិយាល័យចរាចរណ៍ខេត្ត ដើម្បីរង់ចាំដោះស្រាយនាពេលក្រោយ ៕ យឹម សុថាន

asew (3) asew (2) asew (1) asew asew (4)

 


ចែករំលែក៖