ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់បានធ្វើដំណើរទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាតែពុំបានសម្រេចត្រូវបានអង្គភាពការពារគោលដៅទី៣ការពារស្ពានជ្រោយចង្វាចេញទូកនេសាទទៅជួយស្រង់សង្គ្រោះទាន់។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង១០នាទី ថ្ងៃត្រង់ ទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចលើស្ពានជ្រោយចង្វាថ្មី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
នារីវ័យក្មេងខាងលើមានឈ្មោះសឿន រក្សា អាយុ១៦ឆ្នាំ មុខរបរលក់ខោអាវឱ្យគេនៅផ្សារស្ទឹងមានជ័យថ្មី ស្នាក់នៅម្តុំផ្សារសំណង់១២ ក្នុងសង្កាត់ទឹកលក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅស្រុកស្ទោង ខេត្តកំពង់ធំ។
បើយោងតាមប្រភពព័ត៌មានពីពលរដ្ឋដែលបានឃើញហេតុការណ៍អោយដឹងថា គេឃើញនារីវ័យក្មេងម្នាក់វ័យប្រហែល១៦ឆ្នាំ បានធ្វើដំណើរពីចំណុចគល់ស្ពានដោយថ្មើរជើង ខណៈដើរមកដល់ខាងលើស្ពានជ្រោយចង្វា ក៏ស្រាប់តែបានដោះអាវក្រៅ និងទុកស្បែកជើងមួយគូរួមនឹងបារីអេឡិចត្រូនិកមួយដើម បន្សល់នៅខាងលើស្ពាន រួចលោតទឹកសម្លាប់ខ្លួនពីលើស្ពានតែម្តងដោយមិនដឹងមូលហេតុ ។ ស្របពេលនោះ ក៏មានបងប្អូនប្រជានេសាទឃើញ បានជួយចេញទូកជួយសង្គ្រោះទាន់ យកឡើងមកលើគោកវិញភ្លាមៗផងដែរ ។ បន្ទាប់មកក៏ត្រូវបានសមត្ថកិច្ចយកទៅប៉ុស្ដិ៍នគរបាលស្រះចកធ្វើការសាកសួរ ។
បើតាមការបញ្ជាក់ពីសមត្ថកិច្ច បានអោយដឹងថា ក្រោយមានការសាកសួរនារីវ័យក្មេងរូបនោះបានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យនាងគិតខ្លីដោយសារតែតូចចិត្តខ្លួនឯងសុំថៅកែបើកលុយទៅផ្ទះតែថៅកែមិនអោយទៅ ។
បច្ចុប្បន្ន សមត្ថកិច្ចបានទំនាក់ទំនងទៅកាន់គ្រួសារសាច់ញ្ញាតិអោយមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីមកយកនារីខាងលើត្រឡប់ទៅផ្ទះវិញ ៕
ដោយ ៖ ភារ៉ា ដង្កោ