ខេត្តសៀមរាប ៖ ក្រុមព្រះសង្ឃនៃភាគីម្ខាងបានព្រួតគ្នាទៅចាប់សែងព្រះសង្ឃមួយអង្គទៀតដែលជាភាគីជម្លោះយកទៅដាក់ ក្នុងវិហារមួយដោយបិទទ្វារចាក់សោជិត ដើម្បីឲ្យធ្វើកិច្ចសន្យាផ្តិតមេដៃចាកចេញ ពីវត្ត ។ ហេតុការណ៍នេះបានកើតឡើង តាំងពីព្រឹកថ្ងៃទី៣១ខែសីហានៅក្នុងវត្តព្រះ ឥន្ទកោសិយ ដែលស្ថិតក្នុងភូមិទ្រាំង សង្កាត់ ស្លក្រាម ក្រុងសៀមរាបរហូតដល់រសៀល ថ្ងៃដដែល ទើបបញ្ចប់បន្ទាប់ពីមានអាជ្ញាធរពាក់ព័ន្ធនិងព្រះអនុគណក្រុងចុះទៅដល់ ។
រឿងរ៉ាវដែលបានកើតឡើងក្នុងវត្តខាង លើនេះគឺបន្ទាប់ពីព្រះចៅអធិការវត្តព្រះ ឥន្ទកោសិយបានសុគតទៅ ហើយជម្លោះ ទាំងនេះ គឺផ្តើមចញពីការដណ្តើមអំណាច រវាងព្រះសង្ឃនឹងព្រះសង្ឃរហូតព្រះចៅ អធិការវត្តដែលទើបឡើងកាន់តំណែងចេញលិខិតបណ្តេញសង្ឃដែលជាគូទំនាស់ចេញពីវត្ត ។
លិខិតជូនដំណឹងដែល មានបោះត្រាវត្ត តែមិនចុះហត្ថលេខាចុះ ថ្ងៃទី២៦ខែសីហា ឆ្នាំ២០១៦បញ្ជាក់ថាខ្ញុំព្រះករណាទាំង អស់អង្គក្នុងវត្តព្រះឥន្ទកោសិយ សូមប្រគេនដំណឹងដល់ព្រះអង្គអ៊ុនសម្ផស្ស ឲ្យបាន ជ្រាបថា វត្តមួយនេះមិនអនុញ្ញាតឲ្យព្រះ អង្គគង់ស្នាក់ក្នុងវត្តទៀតទេ ។ មូលហេតុ ដោយព្រះអង្គមួយនេះបានធ្វើព្យុះភ្លៀងជា ច្រើនដូចជាដឹកនាំពុទ្ធបរិស័ទធ្វើបាតុកម្ម នៅសាលាខេត្តចោទប្រកាន់ព្រះចៅអធិការវត្តថា តែងតាំងខ្លួនឯងជាចៅអធិការ។ល។ ក្នុង ពេលក្រុមព្រះសង្ឃនាំគ្នាចាប់សែងសង្ឃ ព្រះនាមអ៊ុនសម្ផស្សយកទៅក្នុងវិហារហើយចាក់សោជាប់ គេឃើញក្រុមយាយជីតាជី បានឈរតោងបង្អួចស្រែក សុំចូលទៅដែរ ដោយបញ្ជាក់ថា មេ៉ចក៏សាហាវជាងរបប ប៉ុលពតទៅទៀត ។
ប៉ុន្តែមិនបានដូចបំណងទេដោយព្រះ សង្ឃជាភាគី ជម្លោះចាក់សោខាងក្នុងជាប់ ទាំងអស់ សូម្បីតែអ្នកកាសែតដែលតាមផ្តិតរូបភាពក៏ត្រូវជាប់ក្នុងនោះដែរ ។ ក្នុងស្ថានភាពជម្លោះកាន់តែក្តៅដែលសមត្ថកិច្ចពាក់ព័ន្ធនៅតែមិនអាចដោះស្រាយបានព្រះមេ គណខេត្តព្រះអង្គ ជុំ គឹមឡេងបានមាន