ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ បានធ្វើពិធីផ្សព្វផ្សាយរបាយការណ៍មួយព្យាករថា សេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០១៦ និងឆ្នាំ២០១៧នឹងមានកំណើនប្រមាណ៧ភាគរយដែលជាសន្ទុះសេដ្ឋកិច្ចដែលកម្ពុជារក្សាបានជាច្រើនឆ្នាំជាប់ៗគ្នា ។ អ្នកសេដ្ឋ កិច្ចឯកភាពលើការព្យាករនេះ ប៉ុន្តែសម្ដែងការព្រួយបារម្ភចំពោះលទ្ធភាពរដ្ឋាភិបាល កម្ពុជាក្នុងការគ្រប់គ្រងកំណើនសេដ្ឋកិច្ចនេះឲ្យមានប្រសិទ្ធភាព ។
ពិធីផ្សព្វផ្សាយនេះធ្វើឡើងក្រោមការ ចូលរួមពីតំណាងធនាគារពិភពលោក (World Bank) មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក នានា ។ របាយការណ៍តាមដានវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជានេះសិក្សាទៅលើ សូចនាករសំខាន់ៗក្នុងឆមាសទី១ ឆ្នាំ ២០១៦ ដូចជាវិស័យឧស្សាហកម្ម កសិ កម្ម ទេសចរណ៍ ពន្ធដារ ។ល។ ដើម្បីយក មកព្យាករណ៍ ។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុលោក វង្សី វិស្សុត មានប្រសាសន៍ ថា ទោះបីជាជួបឧបសគ្គខ្លះក៏ដោយក៏សេដ្ឋ កិច្ចកម្ពុជានៅតែរំពឹងថាអាចសម្រេចបាន នូវគោលដៅ៧ភាគរយដូចការកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណ។ ឧបសគ្គធំដែល អាចប៉ះពាល់លើកម្ពុជានោះគឺភាពមិនច្បាស់ លាស់នៃសេដ្ឋកិច្ចអន្តរជាតិ ពោលគឺទីផ្សារហិរញ្ញវត្ថុអន្តរជាតិបន្ទាប់ពីការចាកចេញនៃចក្រភពអង់គ្លេស ពីសហភាពអឺរ៉ុប និងជាពិសេសការធ្លាក់ចុះនៃសេដ្ឋកិច្ចប្រទេសចិន ដែលកម្ពុជា កំពុងមានចំណងស្អិតល្មួត ជាមួយ ។
របាយការណ៍នេះត្រូវបានរៀបចំដោយ ក្រុមសេដ្ឋកិច្ចនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញ វត្ថុដោយគ្មានការជួយពីជំនាញការបរទេស នោះទេ ហើយរបាយការណ៍នេះនឹងត្រូវ បង្ហោះនៅក្នុងគេហទំព័ររបស់ក្រសួងដែលអាចឱ្យសាធារណជនទូទៅអាចចូលទៅ មើល និងអាចទាញយកសម្រាប់សិក្សាស្រាវជ្រាវបាន ។
លោករដ្ឋលេខាធិការបានលើកឡើង ថា កន្លងមកយើងធ្លាប់តែឃើញដៃគូរបស់ យើងដូចជា IMF WB និង ADB តែងតែបានរៀបចំនិងផ្សព្វផ្សាយនូវរបាយការណ៍ស្រដៀងគ្នានេះ តែចាប់ពីពេលនេះតទៅ កម្ពុជានឹងមានរបាយការណ៍សេដ្ឋកិច្ចផ្លូវការរបស់ខ្លួនដែរដែលដូចគ្នានឹងការរៀបចំរបស់ដៃគូខាងលើ ។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងរៀបចំការផ្សព្វផ្សាយរបាយការណ៍នេះចំនួន២ដងក្នុងមួយឆ្នាំ។
