ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានសន្តិសុខមន្ទីរពេទ្យព្រះសុកុមៈ ហៅ (ពេទ្យលោកសង្ឃ) ឃាត់ខ្លួន បន្ទាប់ពីរូបគាត់បានប្រើល្បិចធ្វើជាគ្រួសារអ្នកជំងឺ ពេលដែលអ្នកជំងឺផ្សេងទៀតដេកលក់ ក៏ឆ្លៀតឱកាសបន្លំលួចទូរស័ព្ទដៃបាន២គ្រឿងប្រុងរត់គេចខ្លួន ត្រូវសន្តិសុខចាប់ជាប់តែម្តង ។
ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង០០និង៣០នាទីរំលងអធ្រាត្រ រឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចក្នុងមន្ទីរពេទ្យព្រះសុកុមៈ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។
ជនសង្ស័យឈ្មោះ មីុ ភាណេ អាយុ៤១ឆ្នាំ ស្នាក់នៅភូមិអន្លង់សាន្ត ឃុំព្រៃស្ពឺ ស្រុកកោះធំ ខេត្តកណ្ដាល ។
ជនសង្ស័យ បានសារភាពថា រូបគេបានចូលមកកាន់មន្ទីរពេទ្យតាំងពីម៉ោង៩យប់ មកម្ល៉េះរហូតដល់ម៉ោងដែលរាងស្ងាត់មនុស្សចេញ ចូល ទើបឆ្លៀតឱកាសចូលលួចទូរស័ព្ទរបស់អ្នកមកថែទាំអ្នកជំងឺតែម្ដង ។
ជនរងគ្រោះរៀបរាប់ថា មុនពេលកើតហេតុ រូបគាត់មកថែទាំអ្នកជំងឺដែលសម្រាកនៅលើអគារ នៃមន្ទីរពេទ្យព្រះកុសមៈ ក៏សម្រាន្តលង់លក់មួយភាំង ស្រាប់តែមានជនសង្ស័យ បានឆ្លៀតឱកាសដើរ មកធ្វើសកម្មភាពលួចយកទូរស័ព្ទរបស់គាត់ មួយគ្រឿងម៉ាកសាំស៊ុង ពណ៌ស ដែលកំពុងសាកថ្មទុកក្បែរខ្លួននោះ យកទៅបាត់ ។
បន្ទាប់មកជនសង្ស័យ បានបន្តឡើងទៅលើជាន់ទីបី ធ្វើសកម្មភាពលួចទូរស័ព្ទមួយគ្រឿង ទៀតម៉ាកណូគា បានសម្រេចព្យាយាមគេចខ្លួន ប៉ុន្តែត្រូវបានជនរងគ្រោះភ្ញាក់ដឹងខ្លួនទាន់ ក៏រាយការណ៍ជូនក្រុម សន្តិសុខមន្ទីរពេទ្យ ដែលប្រចាំការវេនយប់ឃាត់ខ្លួនជនសង្ស័យ បានទាន់ពេលវេលា រួចប្រគល់អោយទៅលោកប្រធានសន្តិសុខធ្វើការសាកសួរ ។
ដោយមានក្តីអាណិតអាសូរពីជនរងគ្រោះ មិនបានដាក់ពាក្យបណ្តឹង នោះទេ គ្រាន់តែយកទូរស័ព្ទដៃរបស់គាត់វិញ ។ ចំណែកឯជនសង្ស័យត្រូវបានប្រធានសន្តិសុខសម្រេចធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាអប់រំ ដោយឈប់ ប្រព្រឹត្តនូវទង្វើបែបនេះបន្តទៀត រួចក៏ឲ្យត្រឡប់ទៅផ្ទះវិញ៕ ស ដារ៉ា
សូមអានបន្ត ៖ រថយន្តដឹកកម្មករពន្លះម៉ូតូទាំងព្រឹកស្លាប់ និងរបួសធ្ងន់២នាក់នៅក្រុងស្វាយរៀង