ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបជាមួយរដ្ឋមន្រ្តីការបរទេស Canada

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២ ខែកញ្ញា  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ លោក Stephane Dion រដ្ឋមន្ត្រីការបរទេសកាណាដា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។

លោក Stephane Dion បានគោរពជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រីថា កាណាដាយកចិត្តទុកដាក់យ៉ាងខ្លាំងជាមួយកម្ពុជាក្នុងនាមជាប្រទេសដៃគូដែលត្រូវតែរិតបន្តឹងមិត្តភាព និងសហប្រតិបត្តិការល្អជាមួយគ្នាអោយបានរឹងមាំ។ កាណាដាពេញចិត្តសហការជាមួយកម្ពុជាអំពីបញ្ហាការប្រែប្រួលអាកាសធាតុដែលប្រទេសនេះបានត្រៀមលុយជាង២៦០០ លានដុល្លារ ដើម្បីជួយដល់ប្រទេសក្រីក្រដែលរងការប៉ះពាល់ដោយសារបញ្ហាបម្រែបម្រួលអាកាសធាតុ។ ទន្ទឹមនឹងនោះដែរ លោក Stephane បានជំរាបជូន សម្តេចតេជោ អំពីក្រុមហ៊ុនកាណាដាមួយចំនួនដែលកំពុងវិនិយោគនៅកម្ពុជា រួមទាំងធនាគារហិរញ្ញវត្ថុ និងសេវាកម្មធានារ៉ាប់រងជាដើមដែលកំពុងពង្រីកការវិនិយោគនៅក្នុងប្រទេស។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ លោក Stephane Dion ជាពិសេស រដ្ឋាភិបាល និងប្រជាជនកាណាដា ដែលកន្លងមកបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបញ្ចប់សង្រ្គាម ស្វែងរកសន្តិភាព និងអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះដែរ សម្តេចតេជោ បានមានប្រសាសន៍ជម្រាបជូនលោក Stephane អំពីគ្រោះធម្មជាតិដែលបានកើតនៅកម្ពុជាដូចជា គ្រោះរាំងស្ងួត ខ្យល់កន្ត្រាក់ ទឹកជំនន់ និងរន្ទះបាញ់ ដែលបានធ្វើឱ្យមានការប៉ះពាល់ដល់កម្ពុជាក្នុងឆ្នាំនេះ ដែលមិនធ្លាប់កើតមានមកពីមុនមកសោះ។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ឋសាស្រ្តចែកចាយនិងផ្គត់ផ្គង់ទឹក ស្តារ និងជីកស្រះ និងអណ្តូងជាច្រើននៅទូទាំងប្រទេសជូនប្រជាពលរដ្ឋអស់រយៈពេល៦០ថ្ងៃកន្លងមកនេះ។ នេះគឺដោយសារបញ្ហាបម្រែបម្រួលធាតុអាកាសដែលជាកង្វល់រួមរបស់ពិភពលោក។ សម្តេចតេជោ បានស្នើឱ្យកាណាដាជួយដល់កម្ពុជាលើបញ្ហានេះផងដែរ និងបានស្នើសុំឱ្យបណ្តាប្រទេសអភិវឌ្ឍន៍ទាំងឡាយមានការទទួលខុសត្រូវកាន់តែខ្ពស់ឡើងថែមទៀត ពីព្រោះប្រទេសមួយចំនួនទាំងនោះបានប្រើប្រាស់ធនធានធម្មជាតិជាច្រើនដើម្បីអភិវឌ្ឍន៍ប្រទេសរបស់ខ្លួនដែលបង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការប្រែប្រួលអាកាសធាតុនៅជុំវិញពិភពលោក។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានស្នើប្រទេសកាណាដា ជួយដល់មជ្ឈមណ្ឌលមីនអាស៊ាននៅកម្ពុជា និងស្នើសុំបន្តការពិភាក្សាជាមួយក្រសួងការបរទេសកម្ពុជា ដើម្បីរិតបន្តឹងនូវចំណងមិត្តភាព និងសហប្រតិបត្តិការជាមួយគ្នាអោយកាន់តែល្អរឹងមាំ រួមទាំងនៅក្នុងកម្រិតតំបន់ និងពិភពលោក ដែលនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជាតិនៃប្រទេសយើងទាំងពីរ៕

6 4 2 1 67
សូមអានបន្ត ៖ អាមេរិកបង្កើនការដាក់ទណ្ឌកម្មរុស្ស៊ីដោយសារវិបត្តិអ៊ុយក្រែន


ចែករំលែក៖