លោករដ្ឋលេខាធិការ វង្សី វិស្សុត បាន បញ្ជាក់ថា ជារួមតាមការតាមដាននិងវាយ តម្លៃស្ថានភាពសេដ្ឋកិច្ចនៅក្នុងរយៈពេល ៦ខែនេះគឺសេដ្ឋកិច្ចកម្ពុជានៅតែអាច សម្រេចបាននូវកំណើន៧ភាគរយក្នុងឆ្នាំ២០១៦នេះ ដូចការព្យាករពីដើមឆ្នាំ។ កំណើននេះនឹងនៅតែបន្តមានភាពរឹងមាំ រហូតដល់ចុងឆ្នាំទោះបីហានិភ័យពីខាងក្រៅកំពុងតែវិវត្តយ៉ាងស្មុគស្មាញ ជា ពិសេសសេដ្ឋកិច្ចពិភពលោកកំពុងមាន ការថមថយក្តី ។
ជាក់ស្តែងនៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៦នេះតម្លៃនៃការនាំចេញរបស់ វិស័យកាត់ដេរមានការកើនឡើងបើធៀប នឹងរយៈពេល៦ខែដូចគ្នានៅក្នុងឆ្នាំ ២០១៥កន្លងទៅទោះបីបរិមាណនៃការនាំចេញមានការធ្លាក់ចុះបន្តិចក្តី ។ ម្យ៉ាងវិញ ទៀតនៅក្នុងរយៈពេល៦ខែដើមឆ្នាំនេះដែរ ការនាំចូលវត្ថុធាតុដើមបម្រើឱ្យវិស័យកាត់ដេរមានការកើនឡើងខ្លាំងដែលជាការឆ្លុះបញ្ចាំងថា វិស័យកាត់ដេរនឹងនៅតែមាន កំណើនល្អនៅក្នុងរយៈពេល៦ខែចុងឆ្នាំ ២០១៦នេះនិងនៅឆ្នាំ២០១៧ ។
នេះជាការប្រែប្រួលជារចនាសម្ព័ន្ធនៅក្នុងវិស័យកាត់ដេរដែលការផ្ទេរពីការ ផលិតនូវផលិតផលដែលមានតម្លៃទាបទៅការផលិតនូវផលិតផលដែលមានតម្លៃខ្ពស់ជាបណ្តើរៗដូចការគិតគូរពីដើមឆ្នាំ ដែរ។ ដោយឡែកវិស័យសំណង់ដែលជា កម្លាំងចលករអូសកំណើនសេដ្ឋកិច្ចដ៏ សំខាន់មួយផងដែរនោះក៏នៅមានកំណើនល្អទោះបីកំណើននេះមានការថមថយខ្លះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្តី។
ភ្ជាប់ជាមួយនេះការលក់ខុនដូ និងផ្ទះលំនៅឋានមានការធ្លាក់ចុះខ្លះតែនេះជាការកែតម្រូវទីផ្សាររវាងការផ្គត់ផ្គង់នឹងតម្រូវ ការដែលជាលទ្ធផលនឹងធ្វើឱ្យមានការចុះតម្លៃខុនដូនិងផ្ទះលំនៅឋាន ។
ប្រការនះនឹងបង្កើតជាឱកាសសម្រាប់អ្នកដែលនៅមានលទ្ធភាពទិញអាចទិញ ខុនដូ និងផ្ទះលំនៅឋានបានក្នុងតម្លៃថោកជាងមុន ។
ទន្ទឹមនឹងនេះយើងក៏ឃើញពីសក្តានុ ពលដ៏ធំធេងចំពោះតម្រូវការផ្ទះលំនៅឋានដែលមានតម្លៃទាបសម្រាប់អ្នកមានប្រាក់បៀវត្សរ៍ចន្លោះពី២៥០ទៅ៥០០ដុល្លារ អាមេរិក ជាពិសេសក្នុងចំណោមមន្រ្តីរាជ ការ និងនិយោជិតក្នុងវិស័យឯកជន។
ក្នុងន័យនេះរាជរដ្ឋាភិបាលបាននិងកំពុងរៀបចំគោលនយោបាយអភិវឌ្ឍន៍លំនៅ ឋានដែលមានតម្លៃទាបនេះដើម្បជំរុញការអភិវឌ្ឍនិងបង្កើនការវិនិយោគក្នុងវិស័យនេះ ពិសេសដើម្បីជួយធ្វើឱ្យអ្នកដែលមាន ប្រាក់បៀវត្សចន្លោះពី២៥០ទៅ៥០០ ដុល្លារអាមេរិកអាចទិញនិងធ្វើជាម្ចាស់លើលំនៅឋានដែលមានតម្លៃទាបនេះ។ លំនៅ ឋានដែលមានតម្លៃទាបនេះពិតជានឹងមាន តម្រូវការធំធេងនៅពេលរាជរដ្ឋាភិបាល ដំឡើងប្រាក់បៀវត្សរ៍ដល់មន្រ្តីរាជការយ៉ាង តិច១លានរៀលនៅឆ្នាំ២០១៨ ។
