ខេត្តបាត់ដំបង៖ ក្មេងប្រុសស្រី៤នាក់បានចុះមុជទឹកលេងហើយបានលង់ស្លាប់២នាក់ ឯ២នាក់ទៀតត្រូវគេជួយសង្គ្រោះទាន់បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។ ករណីក្មេងៗលង់ទឹកស្លាប់នេះបាន កើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ នៅ ក្នុងស្ទឹងសង្កែ ក្នុងក្រុមទី១២ ភូមិព្រែក មហាទេព សង្កាត់ស្វាយប៉ោ ក្រុង-ខេត្ត បាត់ដំបង ។
មន្ត្រីនគរបាលក្រុងបាតដំបងបានឲ្យដឹង ថា ក្មេងៗរងគ្រោះទាំង៤នាក់ខាងលើទី ១-ឈ្មោះ វ៉ាន់ ចាន់ហៃ ភេទប្រុស អាយុ ១០ឆ្នាំ មានទីលំនៅផ្ទះលេខ១២៩ ក្រុមទី ៦ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ទី២- ឈ្មោះ វឿត ណារី ភេទស្រី អាយុ ១៣ឆ្នាំ មានទីលំនៅ ក្រុមទី៦ ភូមិព្រែក មហាទេព សង្កាត់ស្វាយប៉ោ (ទាំង២នាក់ស្លាប់នៅកន្លែងកើតហេតុ) ទី៣-ឈ្មោះ ងួន សេរីសម្បត្តិ ភេទប្រុស អាយុ១១ឆ្នាំ រស់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយ ប៉ោ ក្រុងបាត់ដំបង និងទី៤-ឈ្មោះ ចាន់ វឌ្ឍនា ភេទស្រី អាយុ១១ឆ្នាំ រស់នៅភូមិ -សង្កាត់រតនៈ ក្រុងបាត់ដំបង(ទាំង២នាក់កំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត)។
តាមប្រភពនៅកន្លែងកើតហេតុបាន បញ្ជាក់ថា នៅមុនពេលកើតហេតុក្មេងៗរង គ្រោះខាងលើបានបបួលគ្នាទៅលេងទឹកនៅក្នុងស្ទឹងសង្កែដោយឪពុកម្តាយជាប់ រវល់ធ្វើការងារផ្ទះនិងប្រកបរបររកស៊ីផងនោះមិនបានដឹងថា កូនៗទៅលេងទឹកទេ។ លុះដល់ពេលកើតហេតុក្មេងៗរងគ្រោះបានលង់ទឹកបណ្តាលឲ្យស្លាប់២នាក់ និង២ នាក់ទៀតគេជួយទាន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។
មន្ត្រីនគរបាលបានឲ្យដឹងថា នៅក្រោយ ពេលកើតហេតុសមត្ថកិច្ចបានចុះទៅជួយសង្គ្រោះបឋមដល់ក្មេងៗរងគ្រោះទាំង៤នាក់ខាងលើ ប៉ុន្តែគ្រានោះសមត្ថកិច្ចជួយសង្គ្រោះបានតែក្មេងៗ២នាក់ប៉ុណ្ណោះ ហើយក្មេងៗ២នាក់ទៀតដោយសារមានសភាពនិងលង់យូរទៅហើយនោះក៏បានស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ។
សាកសពក្មេងរងគ្រោះទាំង២នាក់ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សហការី