ភ្នំពេញ៖ នៅប្រមាណជាងមួយខែទៀតប៉ុណ្ណោះកូនស្រីដែលជាតំណក់ឈាមរួមគ្នារវាងភិន សុដាលីស និងប៉ែន ចំរ៉ុង នឹងបើកភ្នែកឃើញភន្លឺថ្ងៃ។ក្រោយលែងលះគ្នាជាផ្លូវការភិន សុដាលីសនៅតែប្រកាន់ ជំហមិនវិលក្រោយរកអតីតស្វាមី ហើយនាងនឹងដើរតួនាទីជាម្តាយផងជាឪពុកផងដោយមិនចង់ឲ្យកូនស្រីជួបមុខឪពុកគេឡើយ។
ក្រោយតុលាការប្រកាសសាលក្រមសម្រេចឲ្យ ប៉ែន ចំរ៉ុង និងភិន សុដាលីស លែងលះគ្នាជាផ្លូវការ ភីន សុដាលីសបន្ត រស់នៅតែម្នាក់ឯងនិងបន្តការងារនៅផលិតកម្មមហាហង្សក្នុងតំណែងជានាយកប្រតិបត្តិ ខណៈដែល ប៉ែន ចំរ៉ុង ត្រូវបានគេលើក ឡើងថា កំពុងតែភ្ជាប់ទំនាក់ទំនងជាមួយ អតីតសង្សាររស់នៅសហរដ្ឋអាមេរិកឡើង វិញ។ គ្រាជិតគ្រប់ខែនោះភិន សុដាលីស លើកឡើងថា នាងបានជ្រើសរើសមន្ទីរពេទ្យឯកជនមួយរួចមកហើយដើម្បីសម្រាលកូនស្រី ហើយនាងនឹងជ្រើសរើកការសម្រាលតាមបែបធម្មជាតិដោយមិនមានការវះកាត់។ នាងបន្តថា ក្រោយសម្រាលកូនស្រីនាង មិនតម្រូវឲ្យមានអតីតស្វាមីមកមើលថែ ឬមើលមុខកូនស្រីទេ។ នាងថា អតីតស្វាមីនាងអាចមើលមុខកូនតាមហ្វេសប៊ុកបាន គឺនាងនឹងបង្ហោះដោយមិនចាំបាច់មកជួបផ្ទាល់ឡើយ។ នាងបន្តថា ក្រោយសម្រាលនាងនឹងស្នាក់នៅផ្ទះជាមួយក្រុមគ្រួសារដើម្បីធានាថាការមើលថែកូនស្រីនាងកាន់តែ ដិតដល់។ សម្រាប់ថ្ងៃមុខគឺមិនទាន់ប្រាកដនៅឡើយទេថា តើឲ្យកូនស្រីនិងឪពុកគេ ជួបមុខគ្នាដែរឬយ៉ាងណា ប៉ុន្តែនាងនឹងដើរតួនាទីជាម្តាយដ៏ល្អសម្រាប់កូនស្រីនៅពេលដែលធំដឹងក្តីដោយមិនឲ្យគេខ្វះភាពកក់ក្តៅឡើយ។
ថ្មីនេះភិន សុដាលីស បានថតរូបទាំងមានផ្ទៃពោះនិងបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមជាសាធារណៈដោយទទួលបានការគាំទ្រនិងលើកទឹកចិត្តច្រើន។ ភិន សុដាលីស ប្រាប់ថា នាងភ្ញាក់ផ្អើលនឹងការឲ្យកម្លាំងចិត្តពីមហាជនដោយមិនមានអ្នករិះគន់ជេប្រមាថមកលើនាងនោះទេ ហើយវាគឺជាកម្លាំងចិត្តសម្រាប់នាងបន្តការខិតខំតស៊ូដើម្បីកូន និងខ្លួនឯងផងដែរ។
គួរបញ្ជាក់ដែរថាដំណឹងនៃការលែងលះគ្នារវាង ប៉ែន ចំរ៉ុង និង ភិន សុដាលីសត្រូវបានលេចធ្លាយឡើងចាប់តាំងពីអំឡុងខែមេសាមកម៉្លេះ ក្រោយពីអ្នកទាំងពីររួមរស់ជាមួយគ្នាក្រោមការចុះសំបុត្រអាពាហ៍ពិពាហ៍មិនដល់១ឆ្នាំផង។ ក្រោយធ្លាយ ដំណឹងដាក់ពាក្យប្តឹងលែងលះភរិយាដែលមានផ្ទៃពោះជិត៤ខែ មានមតិរិះគន់ជាច្រើនបាក់ស្រោចមកលើលោក ប៉ែន ចំរ៉ុង ថាជាបុរសដែលមិនមានទំនួលខុសត្រូវចំពោះប្រពន្ធកូន ផ្ទុយពីពាក្យដែលលោកសន្យាតាមកញ្ចក់ទូរទស្សនមុខមហាជនថា”បើទោះបីជាបងមិនមានមុខជំនួញមិនមាន ទ្រព្យច្រើនដូចគេ ប៉ុន្តែបងសន្យាននឹងធ្វើ ឲ្យអូនសើចច្រើនជាងយំ”៕ វឌ្ឍនា