ទន្ទឹមនឹងនេះវិស័យកសិកម្មដែលធ្លាប់តែមានកំណើនថមថយរហូតនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះអាចនឹងមានការងើបឡើងបន្តិចនៅក្នុងរយៈពេលមធ្យមខាងមុខដោយកត្តាអាកាសធាតុអាចមាន ភាពល្អប្រសើរជាងមុននិងការអន្តរាគមន៍ របស់រដ្ឋនៅក្នុងការរៀបចំកម្មវិធីដើម្បីធ្វើ ទំនើបកម្មក្នុងវិស័យនេះ ព្រមទាំងការបើកទីផ្សាររបស់ចិនក្នុងការទទួលយកផលិត ផលកសិកម្មរបស់កម្ពុជា ។
កំណើនរបស់វិស័យកសិកម្មនេះអាច នឹងជួយប៉ះប៉ូវដល់ការថមថយកំណើនក្នុងវិស័យទេសចរណ៍។
ក្នុងន័យនេះយើងចាំបាច់ក្នុងការតម្រូវគោលនយោបាយនិងយុទ្ធសាស្រ្តមួយចំនួនក្នុងវិស័យទេសចរណ៍ដើម្បីបង្កើនការទាក់ទាញ និងលើកកម្ពស់គុណភាព និងតម្លៃ បន្ថែមរបស់វិស័យនេះដើម្បីឱ្យវិស័យទេសចរណ៍ក្លាយជាកម្លាំងចលករអូសកំណើនសេដ្ឋកិច្ចកម្ពុជាទាំងនៅក្នុងរយៈពេលធម្យម និងវែងខាងមុខ ។
លោករដ្ឋលេខាធិការបានបន្តលើក ឡើងថា បញ្ហាអចលនទ្រព្យនិងបញ្ហា កំណើនឥណទាន នៅក្នុងវិស័យធនាគារ និងវិស័យមីក្រូហិរញ្ញវត្ថុនៅតែអាចបង្កឱ្យមានហានិភ័យមកលើសេដ្ឋកិច្ចកម្ពុជា។ ប៉ុន្តែហានិភ័យក្នុងវិស័យអចលនទ្រព្យបានធ្លាក់ចុះដោយសារកំណើននិងតម្លៃនៃការលក់ខុនដូនិងផ្ទះសម្បែងធ្លាក់ចុះ។ ដូច្នេះជារួមហានិភ័យក្នុងវិស័យអចលនទ្រព្យមិន មានបញ្ហាធំដុំនោះទេប្រសិនបើយើងមានការគ្រប់គ្រងត្រឹមត្រូវ ។
ដោយឡែកហានិភ័យនៃកំណើនឥណទានក្នុងវិស័យធនាគារ និងវិស័យមីក្រូហិរញ្ញ វត្ថុក៏ត្រូវបានកាត់បន្ថយផងដែរដោយសារការឱ្យខ្ចីមានការថមថយតាមរយៈការដាក់ចេញនូវវិធានការមួយចំនួនរបស់ធនាគារជាតិនៃកម្ពុជា ។
ដូច្នេះជារួមសេដ្ឋកិច្ចកម្ពុជានៅមាន កំណើនរឹងមាំក៏ប៉ុន្តែទាមទារឱ្យមានភាព ហ្មត់ចត់នៅក្នុងការគ្រប់គ្រង និងត្រូវត្រៀមខ្លួនជាយថាហេតុក្នុងការទប់ទល់ជាមួយ នឹងវិបត្តិនិងហានិភ័យពីខាងក្រៅឱ្យបានល្អ។ ទន្ទឹមនេះកម្ពុជាក៏ត្រូវខិតខំឱ្យកាន់តែសកម្មជាងមុនក្នុងការទាក់ទាញវិនិយោគ តាមរយៈការកែលម្អ បរិស្ថានវិនិយោគ ការវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធនិងធនធានមនុស្ស ក្នុងគោលដៅធានាចីរភាព នៃកំណើនផង និងឱ្យមានការប្រែប្រួលជា រចនាសម្ព័ន្ធសេដ្ឋកិច្ចផងតាមរយៈការបង្កើក្បាលម៉ាស៊ីនសេដ្ឋកិច្ចថ្មី ពីព្រោះកម្ពុជាមិន អាចនៅពឹងផ្អែកតែទៅលើកម្លាំងចលករ អូសកំណើនសេដ្ឋកិច្ចដែលមានស្រាប់ជាង ២០ឆ្នាំទាំងស្រុងទៀតបានទេ ។