ថេរដីកាតាមទូរស័ព្ទឲ្យនាំព្រះសង្ឃអ៊ុន សម្ផស្សទៅជួបព្រះអង្គដើម្បីដោះស្រាយ ។ ប៉ុន្តែព្រះសង្ឃខាងចៅអធិការមិនព្រមគឺទាមទារឲ្យផ្តិតមេដៃចាកចេញពីវត្តមិនថាជារដូវចូលវស្សាអី្វនោះទេ ។ នៅទីបំផុតសង្ឃអ៊ុនសម្ផស្សបានផ្តិតមេដៃព្រមចាកចេញក្នុង រយៈពេល៧ថ្ងៃក្រោយ ។
សូមរំលឹកថា កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ ព្រះសង្ឃនិងពុទ្ធបរិស័ទប្រមាណជាង១០០អង្គ/នាក់ បានលើកគ្នាទៅតវ៉ា នៅមុខសាលាខេត្តសុំឱ្យអាជ្ញាធរពិចារណាចំពោះការតែងតាំងចៅអធិការវត្តព្រះឥន្ទកោសិយ ។ ជាមួយការផ្ទុះការតវ៉ាដែលផ្តើមចេញពីការដណ្តើមអំណាចជាចៅ អធិការវត្តក៏ធ្លាយរឿងបាត់លុយជាង៥៥ លានរៀល និងជិត២ពាន់ដុល្លារ ។
ក្នុងការតវ៉ានោះព្រះសង្ឃនិងពុទ្ធបរិស័ទបានលើកឡើងថា ភិក្ខុចាន់ សុវណ្ណ ដែល ត្រូវតែងតាំងជាចៅអធិការវត្តពិតជាមិន ស័ក្តិសមដែលអាចទទួលយកបានឡើយ ពីព្រោះសង្ឃអង្គនេះបានចាកចោលវត្តទៅនៅអាមេរិក អស់រយៈពេលជាង១០ឆ្នាំ មកហើយដល់ពេលទទួលដំណឹងថា ចៅអធិការវត្ត ព្រះនាមពេជ្រ សន សុគត ក៏វិលមករកវត្តវិញហើយតាំងខ្លួនជា ចៅអធិការទាំងមិនទាន់មានការបោះ ឆ្នោតសម្រេច ។ ភិក្ខុចាន់ សុវណ្ណបានចាក ចោលវត្តតាំងពីឆ្នាំ២០០៤ លុះថ្ងៃទី២៦ ខែ ធ្នូ ឆ្នាំ២០១៥ក៏បានវិលចូលមកវត្តវិញតែ បែរជាត្រូវបានតែងតាំងជាចៅអធិការ វត្តទៅវិញ ។
ជាមួយគ្នានោះភិក្ខុ ចាន់ សុវណ្ណ បានគ្រប់ គ្រងគរុភណ្ឌក្នុងវត្តមានរថយន្ត ៣គ្រឿងប្រាក់១ម៉ឺនដុល្លាររបស់ព្រះ មេគណ ដែលបានសុគតប្រាក់សល់ពី បុណ្យសពព្រះមេគណ៤០លានរៀល ជាង២.៥០០ដុល្លារ និងប្រាក់បាត៤.៥៣៥ បាត ។ តួលេខចំណូលចំណាយ បង្ហាញក្នុងអង្គប្រជុំនៅសល់៩៥.៦២៦.០០០រៀល ប្រាក់ដុល្លារ ៨.១៦១ដុល្លារ ប្រាក់បាត ៤.៥៣៥បាត ។ តែប្រាក់ទាំងនេះបាត់អស់ជាងពាក់កណ្តាល ដោយប្រាក់ខ្មែរបាត់ ៥៥.៦២៦.០០០រៀល ប្រាក់ដុល្លារ១.៦៦១ ដុល្លារ ។ តើប្រាក់ទាំងនេះបាត់ទៅណា? ៕ ហេង សូរិយា