ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋជាង១លាននាក់ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលវេណេហ្ស៊ុយអេឡា

ចែករំលែក៖

កាលពីថ្ងៃទី១ ខែកញ្ញា ប៉ូលិសវេណេហ្ស៊ុយអេឡា បានចាប់ខ្លួនមនុស្សជាង២០នាក់ ដែលបានបង្កហិង្សានៅក្នុងពេលធ្វើបាតុកម្ម ប្រឆាំងរដ្ឋាភិបាលដឹកនាំដោយលោក Nicolas Maduro ក្នុងទីក្រុង ការ៉ាកាស ។ បាតុកម្មខាងលើ ដឹកនាំដោយគណបក្សប្រឆាំងសាមគ្គីដើម្បីប្រជាធិបតេយ្យ  ក្នុងគោលដៅទាមទារធ្វើប្រជាមតិដកហូតតំណែងប្រធានាធិបតីនៅក្នុងឆ្នាំនេះ ។

ក្រុមបាតុករដែលចាប់ខ្លួននោះ បានគប់ដុំថ្ម ទៅលើកម្លាំងប៉ូលិស។ នៅតំបន់ជាច្រើន ប៉ូលិសប្រឆាំងបាតុករបានប្រើប្រាស់ឧស្មានបង្ហូរទឹកភ្នែកបំបែកហ្វូងបាតុករដែលបង្កហិង្សា។

មេដឹកនាំគណបក្សប្រឆាំង លោក Jesus Torrealba បានឲ្យដឹងថា មានពលរដ្ឋជាង១លាននាក់បានចូលរួមនៅក្នុងបាតុកម្មខាងលើ ដែលមានឈ្មោះថា «គ្រប់គ្រងរដ្ឋធានី Caracas» ហើយនេះ ជាបាតុកម្មប្រឆាំងរដ្ឋាភិបាលទ្រង់ទ្រាយធំបំផុត មិនធ្លាប់មានរយៈពេលជាងមួយទសវត្សរ៍កន្លងមក។ ប៉ុន្តែរដ្ឋាភិបាលបានប្រកាសថា មានពលរដ្ឋចូលរួមធ្វើបាតុកម្មប្រមាណ៣ម៉ឺននាក់ប៉ុណ្ណោះ មិនមែន១លាននាក់ដូចការប្រកាសរបស់បក្សប្រឆាំងឡើយ ។

ក្នុងពេលនោះដែរ  ពលរដ្ឋរាប់ពាន់នាក់ ដែលគាំទ្រប្រធានាធិបតី ម៉ាឌូរ៉ូ ក៏បានដង្ហែក្បួនគាំទ្រប្រធានាធបិតីផងដែរ ។ ក្រុមបាតុករគាំទ្រ បានប្រកាសប្តេជ្ញាការពារប្រជាធិបតេយ្យ គេចផុតពីការប៉ុនប៉ងបង្កអសន្តិសុខសង្គមរបស់ក្រុមប្រឆាំង។

មានប្រសាសន៍ទៅកាន់ក្រុមអ្នកគាំទ្រ ប្រធានាធិបតីម៉ាឌូរ៉ូ បញ្ជាក់ថា «សន្តិភាពបានទទួលជ័យជំនៈ» ហើយលោកបានអបអរសាទរដល់ពលរដ្ឋដែលខិតខំរក្សាសន្តិភាពនៅក្នុងប្រទេស ។ លោក ម៉ាឌូរ៉ូបញ្ជាក់ទៀតថា លោកនឹងខិតខំអភិវឌ្ឍន៍ប្រទេសជាតិ ការពារសមិទ្ធផលបដិវត្តិន៍រយៈពេល១៧ឆ្នាំកន្លងមក ។

ក្រុមប្រឆាំងបានឡើងគម្រោង ធ្វើមហាបាតុកម្មជាទ្រង់ទ្រាយធំនៅថ្ងៃទី៧ ខែកញ្ញា ខាងមុខ នៅគ្រប់ខេត្តក្រុងធំៗ ។

ក្រុមប្រឆាំងចង់ដាក់គំនាបទៅលើរដ្ឋាភីបាលឲ្យធ្វើប្រជាមតិ  និងការបោះឆ្នោតមុនអាណត្តិ ដើម្បីរៀបចំ ប្រទេសជាតិឡើងវិញ ក្រោយប្រឈមនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ ៕ ម៉ែវ សាធី

 

 

venezuela-bt1-1472778413491-17-0-353-660-crop-1472778463857


ចែករំលែក៖