ចំពោះវិស័យសារពើពន្ធវិញលោករដ្ឋលេខាធិការក៏បានលើកឡើងផងដែរថា ជារួមវិស័យសារពើពន្ធរបស់កម្ពុជាក៏មាន ភាពរឹងមាំផងដែរទាំងខាងផ្នែកចំណូល ទាំងខាងផ្នែកចំណាយ ។
ផ្នែកចំណូលវិញយើងសម្រេចបាននូវកំណើនដ៏ខ្ពស់មិនធ្លាប់មាន ពិសេសនៅ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះដោយសារសេដ្ឋកិច្ចមានកំណើនខ្ពស់ និងដោយសារការខិតខំប្រែងប្រែងរបស់រាជរដ្ឋាភិ បាលក្នុងការប្រមូលចំណូល ។ ជាក់ស្តែង នៅក្នុងឆ្នាំ២០១៥កន្លងទៅយើងសម្រេចបាននូវកំណើននៃចំណូលចរន្តសរុបរហូតទៅដល់ប្រមាណ១៨ភាគរយនៃ ផ.ស.ស ធៀបទៅនឹងគោលដៅដែលបានកំណត់នៅក្នុងយុទ្ធសាស្រ្តកៀរគរចំណូលរយៈ ពេលមធ្យម២០១៤-២០១៨ ត្រឹមតែ ១៧,៣៥ភាគរយនៅក្នុងឆ្នាំ២០១៨។ ប៉ុន្តែយើងមិនទាន់ស្កប់ស្កល់ជាមួយនឹង កំណើនចំណូលនេះទេ ពីព្រោះចំណូល នេះចាំបាច់ត្រូវមានការគិតគូរទៅដល់ទិដ្ឋភាពផ្សេងទៀតដូចជាថា តើចំណូលនេះ មានចីរភាពឬអត់? តើប្រព័ន្ធពន្ធបច្ចុប្បន្ននេះអាចទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច ការ បង្កើតការងារ និងការលើកកម្ពស់យុត្តិធម៌សង្គមបានក្នុងកម្រិតណា? ប៉ុន្តែទោះបី យ៉ាងណាក៏ដោយកន្លងមកការខិតខំប្រឹងប្រែងនៅក្នុងការប្រមូលចំណូលពន្ធត្រូវជួបប្រទះនូវការលំបាកមួយចំនួនដោយជៀសពុំរួចផងដែរដោយសារក្របខ័ណ្ឌនីតិវិធី ក្នុងការយកពន្ធនៅកន្លែងខ្លះនៅស្មុគស្មាញនៅឡើយ ហើយវប្បធម៌បង់ពន្ធនិងកម្រិតអនុលោមភាពក៏នៅមានកម្រិត ។
ចំពោះខាងផ្នែកចំណាយវិញលោករដ្ឋលេខាធិការបានលើកឡើងថា យើងក៏គ្រប់ គ្រងបានល្អដែរដោយក្នុងនោះយើងបាន ខិតខំបង្កើនការចំណាយដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រទេសជាតិក្នុងការផ្តល់សេវាសាធារណៈជូនប្រជាជនក៏ដូចជាដើម្បីទ្រទ្រង់ដល់ប្រតិបត្តិការរបស់រដ្ឋ ។
ជាមួយគ្នានេះនៅក្នុងរយៈពេល៣ឆ្នាំ ចុងក្រោយនេះយើងក៏បានខិតខំលើកកម្ពស់ គុណភាពនៃការចំណាយផងដែរទាំងតាមរយៈការលើកប្រសិទ្ធភាពនៃការវិភាជន៍ ថវិកានៅក្នុងពេលរៀបចំថវិកា ពិសេស ពេលចរចាថវិកា និងទាំងតាមរយៈនៃការលើកកម្ពស់ប្រសិទ្ធភាពនៃប្រតិបត្តិការ ចំណាយនៅក្នុងពេលអនុវត្តថវិកា ។
ជាក់ស្តែងថ្វីដ្បិតតែយើងមានសម្ពាធខាងផ្នែកចំណាយបៀវត្សដោយសារការ ដំឡើងប្រាក់បៀវត្សរ៍ដែលខ្ទង់ចំណាយមិន មែនបៀវត្សរ៍មិនឱ្យមានការកើនឡើង ឬ កើនឡើងតិចតួចក្តីតែក្រសួងស្ថាប័នមួយ ចំនួននៅតែអាចសម្រេចលទ្ធផល និង គោលដៅរបស់ខ្លួនដដែលហើយការចាយវាយកាន់តែចំគោលដៅជាងមុននិងបានទៅដល់ដៃអ្នកអនុវត្តការងារផ្ទាល់ច្រើន ជាងមុន ។
ជាមួយគ្នានេះការចំណាយវិនិយោគសាធារណៈក៏កាន់តែត្រូវបានធ្វើវិចារណ កម្មនិងកាន់តែមានប្រសិទ្ធភាពជាងមុន ហើយក៏មានការកើនឡើងក្នុងកម្រិតមួយដែលអាចជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចឱ្យសម្រេចបានក្នុងរង្វង់៧ភាគរយផងដែរ ។
យើងក៏បានប្រកាន់ខ្ជាប់នូវវិន័យថវិកា ពិសេសការសម្រេចបាននូវអតិរេកសាច់ប្រាក់ដើម្បីត្រៀមទប់ទល់វិបត្តិកលយុគ និងហានិភ័យផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ។
ដូច្នេះជាការសរុបរួមលោករដ្ឋលេខាធិការបានលើកឡើងថា សេដ្ឋកិច្ចកម្ពុជានៅតែមានកំណើនរឹងមាំ ហើយមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចល្អ មានអតិផរណាទាប អត្រាប្តូរប្រាក់មានស្ថិរភាព ទុនបម្រុង អន្តរ ជាតិក៏មានកំណើនល្អ ហើយសមតុល្យ គណនីចរន្តក៏កាន់តែមានភាពល្អប្រសើរឡើងដែរ។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ យើងចាំបាច់ត្រូវមានការប្រុងប្រយ័ត្នជាប់ជាប្រចាំ និងត្រូវមានការរឹតខ្សែក្រវាត់ដើម្បី ទប់ទល់នឹងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានទាំងឡាយដែលអាចកើតឡើងជាយថា ហេតុទាំងខាងក្នុង និងខាងក្រៅប្រទេស ។
ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា លោក ច័ន្ទ សុផល បានឯកភាពទៅលើការព្យាករ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយ លោកថា របាយការណ៍នេះផ្អែកទៅលើស្ថិតិ ដែលអាចជឿទុកចិត្តបាន ក៏ប៉ុន្តែកំណើន ៧ភាគរយនេះជាតួលេខម៉ាក្រូសេដ្ឋកិច្ច ដែលអាចបង្ហាញស្ថានភាពមធ្យមរបស់សេដ្ឋកិច្ច តែមិនមែនឆ្លុះបញ្ចាំងពីតថភាពសេដ្ឋកិច្ចកម្ពុជាទាំងស្រុងឡើយ ។
កំណើនសេដ្ឋកិច្ចកម្ពុជាជាង៧ភាគរយនៅ៤-៥ឆ្នាំចុងក្រោយនេះ ត្រូវបានលោក ច័ន្ទ សុផល លើកឡើងថា មួយផ្នែកធំបានមកពីទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា-ចិនដែល ជារឿងមួយអ្នកសិក្សាមួយចំនួនថាគួរឲ្យព្រួយបារម្ភ ។
នៅក្នុងអត្ថបទស្រាវជ្រាវមួយស្ដីពីឥទ្ធិព លចិនក្នុងតំបន់អាស៊ីអាគ្នេយ៍របស់សហព័ន្ធ អ្នកវិទ្យាសាស្ត្រអាមេរិកបង្ហាញថា ប្រទេស ចិនមានគោលការណ៍មិនលូកដៃក្នុងរឿងផ្ទៃក្នុងប្រទេសដែលខ្លួនវិនិយោគទេមាន ន័យថា ចិនមិនខ្វល់ឡើយថាលុយវិនិយោគ របស់គេត្រូវឆ្លងកាត់ប្រព័ន្ធដែលពុករលួយ ឬគ្មានតម្លាភាពយ៉ាងណាទេ ៕ ហេង សូរិយា